ឧត្តមគតិទាំង ៣ ដែលជួយដឹកនាំផ្លូវអ្នកឲ្យក្លាយជាសហគ្រិនជោគជ័យពិតប្រាកដក្នុងសង្គម
ជាការពិតណាស់ដែលសេដ្ឋកិច្ចបច្ចុប្បន្នកំពុងត្រូវការសហគ្រិនជាច្រើនរូបដើម្បីជម្រុញសេដ្ឋកិច្ចទៅរកវឌ្ឍនភាពនិងពាំនាំមកនូវភាពល្អប្រសើរក្នុងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនៅក្នុងសង្គម។ ប៉ុន្តែការរីកចម្រើននៃសេដ្ឋកិច្ចនោះកើតមានឡើងដោយសារតែលទ្ធផលជោគជ័យនិងអត្ថប្រយោជន៍របស់សហគ្រិនទាំងអស់នោះដែលបានផ្ដល់អោយសង្គម។ ដូច្នេះនេះមានន័យថាមិនមែនសុទ្ធតែសហគ្រិនគ្រប់រូបដែលបានសាងប្រាក់ចំណូលសុទ្ធតែបានដឹកនាំសេដ្ឋកិច្ចទៅរកភាពលូតលាស់ទេ បើសិនជាជាលទ្ធផលរបស់ពួកគេមានឥទ្ធិពលអវិជ្ជមានដល់សង្គម។
ជាក់ស្ដែងមានសហគ្រិនមួយចំនួនមិនដែលយល់ច្បាស់ថាអាជីវកម្មនិងមុខជំនួញរបស់ខ្លួនបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចនិងសង្គម។ សហគ្រិនដែលមានភាពជោគជ័យពិតប្រាកដគឺជាសហគ្រិនដែលក្រៅពីសាងប្រាក់ចំណូលគឺបានពាំនាំមកនូវគុណសម្បត្តិជាច្រើនដល់សេដ្ឋកិច្ចរួមទាំងសង្គមផងដែរ។ ហេតុនេះហើយបានជាមានសហគ្រិនមួយចំនួនមានឧត្តមគតិយ៉ាងល្អប្រពៃដោយមិនយកលុយជាធំក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។ ពួកគេធ្វើអ្វីៗគឺដើម្បីជាប្រយោជន៍រួមព្រោះថាពួកគេសុទ្ធតែមានចក្ខុវិស័យវែងឆ្ងាយដែលចង់ផ្លាស់ប្ដូរពិភពលោកទៅជាកន្លែងដែលល្អប្រសើរជាងមុន។ ខាងក្រោមនេះគឺជាឧត្តមគតិមាសទាំង ៣ ដែលជួយដឹកនាំផ្លូវអ្នកឲ្យក្លាយជាសហគ្រិនជោគជ័យពិតប្រាកដក្នុងសង្គម៖
១. អ្វីៗ ដែលអ្នកធ្វើគឺមិនមែនសម្រាប់តែខ្លួនឯងទេ ការចាប់បើកអាជីវកម្មណាមួយគឺសុទ្ធតែជាសិទ្ធនិងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ប៉ុន្តែលទ្ធផលនិងភាពជោគជ័យដែលទទួលបានគឺមិនមែនតែអ្នកម្នាក់គត់ដែលទទួលបាននោះទេ គឺអ្នកដទៃក៍ទទួលបានគុណតម្លៃនោះផងដែរ។ គោលដៅដែលធំជាងគេបង្អស់ក្នុងការធ្វើអាជីវកម្មគឺការបង្កើតគុណតម្លៃលក្ខណៈជាធំសម្រាប់ខ្លួនឯង បុគ្គលផ្សេងៗនិងសង្គមទាំងមូលផងដែរ។ គុណតម្លៃដែលអ្នកទទួលបានគឺកើតមានឡើងតាមរយៈពីការវាយតម្លៃរបស់អ្នកដទៃ។ ដូច្នេះក្នុងការផ្ដល់សេវាកម្មនិងផលិតផលណាមួយដល់អតិថិជនរបស់អ្នកគឺអ្នកត្រូវតែយល់ពីតម្រូវការនិងគុណតម្លៃដែលអតិថិជនរបស់អ្នកទាមទារ។ ក្នុងលក្ខខណ្ឌដែលអ្នកមិនអាចផ្ដល់នូវអ្វីដែលអតិថិជនរបស់អ្នកទាមទាបានភ្លាមៗនោះ គឺអ្នកមិនត្រូវធ្វើបាបខ្លួនឯងក្នុងការព្យាយាមស្វះស្វែងរកចំណុចទាំងនោះដើម្បីផ្គត់ចិត្តរបស់អតិថិជនរបស់អ្នកទេ។ ផ្ទុយទៅវិញ ក្នុងស្ថានភាពបែបនេះគឺអ្នកត្រូវចំណាយពេលព្យាយាមសិក្សានិងស្វែងយល់ថាអាជីវកម្មរបស់អ្នកខ្វះខាតចំណុចណាខ្លះហើយអ្នកត្រូវអភិវឌ្ឍសេវាកម្មនិងផលិតផលរបស់អ្នកយ៉ាងណាខ្លះចាប់ពីពេលនេះតទៅដើម្បីឲ្យក្នុងពេលខាងមុខនឹងអាចផ្ដល់នូវគុណតម្លៃនោះដល់អតិថិជនរបស់អ្នក។
២. កុំព្យាយាមធ្វើអ្វីៗ តាមការទាមទារបស់អ្នកផ្សេង មនុស្សគ្រប់រូបសុទ្ធតែមានរស់និយមខុសៗ គ្នាហើយតែងតែមានការចង់បានអ្វីៗមិនចេះចប់មិនចេះឈប់ឈរ។ ដូចនេះបើសិនជាអ្នកព្យាយាមបំពេញតម្រូវការរបស់អតិថិជនម្នាក់ដោយផ្ដល់នូវផលិតផលនិងសេវាកម្មដែលអតិថិជននោះចង់បានគឺគង់តែមានអតិថិជនផ្សេងទៀតដែលនឹងមានការទើសទាល់នឹងចំណុចទាំងអស់នោះមិនខានហើយនឹងទាមទាគុណតម្លៃផ្សេងឬល្អលើសពីនោះ។ និយាយរួម ក្នុងការដែលអ្នកមិនអាចបំពេញចំណង់ចំណូលចិត្តរបស់ពួកគេបានគ្រប់គ្នាគឺមិនមែនជាកំហុសរបស់អ្នកទេ។ នោះជាបញ្ហារបស់ពួកគេព្រោះថាទោះជាអ្នកព្យាយាមបំពេញចិត្តរបស់អ្នកទាំងនោះប៉ុណ្ណាក៍ដោយក៍អ្នកទាំងនោះនៅតែមានភាពទើសទាល់ដែរ។ ដូច្នេះក្នុងនាមជាសហគ្រិនគឺអ្នកត្រូវស្វែងយល់ថាតើមានមធ្យោបាយណាដែលអ្នកអាចដោះស្រាយបញ្ហាមួយនេះបាន។ ផ្លូវដែលល្អបំផុតគឺធ្វើការច្នៃប្រឌិតក្នុងការបង្កើតគុណតម្លៃដែលទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅក្នុងសង្គម។ តួរយ៉ាងអ្នកអាចធ្វើការបង្កើតអ្វីៗដែលថ្មី ឬធ្វើការផ្ដល់នូវអ្វីមួយដែលធ្លាប់មានពីមុនមកហើយតែមានលក្ខណៈសម្បត្តិប្លែកខុសពីមុន។ ការធ្វើបែបនេះនឹងធ្វើអោយអតិថិជនរបស់អ្នកគាំទ្រពីភាពឆ្នៃប្រឌិតរបស់អាជីវកម្មរបស់អ្នក។
៣. អ្វីៗ ដែលអ្នកធ្វើគឺមិនមែនព្រោះតែការប្រកួតប្រជែងទេ សហគ្រិនមួយចំនួនធំតែងតែគិតថាការធ្វើអាជីវកម្មអោបានជោគជ័យត្រូវតែព្យាយាមប្រយុទ្ធយកឈ្នះដៃគូអាជីវកម្ម។ ប៉ុន្តែនេះមិនមែនជាគោលដៅទីមួយក្នុងការធ្វើអាជីវកម្មនោះទេ។ គោលដៅដំបូងគេបង្អស់ជាការផ្ដល់នូវសេវាកម្មនិងផលិតផលជាក់លាក់ដល់អតិថិជនក្នុងទីផ្សារដោយត្រូវយល់ដឹងថាអាជីវកម្មរបស់អ្នកឈរនៅក្នុងផ្នែកណាមួយក្នុងទីផ្សារដោយផ្ដល់សេវាកម្មនិងផលិតផលដូចម្ដេចក្នុងទីផ្សារនោះ។ ដោយមានគោលជំហរច្បាស់លាស់ក្នុងទីផ្សារគឺអាចអោយអិតថិជនរបស់អ្នកវែកញ៉ែកអាជីវកម្មរបស់អ្នកពីអាជីវកម្មផ្សេងទៀតដែលធ្វើអោយពួកគេអាចយល់ដឹងថាអាជីវកម្មអ្នកអាចផ្ដល់គុណតម្លៃដល់ពួកគេខុសប្លែកពីអាជីវកម្មផ្សេងទៀតដូចម្ដេច។ ពេលដែលអាជីវកម្មរបស់អ្នកសម្រេចបានដំណាក់កាលនេះហើយគឺអ្នកនឹងអាចយល់យ៉ាងច្បាស់ថាអាជីវកម្មរបស់អ្នកនឹងផ្ដល់គុណតម្លៃខុសប្លែកពីដៃគូប្រកួតប្រជជែងរបស់អ្នកយ៉ាងណាខ្លះហើយភាពខុសប្លែកនោះអាចជួយអោយអាជីវកម្មរបស់អ្នកមានភាពលេចធ្លោជាងគូប្រកួតប្រជែងរបស់អ្នកយ៉ាងដូចម្ដេច។
ដោយ៖ នឿន វណ្ណៈ