គ្រឹះ​គំនិត​ដ៏​មាន​តម្លៃ​ចំនួន ២២ ​ដែល​គ្រប់​សហគ្រិន​គ្រប់រូប​ត្រូវតែ​ដឹង​



នៅ​​ពេល​អ្នក​គិត​បើក​មុខ​ជំនួញ​រកស៊ី​ណា​មួយ​នោះ វា​ហាក់​ដូច​ជា​ដំណើរ​ទៅ​ដោយ​គ្មាន​ឧបសគ្គ។ ក៏ប៉ុន្តែ​នៅ ពេល​ដែល​អ្នក​ចាប់​ផ្តើម​អនុវត្ត​ផ្ទាល់ មាន​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន​ឡើង​ផ្ទុយ​ពី​នេះ។ នេះ​ជា​មូលហេតុ​​មួយ​ដែល​អត្ថបទ​នេះ​បាន​​ឆ្កឹះ​យក​មូលដ្ឋាន​គំនិត​សំខាន់ៗ​ចំនួន ២២ សម្រាប់​ប្រិយមិត្ត​​ជា​ពិសេស​សហគ្រិន​គ្រប់រូប​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​នៅ​​ពេល​ចេញ​រកស៊ី។ ​

១. វិធី​ល្អ​បំផុត​ដើម្បី​ទស្សន៍ទាយ​​ពី​​អនាគត​បាន គឺ​ត្រូវ​បង្កើត​វា​ឡើង​ពីព្រោះ​ថា ពិភពលោក​កាន់តែ​ស្មុគស្មាញ។ អ្នក​មិន​​អាច​គ្រប់គ្រង​ពិភពលោក​តែម្នាក់​ឯង​បាន​ឡើយ តែ​អ្នក​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ឲ្យ​ស្រប​ទៅ​នឹង​ហេតុការណ៍​ដែល​នឹង​កើត​មាន​ឡើង។

២. ការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ថា តើ​អ្នក​ចង់​ចំណាយ​ពេល​របស់​អ្នក​​ទៅ​លើ​អ្វី? អ្នក​មិន​អាច​ចំណាយ​ពេល​​​ទៅ​​ធ្វើ​អ្វីៗ​​គ្រប់​បែបយ៉ាង​បាន​ទេ។ អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​សំខាន់ និង​យល់​ថា​ចាំបាច់​សម្រាប់​អ្នក។

៣. ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​ជោគជ័យ អ្នក​នឹង​មិន​មាន​តុល្យភាព​រវាង​ការងារ និង​ជីវិត​គ្រួសារ​របស់​អ្នក​នោះ​ឡើយ។ អ្នក​ត្រូវ​លះបង់​ពេល​ច្រើន​​ណាស់​ជាមួយ​នឹង​ការងារ ហេតុដូច្នេះ​អ្នក​នឹង​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក។

៤. សហគ្រិន​ដែល​ល្អ​បំផុត​មិនមែន​ជា​មនុស្ស​ដែល​មាន​គំនិត​អស្ចារ្យ​នោះ​ទេ។ ប៉ុន្តែ​គឺ​ជា​សហគ្រិន​ដែល​ស្គាល់​ពី​តម្រូវការ​ ​នៅ​លើ​ទីផ្សារ និង​​​អាច​ដោះស្រាយ​បញ្ហា​​អតិថិជន​បាន។

៥. ចំណុច​មួយ​ដែល​រាល់​សហគ្រិន​ជោគជ័យ​ទាំងអស់​មាន​ដូចគ្នា​នោះ​គឺ​ថា ប្ដេជ្ញាចិត្ត​ធ្វើ​ឲ្យ​គំនិត​របស់​ពួកគេ​ក្លាយ​ជា​ការពិត​បាន​តាម​រយៈ​ការ​លើកទឹកចិត្ត ផ្ដោត​អារម្មណ៍ ក្តី​សង្ឃឹម ​ដើមទុន ប្រើប្រាស់​ជំនាញ​ទីផ្សារ ការ​សហការ និង​គំនិត​ដ៏​ច្នៃប្រឌិត​ជា​ដើម។

៦. ការ​អនុវត្ត​​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​បាន គឺ​ជា​វិធី​ល្អ​បំផុត​របស់​សហគ្រិន​ដើម្បី​អាច​សម្រេច​គោលដៅ​បាន​។ បាន​ត្រឹមតែ​គិត មិន​អាច​ឲ្យ​អ្នក​ក្លាយ​ជា​សហគ្រិន​បាន​ទេ។

៧. ចង់​ធ្វើ​ជំនួញ អ្នក​ត្រូវ​ចាប់​ផ្តើម​ពី​តូច​ទៅ​មុន​តាម​ផែនការ​របស់​អ្នក​។ បន្ទាប់​មក​ធ្វើ​តាម​ជំហាន​នីមួយៗ​ដែល​មាន​នៅ​ក្នុង​ផែនការ​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ខាងមុខ​។

៨. បើ​អ្នក​ចង់​​កសាង​ក្រុមហ៊ុន​ជោគជ័យ​មួយ អ្នក​ត្រូវ​តែ​បោះបង់​ការ​គ្រប់គ្រង​មួយ​ដែល​មាន​លក្ខណៈ​​បែប​ប្រមូលផ្ដុំ​​។ អ្នក​មិន​ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​តែ​ម្នាក់​ឯង​បាន​ឡើយ។ អ្នក​ត្រូវ​​​មាន​ទំនុកចិត្ត ចេះ​ចែករំលែក ផ្ទេរ​ការងារ និង​ការ​ទទួលខុសត្រូវ​ទៅ​កាន់​មនុស្ស​ក្រោម​បង្គាប់​តាមតែ​អាច​ធ្វើ​បាន។ ​

៩. ឈប់​​ធ្វើ​ការងារ​អ្វី​ដែល​អ្នក​មិន​​ស្រលាញ់ ការងារ​ដែល​ជា​ចំណុច​ខ្សោយ ឬ​​មិនមែន​ជា​ជំនាញ​របស់​អ្នក​។ រក​ឲ្យ​ឃើញ​ចំណុច​ខ្លាំង​របស់​អ្នក ហើយ​ធ្វើ​ការងារ​នោះ ទើប​អ្នក​អាច​ជោគជ័យ​បាន​យូរ​អង្វែង​បាន។

១០. អ្នក​ត្រូវ​ប្រាកដ​ថា រាល់​ឧបសគ្គ​ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក អ្នក​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ទ្រព្យ​សម្រាប់​អ្នក។ កុំ​គិត​ថា ឧបសគ្គ​​គឺ​ជា​គ្រោះ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ។ ត្រូវ​គិត​ថា ឧបសគ្គ​គឺ​​លាភ និង​​ឱកាស​​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​អភិវឌ្ឍ​ខ្លួន​ខ្លាំង​ឡើង។

១១. អ្វី​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ទីផ្សារ​គឺ​សាមញ្ញ​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​ណា​ជា​អតិថិជន​របស់​អ្នក? តើ​អ្នក​មាន​អ្វី​ត្រូវ​លក់​ឲ្យ​ពួកគេ? តើ​ពួកគេ​ត្រូវការ​អ្វី​?

១២. នេះ​ជា​ការ​ស្រាវជ្រាវ​ទីផ្សារ​តែ​មួយ​គត់​ដែល​អ្នក​ត្រូវការ​ គឺ​យក​ផលិតផល​របស់​អ្នក​ចេញ​​ទៅ​លក់​នៅ​លើ​ទីផ្សារ​ហើយ​​រង់ចាំ​មើល​ថា តើ​វា​លក់​ដាច់ ឬ​អត់?

១៣. អ្នក​ត្រូវ​កំណត់​ឲ្យ​បាន​ថា តើ​អ្នក​នឹង​ប្រមូល​លុយ​​ដែល​អតិថិជន​​ជំពាក់​ដោយ​របៀបណា? សហគ្រិន​ច្រើនណាស់​ដែល​មិន​បាន​គិត​ដល់​ចំណុច​នេះ​មុន​ពេល​​ចេញ​រកស៊ី ហើយ​ទីបំផុត​​អ្នក​ក៏​អាច​យល់​ថា​ ពាក្យ​ថា "ដួល​រលំ​” កើត​ឡើង​ដោយ​សារ​អ្វី?

១៤. នៅ​ពេល​អ្នក​ចេញ​ទៅ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ អ្នក​ត្រូវ​មាន​ក្រុមការងារ​ប្រឹក្សា​យោបល់​ដ៏​ឆ្លាតវៃ​មួយ។ អ្នក​ត្រូវ​ការ​ក្រុម​ការងារ​នេះ​ដើម្បី​ជួយ​​ផ្តល់​គំនិត យុទ្ធសាស្ត្រ ឬ​វិធី​នានា​ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​និយាយ​ពី​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​កាន់តែ ច្រើន និង​ផ្តល់​មតិ​រិះគន់​ស្ថាបនា​មក​វិញ​ប្រកប​ដោយ​ភាព​ស្មោះត្រង់។

១៥. ប្រសិន​បើ​អ្នក​ចង់​ធ្វើ​​ដំណើរ​បាន​លឿន​ និង​ប្រសើរ​ជាង​មុន​អ្នក​ត្រូវ​បង្កើត​បញ្ជី​ត្រួតពិនិត្យ​​ដ៏​សុក្រឹត​ត្រឹមត្រូវ​មួយ​។ បញ្ជី​​នេះ​គឺ​​ជា​មធ្យោបាយ​ដ៏​​ល្អ​បំផុត​មួយ​ដើម្បី​ធានា​ថា អ្នក​មិន​​បាន​ភ្លេច​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​​នៅ​ក្នុង​ក្រុមហ៊ុន​ និង​ត្រូវ​បាន​កត់ត្រា​ទុក​យ៉ាង​ត្រឹមត្រូវ​បំផុត​។

១៦. ជា​សហគ្រិន អ្នក​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង ព្រោះ​ឧបសគ្គ​រាប់​រយ​​ជំពូក​នឹង​ចូល​មក​ដល់​ជា​មិនខាន។

១៧. ប្រសិន​បើ​សុនក​មិន​ចូលចិត្ត​ស៊ី​អាហារ​សម្រាប់​សុនក មានន័យ​ថា អាហារ​នោះ​មាន​បញ្ហា។ អ្នក​មិន​​អាច​កំណត់​បាន​ផលិត​ផល​ល្អ​​ថា មាន​លក្ខណៈ​បែប​ណា​​​នោះ​ទេ។ មានតែ​អតិថិជន​របស់​អ្នក​ប៉ុណ្ណោះ​ដែល​ដឹង ហើយ​ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ផលិតផល​របស់​អ្នក មានន័យ​ថា ផលិតផល​របស់​អ្នក​មិន​ល្អ​។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា អតិថិជន​គឺ​ជា​ស្តេច។

១៨. ប្រសិន​បើ​អតិថិជន​មិន​ចូលចិត្ត​ផលិតផល​របស់​អ្នក ការ​ប្រ​មូ​សិន​បញ្ចុះ​តម្លៃ ឬ​ទីតាំង​អាជីវកម្ម​​ល្អ​មិន​អាច​ជួយ​អ្វី បាន​ច្រើន​ដល់​អ្នក​នោះ​ទេ។ ដូច​នេះ ផលិតផល​របស់​ក្រុមហ៊ុន​ដែល​មិន​សូវ​ល្បី នៅ​តែ​អាច​យកឈ្នះ​អ្នក​បាន។ ជម្រើស​ដ៏​ល្អ គឺ​ធ្វើ​ឲ្យ​វា​មាន​គុណភាព​​​យ៉ាង​ទាក់ទាញ​តាម​វិធីសាស្ត្រ​ថ្មី​ ជាជាង​បន្ត​លក់​ទាំង​បង្ខំ​នៅ​ក្នុង​តម្លៃ​​ទាប។

១៩. ប្រសិន​បើ​អ្នក​បរាជ័យ គួរតែ​បរាជ័យ​ឲ្យ​បាន​ឆាប់ និង​តិច​បំផុត។ អ្នក​ត្រូវតែ​​ចាប់​ផ្តើម​ជំហាន​មួយៗ​ពី​តូច​ទៅ​មុន​ ហើយ​តម្រង់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក​។ សូម​ចាំ​ថា ត្រូវ​​ផ្តោត​​លើ​គោលដៅ​ដែល​អ្នក​ចង់​ទៅ ហើយ​ដើរ​ទៅ​មុខ​មិន​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​របស់​អ្នក​នោះ​ឡើយ។ ​ ​

២០. កំហុស​នឹង​កើត​​ឡើង​នៅ​​ពេល​អ្នក​ក្លាយ​ជា​សហគ្រិន។ ប៉ុន្តែ​នោះ​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ។ តាម​ការពិត កំហុស​នោះ​បាន​ប្រាប់​អ្នក​យ៉ាង​ច្បាស់​ថា​ អ្វី​ដែល​អ្នក​ធ្វើ​ពិត​ជា​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ អ្វី​ដែល​សំខាន់ ​អ្នក​ត្រូវ​រៀន​ពី​កំហុស​នោះ ហើយ​​ធ្វើ​វា​ឲ្យ​បាន​ល្អ​ជាង​មុន។

២១.​ ភាព​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី ត្រូវតែ​មាន​ទំនាក់ទំនង​ជាមួយ​​នឹង​គោលបំណង​អាជីវកម្ម​​របស់​អ្នក​។ អាជីវកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត គឺ​ពិត​ជា​ អាជីវកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​​។ ប៉ុន្តែ​​ការ​បង្កើត​ថ្មី​ដែល​មិន​​​អាច​​រក​លុយ​​មក​ឲ្យ​អ្នក​បាន ​គឺ​វា​គ្រាន់តែ​ជា​ចំណង់ចំណូលចិត្ត​តែប៉ុណ្ណោះ​។ វា​មិនមែន​ជា​គំនិត​​ដែល​យក​មក​អនុវត្ត​បាន​នៅ​ក្នុង​​អាជីវកម្ម​​នោះ​ឡើយ។

២២. អ្នក​ត្រូវ​អភិវឌ្ឍ​ជា​លំដាប់ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បើ​ទោះបី​ជា​អ្នក​ជោគជ័យ​ក៏ដោយ។ អ្នក​មិន អាច​នៅ​មួយ​កន្លែង​នោះ​ឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ស្លាប់៕

ប្រភព៖ Entrepreneur ​

X
5s