បញ្ហា​ផ្លូវច្បាប់​សំខាន់ៗ​ចំនួន ៥ ដែល​សហគ្រិន​ថ្មីថ្មោង​ត្រូវ​ដឹង​ទុក​​ជាមុន​



ការ​បើក​មុខ​ជំនួញ​រកស៊ី​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​ល្អ​​​​សម្រាប់​​ភាព​ជោគជ័យ​នៅ​រយៈពេល​យូរ​អង្វែង​ខាងមុខ​ជា​ពិសេស​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​ដែល​ជា​បំណង​ប្រាថ្នា​មួយ​ក្នុង​ចំណោម​បំណង​ប្រាថ្នា​ផ្សេង​ទៀត​​របស់​​សហគ្រិន។ សហគ្រិន​ថ្មីថ្មោង​ជា​ទូទៅ​នៅ​​ពេល​សម្រេច​ចិត្ត​បើក​មុខ​ជំនួញ​ណាមួយ​រួច​ហើយ​នោះ​ ពួកគេ​ច្បាស់​ជា​​យល់​ថា ​គំនិត យុទ្ធសាស្ត្រ ដើមទុន គម្រោង​អាជីវកម្ម និង​មហិច្ឆតា​របស់​ខ្លួន​​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​ដើរ​ទៅ​មុខ​ដោយ​រលូន។ ​​​​

យ៉ាងណាមិញ បើ​ទោះបី​ទាំង​អស់​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​ធ្វើ​អាជីវកម្ម ពួកគេ​ប្រហែល​ជា​ភ្លេច​ថា អាជីវកម្ម​​របស់​ខ្លួន​នឹង​ជួប​ហានិភ័យ​អ្វី​ខ្លះ​។ មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ​​ដែល​ជា​ទូទៅ​សហគ្រិន​ត្រូវ​ជួប​ជៀសវាង​មិន​រួច​ គឺ​បញ្ហា​ផ្នែក​ច្បាប់។ បញ្ហា​ផ្នែក​ច្បាប់​នេះ​វា​ពាក់ព័ន្ធ​ជា​ចាំបាច់​តាំង​ពី​ការ​ចាប់​ផ្តើម រហូត​ដល់​អាជីវកម្ម​ត្រូវ​បាន​​បិទ​ទៅ​វិញ។ ហេតុដូច្នេះ​ហើយ វា​ជា​រឿង​សំខាន់​ណាស់​ដែល​សហគ្រិន​ថ្មីថ្មោង​ត្រូវ​ស្វែង​យល់​ពី​បញ្ហា​ផ្នែក​ច្បាប់​ខាងក្រោម​នេះ​​ដែល​នឹង​កើត​មាន​​ឡើង​នៅ​ពេល​ធ្វើ​អាជីវកម្ម។ ​​

១.​រចនាសម្ព័ន្ធ​អាជីវកម្ម​ / អាជ្ញាប័ណ្ណ មាន​កត្តា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​រចនាសម្ព័ន្ធ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​​មួយ​ដូចជា​ប្រភេទ​អាជីវកម្ម​ ការ​ចំណាយ​ទាក់ទង​នឹង​ការ​បង្កើត​ប្រភេទ​ក្រុមហ៊ុន​ជាក់លាក់​មួយ​ ក៏ដូចជា​​ការ​បង់​ពន្ធ​ផង​ដែរ។ នៅ​ប្រទេស​កម្ពុជា ប្រសិន​បើ​សហគ្រិន​ថ្មីថ្មោង​ចង់​​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​រចនាសម្ព័ន្ធ​​ត្រឹមត្រូវ​​​​ស្រប​តាមច្បាប់ គឺ​ត្រូវ​ទៅ​មើល​​ច្បាប់​​ (នីតិវិធី​ ពាណិជ្ជកម្ម) ឬ​​ត្រូវ​ទៅ​ចុះបញ្ជី​​នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ច្បាប់​នេះ​បាន​កំណត់​ពី​ប្រភេទ​អាជីវកម្ម​ដែល​អ្នក​ត្រូវ​ជ្រើសរើស និង​នីតិវិធី​ដែល​អ្នក​ត្រូវ​បង្កើត​អាជីវកម្ម​មួយ​ដែល​អនុលោម​ទៅ​តាម​ច្បាប់។ នេះ​មិន​គ្រប់គ្រាន់​ទេ អ្នក​ត្រូវ​​ស្វែង​យល់​ពី​បញ្ហា​ពន្ធដារ ការ​ជួល​បុគ្គលិក និង​ការ​សុំ​អាជ្ញាប័ណ្ណ​ជា​ដើម​ ដែល​សុទ្ធសឹងតែ​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់ និង​ស្ថាប័ន​ពាក់ព័ន្ធ​​​ដើម្បី​ទទួល​ស្គាល់​​អាជីវកម្ម​របស់​អ្នក​ជា​ផ្លូវការ​។

២.កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ វា​​ពិត​ជា​រឿង​មួយ​​ចាំបាច់​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ដើម្បី​​បង្កើត​កិច្ចព្រមព្រៀង​នានា​​ស្តី​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ភាគី​ដែល​បាន​ចូលរួម​ក្នុង​​កិច្ច​ដំណើរការ​​​អាជីវកម្ម​ជា​​លាយលក្ខណ៍អក្សរ។​ ការ​រៀបចំ​ជា​ទូទៅ​ដែល​អ្នក​ត្រូវ​មាន​​រួមមាន​ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ កិច្ចព្រមព្រៀង​រវាង​ម្ចាស់​ភាគហ៊ុន​ និង​កិច្ចសន្យា​​ការងារ​​ជា​ដើម​​ទាំងអស់​នេះ​គួរ​សរសេរ​បញ្ចូល​​នូវ​​ខសន្យា​ដែល​មិន​​​​មាន​​លក្ខណៈ​​ប្រកួតប្រជែង​​ខ្លាំង​ដើម្បី​ការពារ​​​​ការ​បែកធ្លាយ​ទៅ​គូប្រជែង​នូវ​ទិន្នន័យ​ព័ត៌មាន ​កិច្ចការ​សម្ងាត់​ផ្សេងៗ​នៅ​ក្នុង​អាជីវកម្ម​ និង​ការ​ពារ​ជម្លោះ​​នៅ​ពេល​ពួកគេ​ឈប់​រកស៊ី​ជាមួយ ឬ​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​អ្នក។ សូម​ចាំ​ថា រាល់​​ការ​ព្រមព្រៀង​​ដែល​បង្កើត​ឡើង​នៅ​ក្នុង​កិច្ចការ​ជំនួញ​របស់​អ្នក​ទោះ​តូច​ក្តី​ធំ​ក្តី អ្នក​​គួរតែ​​ធ្វើ​កិច្ច​សន្យា​ជា​លាយលក្ខណ៍អក្សរ ហើយ​ចែង​ការពារ​សិទ្ធិ​អាជីវកម្ម​របស់​អ្នក​​​នៅ​ក្នុង​កិច្ចសន្យា​នោះ​ដោយ​ការ​រក្សា​ការ​សម្ងាត់​ទើប​ជា​ការ​ល្អ​បំផុត។ ​​​

៣.​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ ការ​ចាប់ផ្ដើម​អាជីវកម្ម​​ដែល​ផ្ដោត​សំខាន់​លើ​ផលិតផល​​ឬ សេវាកម្ម​ដែល​បង្កើត​ឡើង​ថ្មី ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​គំនិត​ថ្មីៗ​ទៅ​​កាន់​ទីផ្សារ អ្នក​គួរតែ​ចុះបញ្ជី​​​កម្មសិទ្ធិ​បញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ​​​ដែល​មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​ស្ថាប័ន​ដូចជា​ប័ណ្ណ​ប៉ាតង់​ (Patents) ​ពាណិជ្ជសញ្ញា (Trademark)​ និង​សិទ្ធិ​អ្នកនិពន្ធ​​ជា​ដើម​ (Copyrights)។ ការ​ចុះ​កម្មសិទ្ធិបញ្ញា ឬ​សិទ្ធិ​ហាម​​ចម្លង​​បន្ត​នេះ ផ្តល់​​ឲ្យ​​អ្នក​ដែល​ជា​ម្ចាស់​អាជីវកម្ម​​ទទួល​បាន​សិទ្ធ​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​ស្នាដៃ​ដើម​របស់​​អ្នក​ពី​​​​ការ​រំលោភបំពាន​នានា​ដែល​បង្ក​ឡើង​ដោយ​​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។

៤.ច្បាប់​ការងារ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ អ្នក​ត្រូវ​យល់​ដឹង​ផង​ដែរ​ពី​ច្បាប់​ការងារ។ ជា​ទូទៅ​​​នៅ​ពេល​អ្នក​ត្រូវ​ការ​ជួល​បុគ្គលិក​មក​ធ្វើ​ការ​ឲ្យ​អ្នក ក្រសួង​សាមី​ដែល​ទទួល​បន្ទុល​បញ្ហា​នេះ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ស្ថាប័ន​នេះ​​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ឲ្យ​ប្រាកដ​ថា នីតិវិធី​នៃ​ការ​ជួល​ និង​ការ​បំពេញ​ការងារ​បុគ្គលិក​​របស់​អ្នក​មក​ធ្វើ​ការ។ល។ ​បាន​អនុវត្ត​​អនុលោម​ទៅ​តាម​ច្បាប់​ដែរ​ឬ​អត់?

៥.ទំនួល​ខុសត្រូវ​ពេល​មាន​ជម្លោះ​ផ្លូវច្បាប់​​ សូម​កុំ​គិត​ថា អាជីវកម្ម​របស់​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​គ្មាន​ការ​ប្តឹងផ្តល់ ឬ​ហានិភ័យ​ផ្នែក​ច្បាប់​ណា​មួយ​កើត​ឡើង។ ការ​ប្តឹងផ្តល់​នេះ​អាច​កើត​មាន​ឡើង​ចេញ​ពី​អតិថិជន ដៃគូ​ភាគហ៊ុន បុគ្គលិក ឬ ​ប្រជាពលរដ្ឋ​ដែល​​​រស់នៅ​ជិត​ទីតាំង​អាជីវកម្ម​របស់​អ្នក​ ហើយ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​អាជីវកម្ម​របស់​អ្នក​ដូច​ជា គ្រោះថ្នាក់​ការងារ ចោរកម្ម អគ្គីភ័យ ​និង​ទំនាស់​ផលប្រយោជន៍​​ជា​ដើម​។ ជា​ប្រការ​ល្អ អ្នក​ត្រូវ​មាន​យន្តការ​ទុក​ជា​មុន​ថា នៅ​ពេល​មាន​ជម្លោះ​ ឬ​ការ​ប្តឹងផ្តល់​ណា​មួយ​កើត​មាន​ឡើង តើ​អ្នក​ត្រូវ​ដោះស្រាយ​វា​ដោយ​របៀបណា? អ្នក​​គួរ​ថ្លឹងថ្លែង​ថា អ្នក​គួរ​មាន​មេធាវី​ប្រចាំ​ក្រុមហ៊ុន​ឬ​អត់? ឬ​ត្រូវ​ទិញ​ប័ណ្ណ​ធានារ៉ាប់រង​ផ្សេងៗ​ទៀត?

ប្រភព៖ Business

X
5s