នាយិកាក្រុមហ៊ុន​ថែ​ទាំ​សុខ​ភាព​ចល័ត ​ម៉ាច់៖ ​យុវជន​គួរ​តែ​កុំ​អន្ទះសា​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្មខ្លាំង​ពេក​



ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ ឬ​ក្លាយ​ជា​សហគ្រិន​ម្នាក់​គឺ​ជា​ក្ដី​ស្រម៉ៃ​របស់​មនុស្ស​ភាគ​ច្រើន ជា​ពិសេស​ចំពោះ​យុវជន​ខ្មែរ​មួយ​ចំនួន​នាពេល​បច្ចុប្បន្ន​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ និង​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​ការ​ប្រឡូក​លើ​វិស័យ​នេះពិសេស​នៅ​ពេល​ដែល​ពួក​គាត់​មើល​ឃើញ​ពី​ភាព​ជោគជ័យ​ជា​ហូរហែ​របស់​សហគ្រិន។ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ នោះ​លោក​អ្នក​នឹង​ដឹង​ថាអាជីវកម្ម​មិន​មែន​ជា​រឿង​ងាយ​ស្រួល ហើយ​​សហគ្រិន​ជោគជ័យក៏​​មិន​មែន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ​នោះ​ដែរ។

ជា​មួយ​គ្នា​​នេះ​ដែរ​លោក​ស្រី ឌី ផនភិរម្យ នាយិកា​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត​ម៉ាច់ (MUCHs) បាន​លើក​ឡើង​ថា បច្ចុប្បន្ន​លោក​ស្រី​មើល​ឃើញ​យុវជន​ខ្មែរ​យើង​ភាគ​ច្រើន​នៅ​ពេល​ដែល​ពួក​គាត់​រៀន​ចប់​មហាវិទ្យាល័យ​ភ្លាម​ពួកគាត់​ក៏​ចាប់​ផ្ដើម​បង្កើត​អាជីវកម្ម​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពួកគាត់​អន្ទះ​សា​ក្នុង​ការ​ចង់​មាន។ ប៉ុន្តែ​សម្រាប់​លោក​ស្រី​ក្នុង​នាម​ជា​សហគ្រិន​ដែល​មាន​បទពិសោធន៍​ធ្វើ​ការ​ឲ្យ​គេ​យូរ​ឆ្នាំ​ទើប​បើក​អាជីវកម្ម​ខ្លួន​ឯង​ លោក​ស្រី​ចង់​ឲ្យ​យុវជន​គួរ​តែ​កុំ​អន្ទះសា​លើ​ការចាប់​ផ្ដើម​អាជីវកម្ម​ខ្លាំង​ពេក។

សហគ្រិន​ស្រ្តី​ដែល​ប្រែ​ក្លាយ​អាជីវកម្ម​ដែល​មាន​ត្រឹម​បុគ្គលិក​២​នាក់​មក​ជា​ក្រុមហ៊ុន​មួយ​មាន​បុគ្គលិក​បម្រើ​ការ​ជាង​៣០​នាក់​រូប​នេះ​បាន​បន្ត​ថា យុវជន​គួរ​តែ​ចំណាយ​ពេល​រៀន​រក​ចំណេះ​ដឹង​ឲ្យ​បាន​ច្រើន​ជា​មុន​សិន ទោះ​បី​ជា​ពួកគាត់​រៀន​ធ្វើ​ការ​ងារ​នៅ​តាម​បណ្ដា​ស្ថាប័ន​នានា​គាត់​គួរ​តែ​រៀន​ធ្វើ​ជា​ម្ចាស់​ រៀន​យល់​ពី​លំនឹង​នៃ​សហគ្រិន​ភាព​ជា​មុន​សិន ដូច្នេះ​នៅ​ពេល​ដែល​គាត់​មាន​បទពិសោធន៍​គ្រប់​គ្រាន់​ហើយ​ ពួក​គាត់​នឹង​អាច​ចេញ​ទៅ​ចាប់​ផ្ដើម​អាជីវកម្ម​បាន​ដោយ​មិន​មាន​ភាព​តានតឹង។

លោក​ស្រី ភិរម្យ ប្រាប់​បន្ត​ថា នៅ​ពេល​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឬ​ស្ថាប័ន​នានា​យើង​ត្រូវ​តាំង​អាម្មណ៍​ខ្លួន​ឯង​ថា​ យើង​គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ឬ​ម្ចាស់​ស្ថាប័ន​នេះ នោះ​យើង​នឹង​អាច​ពង្រឹង​ខ្លួន​ឯង​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹក​នាំ។ ម្យ៉ាង​វិញ​ទៀត​វា​និង​ជួយ​ពង្រឹង​យើង​ឲ្យ​ដឹង​ថា បើ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​តើ​យើង​នឹង​ដោះ​ស្រាយ​វា​ដោយ​របៀប​ណា តើ​យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​វា​យ៉ាង​ដូចម្ដេច​បើ​នៅ​ក្នុង​ស្ថាន​ភាព​នេះ។

សហគ្រិន​ស្រ្តី​លោក​ស្រី ឌី ផនភិរម្យ៖ "មិន​មែន​គ្មាន​លុយ​ធ្វើ​អាជីវកម្ម​មិន​កើត​នោះ​ទេ សំខាន់​គឺ​មាន​ចំណេះ​សិន"៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s