តិកនិក​៤ ​យ៉ាង​បង្រៀន​អ្នក​និយាយ​ពាក្យ​ថា​ «ទេ» ឲ្យ​មាន​ប្រសិទ្ធភាព​



ពេល​ខ្លះ​អ្នក​គួរ​ចេះ​និយាយ​ពាក្យ​ថា​ ទេ​! ទៅ​កាន់​អ្នក​ណា​ដែល​​តែង​តែ​យក​អ្នក​មក​ប្រើប្រាស់​ខុស​រឿង និង​ខុស​ពេលវេលា។ ការ​និយាយ​ពាក្យ​ថា​ទេ​ទៅ​កាន់​នរណា​ម្នាក់​ គឺ​ជា​ការ​បង្ក​អារម្មណ៍ ​មួយ​មិន​ល្អ ដោយ​សារ​តែ​អ្នក​បាន​ប្រកែក​ទៅ​នឹង​​សំណូមពរ​របស់​អ្នក​ផ្សេង​។ តែ​ពេល​ខ្លះ​វា​ជា​រឿង​មួយ​ត្រឹមត្រូវ​នឹង​និយាយ​ពាក្យ​ថា​ ទេ​នេះ​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​តិកនិក​ទាំង​​៤​យ៉ាង ដែល​នឹង​ជួយ​បង្រៀន​អ្នក​ឲ្យ​និយាយ​ពាក្យ​ថា​ទេ ដោយ​មាន​ប្រសិទ្ធភាព​បំផុត​៖

១) ​កុំ​ស្ទាក់ស្ទើរ៖ កុំ​រេរា ឬ​និយាយ​អ្វី​វែង​ឆ្ងាយ​អី នាំ​តែ​មាន​ការ​ស្ទាក់ស្ទើរ ហើយ​គេ​នឹង​គិត​ថា​អ្នក​នៅ​តែ​ចង់​ធ្វើ​រឿង​ដែល​គេ​ឲ្យ​ធ្វើ​ដដែល។ កុំ​ព្យាយាម​ពន្យារ​ពេល​ ក្បាច់ក្បូរ​ច្រើន បើ​អ្នក​មិន​ចង់​ធ្វើ​អ្វី​មួយ​ហើយ​នោះ និយាយ​វា​ចេញ​មក​ភ្លាមៗ​ទៅ​។

២) និយាយ​ដោយ​ប្រើ​ពាក្យ​គួរសម៖ ទោះ​បី​អ្នក​មិន​ចង់​ធ្វើ​ តែ​បើ​អ្នក​និយាយ​ជំទាស់​ជាមួយ​នរណា​ម្នាក់​ហើយ អ្នក​ក៏​ត្រូវ​​បូក ផ្សំ​ជា​មួយ​ពាក្យ​គួរសម​ផង​ដែរ។ អ្នក​អាច​ប្រើ​ពាក្យ​ថា ៖ សូមទោស! ពេល​នេះ​ខ្ញុំ​ជួយ​អ្នក​មិន​បាន​ឡើយ ដោយ​សារ​តែ​ការងារ​​នៅ​ស្ទះ​ ច្រើន​ពេក​។

៣) បង្ហាញ​ចរិត​អាត្មានិយម​ខ្លះ៖ ពេល​ខ្លះ​ក៏​ត្រូវ​បង្ហាញ​ ពី​តម្រូវ​ការ​​របស់​អ្នក​​មុន​ដែរ។ កាល​ណា​អ្នក​ឲ្យ​តម្លៃ​ទៅ​ធ្វើ​រឿង​របស់​គេ​មុន អ្នក​នឹង​នៅ​តែ​លង់​ប្រាណ​ធ្វើ​រឿង​របស់​គេ​ដដែល។ អ្នក​ត្រូវ​ប្រាប់​ដល់​ពួក​គេ​ថា អ្នក​ត្រូវ​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ចប់​សិន​ដែរ មុន​នឹង​ទៅ​ធ្វើ​ឲ្យ​គេ​នោះ​។

៤) ប្រាប់​ហេតុផល​ឲ្យ​ច្បាស់​៖ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​យល់​ជាង​ការ​ពន្យល់​ពី​ហេតុផល​នោះ​ទេ​។ កាល​ណា​ពួក​គេ​​បាន​ស្ដាប់​យល់​ពី​ហេតុផល​របស់​អ្នក ដែល​បាន​ជំទាស់​គេ នោះ រឿង​ដែល​គេ​គ្រោង​នឹង​ពឹង​អ្នក​អាច​នឹង​​ផ្ទេរ​ទៅ​អ្នក​ផ្សេង។ ការ​ប្រាប់​ហេតុផល​អ្នក​ដទៃ​ឲ្យ​បាន​យល់​គឺ​ជា​រឿង​ងាយ​ស្រួល ហើយ​មាន​ប្រសិទ្ធភាព​បំផុត​ ក្នុង​ការ​ប្រឆាំង​អ្នក​ដែល​ពឹង​អ្នក​ច្រើន​៕

ប្រែ​​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Inc.com

X
5s