សំនួរសំខាន់ៗ ដែលអ្នកត្រូវសួរទៅម្ចាស់ដើមអាជីវកម្ម Franchise នៅពេលអ្នកចង់ទិញសិទ្ធិធ្វើអាជីវកម្មបន្ត
នៅពេលអ្នកយល់ថា ការចាប់ផ្តើមធ្វើអាជីវកម្មមួយដោយខ្លួនឯង ពិបាកនឹងជោគជ័យ ការចំណាយដើមទុនដើម្បីទិញសិទ្ធិធ្វើអាជីវកម្មបន្តពីម្ចាស់ដើមអាជីវកម្មដែលគេហៅជាទូទៅថា Franchise ក៏ជាវិធីមួយល្អដែរ ត្បិតអីអាជីវកម្មប្រភេទនេះវាមានទីផ្សារ និងមានឈ្មោះស្រាប់រួចទៅហើយ។
យ៉ាងណាមិញ មុននឹងសម្រេចចិត្តថា ទិញឬក៏អត់ អ្នកក៏ត្រូវសួរខ្លួនឯង និងចង់បានព័ត៌មានជាច្រើនពីម្ចាស់ដើមអាជីវកម្មជាមុនសិន មុននឹងសម្រេចចិត្តបោះទុនវិនិយោគទិញសិទ្ធិរកស៊ីបន្ត។ ខាងក្រោមនេះជាសំនួរសំខាន់ៗចំនួន ៤ ដែលអ្នកត្រូវសាកសួរម្ចាស់អាជីវកម្មដើម៖
១.តើម្ចាស់ដើមអាជីវកម្ម ( Franchisor) ជួយស្វែងរកទីតាំងល្អសម្រាប់អាជីវកម្មដែលអ្នកជួលបន្តដែរឬទេ? ចំណុចនេះគឺវាអាស្រ័យលើអ្នកផងដែរថា តើអ្នកមើលឃើញទីតាំងណាខ្លះដែលល្អ និងស័ក្តិសមបំផុតសម្រាប់អាជីវកម្មនោះ។ ប៉ុន្តែម្ចាស់អាជីវកម្មដើមអាចមានភាពប៉ិនប្រសព្វជាងអ្នកដែលអាចរកទីតាំងដែលល្អប្រសើរជាងនេះ ដូចជាអាចជួលបានទីតាំងដែលមានតម្លៃថោកជាងទីតាំងដែលអ្នកបានជួល ហើយអាចទទួលយកបាន។
២.តើអ្នកទទួលបានការបណ្តុះបណ្តាលអ្វីខ្លះពីម្ចាស់ដើមអាជីវកម្ម? ក្រៅតែពីនីតិវិធីសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកថ្មីៗ អ្នកគួរតែរកឲ្យឃើញនូវអ្វីដែលជាប់ពាក់ព័ន្ធទៅកម្មវិធីបណ្តុះបណ្តាលនៃការប្រតិបត្តិការរបស់ក្រុមហ៊ុន និងប្រភេទជំនួយផ្សេងៗទៀតពីម្ចាស់ដើមអាជីវកម្ម។ ជំនួយនេះរាប់ទាំងការជួយដល់ការបណ្តុះបណ្តាលផ្សេងៗ ចាប់តាំងពីមុនបើកទ្វាធ្វើអាជីវកម្ម និងអំឡុងពេលធ្វើអាជីវកម្មជាបន្តបន្ទាប់ទៀត។
៣.តើមានជំនួញហិរញ្ញវត្ថុបន្ថែមទៀតទេ? ម្ចាស់ដើមអាជីវកម្ម អាចនឹងមានលទ្ធភាពជាងអ្នក ដូចនេះអ្នកអាចសាកសួរពីជំនួញហិរញ្ញវត្ថុនៅពេលចាំបាច់។ អ្នកអាចស្នើសុំថវិកាសម្រាប់ការលក់បញ្ចុះតម្លៃនៅពេលប្រូមូសិនដំបូងៗ ដំណើរការសុំអាជ្ញាប័ណ្ណ ការចំណាយលើសម្ភារបរិក្ខារមួយចំនួន ការធានារ៉ាប់រង និងប្រាក់ខែបុគ្គលិកជាដើម។ ថ្លៃចំណាយផ្សេងៗទៀតដូចជា ការផ្សព្វផ្សាយ និងជំនួញផ្នែកច្បាប់ក៏ គួរមានដែរ។
៤.នៅពេលមានជម្លោះរវាងអ្នក និងម្ចាស់ដើមអាជីវកម្មកើតមានឡើង តើត្រូវដោះស្រាយដោយរបៀបណា? អ្នកមិនចង់មានជម្លោះណាមួយកើតមានឡើងរវាងអ្នកទាំងពីរនោះទេ ប៉ុន្តែបញ្ហានេះអាចនឹងកើតមានឡើង។ ដូច្នេះអ្វីដែលអ្នកត្រូវរៀបចំទុកឲ្យហើយគឺត្រូវរកមើលយន្តការល្អបំផុតសម្រាប់ដោះស្រាយរវាងអ្នក និងភាគីម្ចាស់ដើម។ ក្រៅពីនេះ អ្នកក៏ត្រូវសិក្សាផងដែរថា តើម្ចាស់ដើមអាជីវកម្មធ្លាប់មានប្រវត្តិជម្លោះជាមួយអ្នកទិញសិទ្ធិបន្តពីមុនៗមកដែរឬទេ? ធ្លាប់ឡើងតតាំងរឿងក្តីដល់តុលាការអត់?
ប្រភព៖ Forbes