ហេតុអ្វី​ចង់​រកស៊ី​ជោគជ័យ​បាន ទាល់​តែ​ហ៊ាន​ប្រថុយ​ខាត​សិន​?​



មាន​សហគ្រិន​ជោគជ័យ​ច្រើន​ណាស់​ដែល​​និយាយ​ថា ទាល់​តែ​ហ៊ាន​ ទើប​ជោគជ័យ​បាន​។ កាល​ណា​អ្នក​មិន​ហ៊ាន​ ខាត មិន​ហ៊ាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ នោះអ្នក​នឹង​មិន​អាច​ឈាន​ជើងទៅ​រក​វគ្គ​បន្ត​បាន​ឡើយ។ មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​​ចុះចាញ់​ត្រឹម​វគ្គ​នេះ ហើយ​ត្រលប់​ទៅ​វិញ​តែ​ម្ដង​។

ទៀតសោត​ បើ​ចង់​រកស៊ី​ឲ្យ​បាន​យូរ​ហើយ​ចំណេញ​បាន​ច្រើន​ លុះ​ត្រា​អ្នក​ហ៊ាន​ប្រថុយ​ខាត​សិន​។ តើ​មាន​មូលហេតុ​អ្វី​ដែល​​ត្រូវ​​ធ្វើ​បែប​នេះ​?

១) អ្នក​នឹង​មិន​ដឹង​បើ​មិន​សាកល្បង

បើ​សិន​​អ្នក​គ្រាន់​តែ​ឃើញ​និង​ស្ដាប់​តៗ គ្នា​ពី​ការ​បរាជ័យ​នោះ អ្នក​គ្រាន់​តែ​ចាំ​មួយ​ភ្លែត​ប៉ុណ្ណោះ។ តែ​បើ​អ្នក​សាកល្បង ខ្លួនឯង​តែ​ម្ដង​ អ្នក​នឹង​ចងចាំ​ហើយ​ចាប់ផ្ដើម​យល់​ពី​របៀប​រកស៊ី​ច្បាស់​ភ្នែក​តែ​ម្ដង ថា​ការ​រកស៊ី​គឺ​វា​មាន​គ្រោះថ្នាក់​បែប​នេះ​ឯង​។

២) អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ពូកែ​ប្រកួតប្រជែង​ជាង​​គេ​

វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​​បង្ហាញ​សក្ដានុពល ភាព​ដែល​ខ្លួន​មាន​ទៅ​គេ​ឯង​ហើយ​។​ ការ​ប្រថុយ​គ្រោះ​ថ្នាក់​នេះ​ វា​នឹង​បង្រៀន​អ្នក​ឲ្យ​ខ្លាច​ការ​ចាញ់ ហើយ​គិត​តែ​ពី​​ចង់​ប្រកួតប្រជែង​គេ​ ដើម្បី​យក​ឈ្នះ​កុំ​ឲ្យ​មាន​ការ​ខាត​បង់​កើត​ឡើង​ជា​លើក​ទី​២​ទៀត​។

៣) វា​មិន​មែន​ជា​ការ​ខាតបង់​អី​ទេ តែ​វា​ជា​ផ្នែក​មួយ​នៃ​អ្នក​រកស៊ី​

វា​នឹង​បង្រៀន​អ្នក​កុំ​ឲ្យ​ខ្លាច​ការ​ខាត​បង់​ ពីព្រោះ ការ​ខាត​បង់​គឺ​ជា​ផ្នែក​នៃ​ការ​រកស៊ី​ទៅ​ហើយ​។ ទោះ​ចង់​ឬ​មិន​ចង់​ អ្នក​ត្រូវ​​តែ​ជួប​​វា​។ តែ​វា​ស្ថិត​លើ​អ្នក ទៅ​វិញ​ទេ ថា​តើ​អ្នក​គ្រប់គ្រង​លើ​ស្ថានការណ៍​នោះ​ដោយ​របៀប​ណា​?

៤) វា​នឹង​​ខាត​កាន់​តែ​ខ្លាំង​​​ បើ​អ្នក​​មិន​ចង់​ប្រថុយ​

តាម​ពិត​ទៅ​ការ​ខាត​បង់​ធំ​សម្រាប់​អ្នករកស៊ី​នោះ​គឺ ការ​គេចវេះមិន​ចង់​ប្រថុយ​ប្រថាន​។ ដូច​​បញ្ជាក់​ខាង​លើ​ដែរ ថា​ការ​ខាត​បង់​គឺ​ជា​ផ្នែក​មួយ​នៃ​ការរកស៊ី​ទៅ​ហើយ​។ តើ​មាន​បុគ្គល​ណា​ដែល​អាច​គេច​​បាន​? ការ​ខាត​បង់​ធំ​បំផុត​សម្រាប់​អ្នក រកស៊ី​គឺ​ អ្នក​មិន​ចង់​ប្រថុយ។ កាល​ណា​អ្នក​គេចវះ​បែប​នេះ​ វា​ប្រៀប​បាន​នឹង​អ្នក​ចង់​រំលង​ភ្នំ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​រ៉ែ​មាស​នៅ​ទី​នោះ​អីចឹង។ ទោះ​បី​វា​លំបាក​ក្នុង​ការ​ឆ្លង​កាត់​បន្តិច​មែន តែ​អ្នក​បាន​មក​វិញ​នូវ​លទ្ធផល​ជោគជ័យ​ទៅ​ថ្ងៃ​មុខ។​ ដូចនេះ​អ្នក​ត្រូវ​​ហ៊ាន​ឆ្លង​ជ្រោះ ហ៊ាន​ដើរ​លើ​ភ្លើង​ និង​ហ៊ាន​សម្រេច​ចិត្ត​ឲ្យ​បាន​រហ័ស​ដោយ​ភាព​ឆ្លាត​វៃ ទើប​អ្នក​អាច​ដឹកនាំ​របររកស៊ី​អ្នក​ឈ្នះ​គេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ entrepreneur

X
5s