អនុវត្តគន្លឹះ ៦ នេះ នៅពេលអ្នកបានជួបមនុស្សមិនចូលចិត្តអ្នក
នៅពេលនរណាម្នាក់មិនចូលចិត្តអ្នក តើអ្នកមានអារម្មណ៍បែបណា? មិនសប្បាយចិត្តមែនទេ? មានពេលខ្លះអ្នកខំធ្វើទង្វើល្អៗជាច្រើនដើម្បីចង់ឲ្យមនុស្សទាំងនោះយល់ច្បាស់ពីអ្នកឲ្យបានកាន់តែ ច្រើន។
ប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជាអ្នកទាំងនោះនៅតែមិនចូលចិត្តអ្នកដដែល។ ប្រសិនបើអ្នកកំពុងជួបស្ថានភាពបែបនេះមែននោះ អ្នកគួរបញ្ឈប់វាឥឡូវនេះភ្លាមទៅ ហើយសាកល្បងមកប្រើវិធីសាស្រ្ត៦ ចំណុចខាងក្រោមនេះវិញម្តងថា តើវាមានប្រសិទ្ធភាពកម្រិតណា?
១.ទទួលស្គាល់ថា គ្មាននរណាម្នាក់ត្រូវបានស្រលាញ់ពីមនុស្សគ្រប់គ្នានោះទេ
អ្នកក៏ដឹងរួចទៅហើយថា អ្នកមិនមែនសុទ្ធតែចូលចិត្តមនុស្សគ្រប់គ្នានោះទេ។ អ្នកក៏ដូចគ្នាដែរ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែចូលចិត្តអ្នកដែរ។ ដូចនេះហើយការមិនចូលចិត្តអ្នកដទៃ មិនមែនមានន័យថា អ្នកអាក្រក់នោះទេ ហើយការដែលអ្នកដទៃមិនចូលចិត្តអ្នកមិនមែនមានន័យថា អ្នកមិនល្អនោះដែរ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺត្រូវគោរពសិទ្ធិរបស់អ្នកនោះដូចអ្វីដែលអ្នកចង់ឲ្យអ្នកនោះគោរពសិទ្ធិរបស់អ្នកដែរ។
២.មិនយកសម្ដីមនុស្សបែបនេះមកគិតក្នុងចិត្ត
ការបន្តទំនាក់ទំនងជាមួយអ្នកណាម្នាក់ដែលមិនចូលចិត្តអ្នក នឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់អារម្មណ៍របស់អ្នក។ ប៉ុន្តែជារឿងល្អដែលអ្នកមិនគួរចាប់អារម្មណ៍ពាក្យសម្ដី ឬគួរអនុញ្ញាតឲ្យមនុស្សប្រភេទនេះចាកចេញពីអ្នក។ នោះមិនមែនមានន័យថា អ្នកមិនអើពើ ឬមិនយកចិត្តទុកដាក់ទៅនឹងមនុស្សបែបនេះនោះឡើយ។ សូមចាំថា មានតែអ្នកប៉ុណ្ណោះដែលជាអ្នកគ្រប់គ្រងលើអារម្មណ៍របស់អ្នក ហេតុដូច្នេះហើយកុំអនុញ្ញាតឲ្យមនុស្សអវិជ្ជមានមានឥទ្ធិពលដល់ផ្លូវអារម្មណ៍របស់អ្នក។
៣.បង្ហាញភាពគួរសមតែម៉ឺងម៉ាត់
ការគោរពបង្ហាញភាពគួរសមចំពោះមនុស្សដែលមិនចូលចិត្តអ្នក គឺជាគន្លឹះដ៏មានប្រសិទ្ធភាពមួយធ្វើឲ្យអ្នកនៅមានអារម្មណ៍ឯករាជ្យ។ នេះមិនមែនមានន័យថា អ្នកយល់ស្របរាល់គំនិត រណប និងទស្សនៈរបស់មនុស្សបែបនេះឡើយ។ វាគ្រាន់តែជាស្ថានភាពមួយដែលអ្នកធ្វើដើម្បីបង្ហាញភាពមានសុជីវធម៌ល្អរបស់អ្នក ខណៈដែលភាពម៉ឺងម៉ាត់ និងម៉ត់ចត់ជាអ្វីដែលអ្នកត្រូវធ្វើជាមួយគ្នានោះ។ អ្វីដែលជាវត្ថុបំណងសំខាន់របស់អ្នកនៅចំណុចនេះគឺចង់បង្ហាញថា អ្នកមានចេតនាផ្ដោតទៅលើដំណោះស្រាយបញ្ហាដែលចាំបាច់កែតម្រូវ ជាជាងចាប់កំហុស ឬវាយប្រហារលើអត្តចរិតផ្ទាល់ខ្លួនរបស់បុគ្គលនោះ។
៤.ប្រើភាពអត់ធ្មត់
វាជារឿងមួយងាយស្រួលដើម្បីបង្ហាញអារម្មណ៍មិនពេញចិត្តរបស់អ្នកនៅពេលមនុស្សដែលមិនចូលចិត្តអ្នកបានបង្ហាញទង្វើឆ្គាំឆ្គងមករកអ្នក។ ប៉ុន្តែប្រសិនបើអ្នកតបតមនុស្សបែបនេះទាំងកម្រោល អ្នកនឹងបាត់បង់ភាពជាអ្នកមានវិជ្ជាជីវៈ ហើយក៏ជាអ្នកដែលចូលរួមចាក់សាំងបន្ថែមលើភ្លើងដែលមានស្រាប់ទៀតផង។ អ្វីដែលជាដំណោះស្រាយគឺគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបាន ធ្វើចិត្តឲ្យត្រជាក់ មានភាពអត់ធ្មត់ និងឆ្លើយតបដោយភាពគួរសមបែបភាសាការទូត ហើយផ្តោតលើបញ្ហាជាធំ ជាជាងផ្ដោតលើអត្តចរិតបុគ្គល។
៥.កំណត់ព្រំដែនទំនាក់ទំនង
ជាធម្មតាទេ នៅពេលអ្នកណាមិនចូលចិត្តអ្នក អ្នកអាចកំណត់ព្រំដែនទំនាក់ទំនងរវាងអ្នក និងបុគ្គលនោះបាន។ អ្នកអាចសម្រេចចិត្តថា តើអ្នកគួរទំនាក់ទំនងបុគ្គលនោះក្នុងកម្រិតណា? នៅពេលណា? នៅកន្លែងណា? ដោយរបៀបណា? នេះជាការបើកផ្លូវមួយឲ្យខ្លួនឯងមានសេរីភាព និងឯករាជ្យភាពគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលអ្នកយល់ថា វត្តមានរបស់បុគ្គលនោះនៅក្នុងស្ថានភាពណាមួយនឹងធ្វើឲ្យប៉ះពាល់ដល់អ្នក។
៦.រាប់អានមនុស្សដែលមានគំនិតដូចអ្នក
ជាជាងផ្ដោតលើការចង់យកឈ្នះលើមនុស្សដែលមិនចូលចិត្តអ្នក អ្នកគួរតែបង្កើតទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយមនុស្សដែលចូលចិត្ត ឬមានទស្សនៈប្រហាក់ប្រហែលអ្នកឲ្យបានច្រើន។ រាល់ទំនាក់ទំនងទាំងឡាយណាដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត អ្នកគួរតែបណ្តោយវាឲ្យចេញទៅ។ អ្នកមិនមានពេលច្រើនដើម្បីកំដរមនុស្សដែលមិនចូលចិត្តអ្នកច្រើនទេ។ អ្នកត្រូវការមនុស្សដែលជួយគាំទ្រ លើកទឹកចិត្ត និងឲ្យតម្លៃលើអ្វីដែលអ្នកមានទើបវាជាអ្វីដែលធ្វើឲ្យអ្នករីកចម្រើនទៅមុខបាន៕
ប្រភព៖ Entrepreneur