គតិបណ្ឌិតល្អៗទាំង ៨ចំណុច ជាទុន នេះមុននឹងចាប់ផ្ដើមបើកអាជីវកម្មណាមួយ​



គ្មានអ្វីដែលអាចជួយអោយអ្នកត្រៀមខ្លួនបានពេញលក្ខណៈក្នុងការចាប់បើកអាជីវកម្មណាមួយនោះទេ។ ប៉ុន្តែអ្វីដែលអាចជួយអ្នកបាននោះគឺអ្នកត្រូវស្វះស្វែងរៀនពីគន្លឹះជោគជ័យពីការបើកអាជីវកម្មពីបុគ្គលដែលធ្លាប់បានដើរលើផ្លូវផ្សងព្រេងនេះ។ ហើយខាងក្រោមនេះគឺជាសម្រង់សម្ដីរបស់ម្ចាស់អាជីវកម្មនិងទីប្រឹក្សាដ៏ល្បីល្បាញរបស់ Oralces ទាំងប្រាំបីរូបដែលពួកគេបានបង្ហើបប្រាប់ពីគន្លឹះជោគជ័យដែលពួគគេប្រាថ្នាចង់ដឹងមុននឹងពួកគេបានបើកអាជីវកម្មរបស់ពួកគេ។

១. ត្រូវយល់ថាសហគ្រាសគឺប្រៀបបានដូចជាការរត់ម៉ារ៉ាតុង សម្រង់សម្ដីរបស់អ្នកស្រី Marla Beck ដែលជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bluemercury ។ មានសហគ្រិនជាច្រើនរូបដែលផ្ដោតលើគោលដៅក្នុងការចាប់យកជ័យជំនះលើអាជីវកម្មដោយចង់ប្រើរយៈពេលខ្លី។ ប៉ុន្តែផ្ទុយស្រឡះ ភាគច្រើនគម្រងបែបនឹងមិនមែនទទួលបានជោគជ័យផុយៗ នោះទេព្រោះថាការបើកអាជីវកម្មណាមួយគឺត្រូវការចំណាយពេលយ៉ាងយូរដើម្បីទទួលបានផលផ្លែផ្កាទាំងនោះ។ ម្យ៉ាងទៀតគម្រោងភាគច្រើនគឺមិនដែលជោគជ័យដូចការរំពឹងទុករបស់យើងឡើយព្រោះស្ថានភាពមិនប្រក្រតីអាចកើតឡើងគ្រប់ពេលដែលអាចជះឥទ្ធិពលដល់គម្រងរបស់យើងបាន។ ដូចនេះសហគ្រាសគឺប្រៀបបានដូចជាការរត់ម៉ារ៉ាតុងសន្សឹមៗ មិនមែនការរត់ក្នុងល្បឿនលឿនទៅដល់គោលដៅភ្លាមៗ នោះទេ។

២. ត្រូវដឹងឲ្យប្រាកដថាផលិតផលនិងសេវាកម្មរបស់អ្នកមានតម្រូវការក្នុងទីផ្សារ  សម្រង់សម្ដីរបស់លោក Matt Mead ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mead Technology Group និង EpekData និង BrandLync្ ។ សហគ្រាសត្រូវការប្រឹងប្រែងយ៉ាងមម៉ាញឹកហើយរួមទាំងត្រូវការសិក្សាស្វែងយល់ពីខ្លួនឯងផ្ទាល់ផងដែរ។ ក្នុងពេលមានស្ថានភាពយ៉ាប់យ៉ឺន គឺអាជីវកម្មរបស់អ្នកអាចស្ថិតក្នុងចំណុចគ្រោះថ្នាក់ដែលអាចនឹងជំរុញអ្នកឲ្យលោតហក់រកមធ្យោបាយណាមួយក្នុងការដោះស្រាយបញ្ហានោះ។ ក្នុងស្ថានភាពបែបនេះគឺអ្នកអាចជួបប្រទះការខ្វះខាតប្រាក់ដើមទុន ហើយចង់លើកទង់សបោះបង់ចោលអាជីវកម្មរបស់អ្នក។ ប៉ុន្តែត្រូវចាំថាក្នុងស្ថានភាពបែបនេះគឺការលក់ឬការផ្ដល់សេវាកម្មរបស់អ្នកដល់អតិថិជនមិនអាចជួយស្រោចស្រង់អាជីវកម្មរបស់អ្នកអោយងើបមុខឡើងវិញបានទាំងស្រុងនោះទេ បើផលិតផលរបស់អ្នកគ្មានទីផ្សារ។ មានក្រុមហ៊ុនជោគជ័យជាច្រើនដែលមានគោលគំនិតផ្ដោតលើការទទួលបានផលចំណេញជានិរន្ដរ៍ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួនក្នុងប្រការដែលមានស្ថានភាពមិនប្រក្រតីក្នុងសេដ្ឋកិច្ច។ ដូចនេះមុននឹងចាប់ផ្ដើមអាជីវកម្មណាមួយអ្នកត្រូវតែធ្វើការស្រាវជ្រាវទាក់ទិននឹងអាជីវកម្មរបស់អ្នកហើយត្រូវស្វែងយល់ថាផលិតផលឬសេវាកម្មរបស់អ្នកមានតម្រូវការក្នុងទីផ្សារឬទេ។ ជាទូទៅការលក់ទាំងអស់គឺត្រូវតែមានផលចំណេញយ៉ាងហោចណាស់ក៍អត្រាផលចំណេញជាង ៥០ ភាគរយដែរ។

៣. ត្រូវដឹងថាអ្នកមិនអាចទទួលបានផលជោគជ័យពេលដែលព្យាយាមលើកដំបូងឡើយ សម្រង់សម្ដីរបស់លោក Joshua Harris ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Agency Growth Secrets មិនត្រូវលង់ខ្លួនជាមួយនឹងការចំណាយពេលវេលាក្នុងការស្រាវជ្រាវទាក់ទិនជាមួយនឹងអាជីវកម្មរបស់អ្នកដោយមិនមានសកម្មភាពបោះជំហានណាមួយទេ ព្រោះថាភាពជោគជ័យក្នុងអាជីវកម្មអាចកើតមានឡើងបានលុះត្រាតែម្ចាស់អាជីវកម្មហ៊ានបោះជំហានភ្លាមៗ មិនបង្អង់យូរ។ នៅពេលដែលចាប់ផ្ដើមបើកអាជីវកម្មភ្លាមៗ ហើយទទួលបានលទ្ធផលបែបណាគឺអ្នកត្រូវធ្វើការវិភាគលើលទ្ធផលទាំងនោះភ្លាមហើយបើសិនជាត្រូវការកែលំអចំណុចណាមួយនៃអាជីវកម្មរបស់អ្នក គឺអ្នកគួរតែកែលំអភ្លាមៗក្នុងពេលនោះទៅ។ ដូចនេះគួរដឹងថាការដែលមិនទទួលបានជោគជ័យក្នុងពេលសាកល្បងជាលើកដំបូងឬលើកទីពីរឬក៍លើកទីបីគឺរឿងធម្មតា។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែមានរេផ្លិចក្នុងការកែលំអចំណុចអវិជ្ជមានដើម្បីទទួលបានការល្អប្រសើរក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកឲ្យមានដំណើរការដែលមានអំណោយផល។ ម្យ៉ាងទៀតត្រូវមានទំនុកចិត្តលើខ្លួនឯងព្រោះថាបើទទួលបានបរាជ័យណាមួយគឺអ្នកមិនត្រូវឲ្យភាពបរាជ័យនោះមកយាយីដល់ភាពតស៊ូរបស់អ្នកឡើយ។ ត្រូវយល់ថាការបរាជ័យជាមេរៀនដែលអ្នកអាចយកមកអភិវឌ្ឍខ្លួនឯងក្នុងការពង្រឹងខ្លួនឲ្យល្អប្រសើរជោគជ័យក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៤. ត្រូវមានការអត់ធ្មត់និងមានដើមទុនគ្រប់គ្រាន់ សម្រង់សម្ដីរបស់លោក Guy Sheetrit ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Over The Top SEO ។ បុគ្គលគ្រប់រូបដែលមានគំនិតចង់ចាប់បើកអាជីវកម្មណាមួយត្រូវយល់ដឹងពីស្ថានភាពពេលវាលានៃដំណើរការអាជីវកម្មរួមជាមួយនឹងតម្រូវការនៃដើមទុនអាជីវកម្មរបស់ខ្លួនដែលអាចឲ្យអាជីវកម្មដែលទើបនឹងផុសមុខឡើងអាចមានអាយុរស់បានយូរ។ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលមានអាជីវកម្មតូចៗមួយចំនួនបានសម្រេចចិត្តបិទទ្វាបន្ទាប់ពីលេចមុខមិនបានយូរប៉ុន្មានក្នុងទីផ្សារ។ អាជីវកម្មទាំងនោះគឺសុទ្ធតែជួបប្រទះបញ្ហាកង្វះដើមទុនដែលអាចជួយដល់ការស្រោចស្រង់អាជីវកម្មរបស់អ្នកពេលដែលមានស្ថានភាពអាក្រក់ណាមួយវាយលុកអាជីវកម្មរបស់អ្នក។ ដូចនេះពេលដែលអ្នកមានដើមទុនគ្រប់គ្រាន់គឺអាជីវកម្មរបស់អ្នកនឹងមិនងាយជួបប្រទះវាសនាបិទទ្វាចោលបែបនេះទេ។

៥. គួរយល់ដឹងពីគោលដៅអតិថិជនរបស់អ្នក សម្រង់សម្ដីរបស់ David Newman ដែលជាអ្នកនិពន្ធនិងពិធីការក្នុងកម្មពិធី The Speaking Show ​។ មានក្រុមហ៊ុនជាច្រើនដែលធ្វើការផ្ដោតគោលដៅជាខ្លាំងលើការលក់និងការធ្វើទីផ្សាររហូតភ្លេចយល់ពីអារម្មណ៍និងពីអ្វីដែលអតិថិជនរបស់ខ្លួនទាមទារពីសេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុនពួកគេ។ ក្រុមហ៊ុនដែលជោគជ័យតែងតែចាត់់ទុកអតិថិជនគេជាស្ដេចហើយមើលការថែទាំអតិថិជនរបស់គេបានយ៉ាងដិតដល់ដោយយកចិត្តទុកដាក់លើការផ្ដល់ជូននូវគុណតម្លៃយ៉ាងល្អប្រសើរដល់អតិថិជន។ ដូចនេះត្រូវតែចំណាយពេលជានិច្ចក្នុងការស្រូបយកយោបល់មតិរបស់អតិថិជនអ្នកដើម្បីយល់ដឹងពីតម្រូវការរបស់អតិថិជនរបស់អ្នកក្នុងការកែតម្រូវសេវកម្មនិងផលិតផលរបស់ក្រុមហ៊ុនអ្នក។ ការដែលធ្វើឲ្យអតិថិជនពេញចិត្តជាមួយនឹងសេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុនអ្នកគឺជាយុទ្ធសាស្ត្រដ៍ល្អបំផុតក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានឥទ្ធិពលខ្ពស់ក្នុងការលក់និងធ្វើទីផ្សារព្រោះពេលនោះក្រុមហ៊ុនអ្នកនឹងមិននឿយហត់ក្នុងការធ្វើទីផ្សារព្រោះអតិថិជនអ្នកនឹងនាំគ្នាសម្រុកជាវផលិតផលនិងចាប់យកសេវាកម្មអ្នកដោយឯកឯង។

៦. ត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការប្ដូរទិសដៅ សម្រង់សម្ដីរបស់លោក Peter Hernandez ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន Teles Properties ។ ក្នុងការធ្វើទីផ្សារគឺមិនមែនជារឿងងាយស្រួលទេព្រោះថាហានិភ័យអាចកើតមានឡើងគ្រប់ពេលក្នុងពេលដែលមានការប្រែប្រួលទីផ្សារ។ ដូចនេះគម្រងទីផ្សាររបស់អ្នកអាចនឹងត្រូវទទួលរងការវាយលុកពីរឿងអវិជ្ជមាននៃការប្រែប្រួលទាំងនោះ។ ដូចនេះត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការប្ដូរទិសដៅនៃគម្រងរបស់អ្នកក្នុងពេលដែលជួបប្រទះបញ្ហាបែបនេះព្រោះថាបើសិនជាអ្នករឹងទទឹងជាមួយនឹងការផ្លាស់ប្ដូរបែបនេះគឺក្រុមហ៊ុនរបស់អ្នកអាចឈានទៅរកអវសាន្តភាពជាក់ជាមិនខាន។ តែបើអ្នកធ្វើយុទ្ធសាស្ត្រនិងគម្រងថ្មីដើម្បីសម្របខ្លួនតាមការប្រែប្រួលទីផ្សារនោះ ក្រុមហ៊ុនរបស់អ្នកអាចនឹងអាចបន្តមានវត្តមានលើសមរភូមិទីផ្សារនោះ។

៧. ស្ដាប់អតិថិជនរបស់អ្នក សម្រង់សម្ដីរបស់អ្នកស្រី Ashley Alderson ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន The Boutique Hub ។ ត្រូវចាំជានិច្ចថាអតិថិជនរបស់អ្នកគឺជាបុគ្គលដែលអាចឲ្យក្រុមហ៊ុនរបស់អ្នករីកចម្រើននិងដំណើរការទៅមុខបានយ៉ាងល្អ។ ដូចនេះត្រូវយល់ពីអ្វីដែលអតិថិជនរបស់អ្នកត្រូវការ។ ជាងនេះទៅទៀតក្នុងការផ្ដល់ផលិតផលអ្វីមួយដល់អតិថិជន អ្នកគួរតែធ្វើការសាកល្បងក្នុងការលក់ផលិតផលនោះក្នុងតម្លៃមួយដែលអាចធ្វើអោយអតិថិជនពេញចិត្តហើយក្នុងគោលដៅវាស់ស្ទង់ចំណាប់អារម្មណ៍របស់ពួកគេ។ ពេលដែលទទួលបានតម្រុយល្អណាមួយក្នុងការលក់ផលិតផលនោះហើយ អ្នកអាចចាប់ផ្ដើមពង្រឹងការលក់របស់អ្នកដោយធ្វើយុទ្ធសាស្ត្រទីផ្សារពង្រឹងដល់ក្រុមហ៊ុនរបស់អ្នកដែលអាចជួយពាំនាំមកនូវការរីកចម្រើនដល់ក្រុមហ៊ុនរបស់អ្នក។

៨. ត្រូវចេះដោះស្រាយបញ្ហា សម្រង់សម្ដីរបស់លោក Simon Gabowski ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន ClickMeeting ជានិច្ចជាកាលត្រូវតែរំលឹកនិងសួរខ្លួនឯងជានិច្ចអំពីតម្រូវការនិងបញ្ហាដែលផលិតផលនិងសេវាកម្មរបស់អ្នកឆ្លើយតប។ បើសិនជាអ្នកមិនអាចឆ្លើយនឹងសំណួរនឹងបានទេគឺអ្នកត្រូវតែគិតពីគម្រងទីផ្សាររបស់អ្នកសារឡើងវិញ។ ត្រូវតែយល់ថាផលិផលនិងសេវាកម្មដែលអ្នកផ្ដល់អោយគឺត្រូវតែឆ្លើយតបទៅនឹងបញ្ហាដែលមាននៅជុំវិញខ្លួនរបស់អ្នក ព្រោះថាបើផលិតផលនិងសេវាកម្មរបស់អ្នកមិនអាចដោះស្រាយបញ្ហានិងតម្រូវការក្នុងទីផ្សារបានទេគឺផលិតផលនិងសេវាកម្មរបស់អ្នកនឹងត្រូវប្រឈមនឹងការលក់មិនដាច់ហើយខ្វះទីផ្សារ។ ដូចនេះក្នុងនាមជាអាជីវករត្រូវតែមានភាពរហ័សរហួសដោះស្រាយរាល់បញ្ហាដែលលេចផុសឡើងនៅនឹងមុខអ្នកផ្ទាល់។ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ។ ដូចនេះមិនត្រូវមានការភ័យខ្លាចក្នុងការដោះស្រាយបញ្ហានោះទេ៕

ដោយ៖ នឿន វណ្ណៈ

X
5s