ហេតុអ្វី​​មាន​ចៅហ្វាយ​ល្អ ប្រសើរ​ជាង​មាន​ការងារ​ល្អ?​



ចៅហ្វាយ​​ដ៏​ល្អ​ម្នាក់​មិនមែន​ត្រឹមតែ​ជា​បុគ្គល​ដែល​ត្រឹមតែ​ដឹង​ពី​​កិច្ចការ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​ផ្ទេរ​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់​ធ្វើ​ប៉ុណ្ណោះ​ទេ។ ចៅហ្វាយ​ល្អ​ក៏​មិនមែន​​ត្រឹមតែ​ជា​អ្នក​ដែល​​ចាំតែ​​អង្គុយ​សម្រេចចិត្ត​ និង​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ក្រុមហ៊ុន​តែម្នាក់​ឯង​រហូត​នោះ​ដែរ។ ​ចៅហ្វាយ​ល្អ​មួយ​រូប​គឺ ​ជា​គ្រូ ជា​អ្នក​ណែនាំ​ផ្លូវ​ (Mentor)​ អ្នកលើកទឹកចិត្ត អ្នកជំរុញ ដល់​បុគ្គលិក​ក្រោម​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​​ជួយ​ជ្រោមជ្រែង​ពួកគេឲ្យ​រីកចម្រើន​ទៅ​មុខ​​ទាំងអស់​គ្នា​។

ចៅហ្វាយ​ល្អ គឺ​ជា​បុគ្គល​​ដែល​អាច​បង្ហាញ​​ពី​គុណវិបត្តិ​ និង​ចំណុចខ្សោយ​របស់​អ្នក​ហើយ​​ជា​បុគ្គល​​ដែល​មាន​ឆន្ទៈ​ និង​ប្ដេជ្ញាចិត្ត​ខ្ពស់​​ដើម្បី​ណែនាំ​អ្នក​​ឲ្យ​ជោគជ័យ​។ ក្រៅ​ពី​នេះ​ ចៅហ្វាយ​ល្អ​គឺ​ជា​បុគ្គល​​ដែល​​ជួយ​លើកទឹកចិត្ត​អ្នក​ និង​ផ្តល់​ឲ្យ​អ្នក​នូវ​ធនធាន​​ផ្សេងៗ​ដើម្បី​​ធ្វើ​ឲ្យ​​អ្នក​មាន​ទំនុកចិត្ត​​​ក្នុង​ការងារ​ដើម្បី​​បង្កើត​បាន​ជា​ផលិតផល​​គួរ​ជាទី​គាប់ចិត្ត។

ជា​ទូទៅ​ក្រុមហ៊ុន​ពិត​ជា​ចង់​បាន​បុគ្គលិក​ដែល​អាច​បំពេញ​នូវ​តម្រូវការ​បន្ទាន់​​នានា​របស់​ខ្លួន​។ ប៉ុន្តែ​ជា​ធម្មតា​ក្រុមហ៊ុន​ទាំង​នោះ​បាន​សម្លឹង​មើល​​ក្នុង​រូបភាព​ធំ​​ជាង​នេះ​ទៅ​ទៀត​។ ពួកគេ​ចង់​ដឹង​ថា​ តើ​អ្នក​អាច​ចូលរួម​ចំណែក​​របស់​អ្នក​ជាមួយ​ពួកគេ​បាន​​ចាប់​ពី ៥ ឆ្នាំ ១០ឆ្នាំ ២០​ឆ្នាំ​ឬ​យ៉ាងណា?

ទាំង​នេះ​ហើយ​ជា​មូលហេតុ​ដែល​ចៅហ្វាយ​ដ៏​ល្អ​មួយ​រូប​បាន​សាកសួរ​អ្នក​អំពី​គម្រោង​អនាគត​អាជីព​ការងារ​របស់​អ្នក។ ចៅហ្វាយ​ដ៏​ល្អ​ម្នាក់​នៅ​តែ​ជឿជាក់​ថា មនុស្ស​អាច​រៀនសូត្រ និង​ត្រូវ​ការ​​រីកចម្រើន​ខាង​បញ្ញា​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​​ពួកគេ​​ត្រូវ​​ផ្តល់​នូវ​ជម្រើស​នៃ​ការ​បណ្តុះបណ្តាល និង​អនុញ្ញាត​ឲ្យ​អ្នក​បន្ត​ការ​សិក្សា​​​បន្ថែម​ទៀត​។ ​ចៅហ្វាយ​ល្អ​​មួយ​រូប​​​មិន​រំពឹង​ទុក​ថា ​អ្នក​​អាច​ធ្វើ​ការ​ជាមួយ​ពួកគេ​រហូត​នោះ​ឡើយ។ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​មួយ​រូប ពួកគេ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ និង​បាន​យល់​រួច​ទៅ​ហើយ​ថា ថ្ងៃ​ណា​មួយ​អ្នក​នឹង​​ដើរចេញ​ពី​ពួកគេ។

ប៉ុន្តែ​អ្វី​ដែល​ពួកគេ​យល់​ថា​វា​ចាំបាច់​នោះ​គឺ​ថា នៅ​ពេល​អ្នក​កំពុង​ធ្វើ​ការ​ឲ្យ​ពួកគេ ពួកគេ​ត្រូវ​​តែ​ធ្វើ​ឲ្យ​អ្នក​ជា​បុគ្គលិក​មាន​សក្ដានុពល និង​ទទួល​បាន​ឱកាស​ថ្មីៗ​ដែល​ល្អ​ប្រសើរ។ តើ​អ្នក​មាន​ដឹង​ទេ បុគ្គលិក​ខ្លះ​​សុខចិត្ត​​ធ្វើ​ការ​ជាមួយ​ការងារ​ដែល​ខ្លួន​មិន​ស្រលាញ់​ដោយសារតែ​មាន​ចៅហ្វាយ​ល្អ ខណៈ​ដែល​បុគ្គលិក​ខ្លះ​ទៀត​រត់ចោល​ការងារ​ដែល​ខ្លួន​ស្រលាញ់​ព្រោះ​មាន​ចៅហ្វាយ​​មិន​ល្អ។

ខាងក្រោម​នេះ​គឺ​ជា​​សំនួរ​សំខាន់ៗ​​លើក​ឡើង​ពី​លក្ខណៈ​សម្បត្តិ​របស់​ចៅហ្វាយ​ល្អ៖

១.តើ​ចៅហ្វាយ​របស់​អ្នក​បាន​សាកសួរ​ពី​លទ្ធផល​ការងារ​ពី​បុគ្គលិក​ និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​ដែរ​ឬទេ?

២.តើ​អ្នក​មាន​​​អារម្មណ៍​ថា មាន​កម្លាំងចិត្ត​ និង​រីករាយ​ដែរ​ឬទេ​នៅ​ពេល​​បំពេញ​ការងារ​របស់​អ្នក? ​​​

៣.តើ​​ចៅហ្វាយ​របស់​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​ចែករំលែក​​បទពិសោធន៍​​ផ្ទាល់ខ្លួន​ដ៏​សមស្រប​ណា​មួយ​ដើម្បី​​​ធ្វើ​ជា​គំរូ​ផ្តល់​ភាព​កក់ក្តៅ​ចំពោះ​អ្នក​ដែរ​ឬទេ?

៤.តើ​​ការ​ប្រើប្រាស់​​កាយវិការ​ចៅហ្វាយ​នាយ​របស់​​អ្នក​មាន​ទំនាក់ទំនង​ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាន​លើក​ឡើង ​ការ​យកចិត្ត​ទុកដាក់ និង​បង្ហាញ​ពី​​ទំនុកចិត្ត​ឲ្យ​បុគ្គលិក​ដែរ​ឬទេ?

៥.តើ​ចៅហ្វាយ​របស់​អ្នក​​​មាន​ភាព​ច្បាស់លាស់​ និង​ផ្តល់​​ភាព​ច្បាស់លាស់​​ឲ្យ​អ្នក​ដែរ​ឬទេ​នៅ​ក្នុង​ការ​ទំនាក់ទំនង?

៦.តើ​ចៅហ្វាយ​របស់​អ្នក​យកចិត្ត​ទុកដាក់​ស្តាប់​​នូវ​អ្វី​ដែល​អ្នក​និយាយ និង​ឆ្លើយតប​មក​​អ្នក​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព​ឬ​អត់?

៧.តើ​ចៅហ្វាយ​របស់​អ្នក​បាន​និយាយ​​ប្រាប់​អ្នក​នូវ​​អ្វី​ដែល​ពួកគេ​ឃើញ និង​ប្រាប់​ពី​ជម្រើស​របស់​អ្នក​ថា​ជា​អ្វី​ដែល​ឬទេ?

៨.តើ​​​ចៅហ្វាយ​របស់​អ្នក​​បាន​យ​​ប្រើប្រាស់​ភាព​ប្រាកដ​និយម ការ​រៀបចំ និង​ផ្ដោត​លើ​ការងារ​ក្នុង​ទំនាក់ទំនង​ការងារ​ជាមួយ​អ្នក​​ដែរ​ឬទេ?

៩.តើ​ចៅហ្វាយ​របស់​អ្នក​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ដល់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ និង​កោតសរសើរ​​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដែរ​​ឬទេ?

១០.តើ​ចៅហ្វាយ​របស់​អ្នក​​ផ្តល់​ដំបូន្មាន និង​មតិ​ស្ថាបនា​ឲ្យ​បុគ្គលិក​ប្រកប​ដោយ​ភាព​សមរម្យ​ដែល​ឬទេ?

១១.តើ​ចៅហ្វាយ​របស់​អ្នក​​​បង្ហាញ​សកម្មភាព​បែប​ណា​នៅ​ពេល​ដើរ​ចូល​ក្រុមហ៊ុន? ​

១២.តើ​ចៅហ្វាយ​របស់​អ្នក​និយាយ​បែប​ណា​នៅ​ពេល​អ្នក​អំពី​អ្វី​ដែល​ជា​ភាព​ជោគជ័យ​ធំ​បំផុត​របស់​ពួកគេ? តើ​ភាព​ជោគជ័យ​នេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​គុណតម្លៃ​របស់​ក្រុមហ៊ុន និង​គុណតម្លៃ​​របស់​អ្នក​ដែរ​ទេ?

១៣.តើ​ចៅហ្វាយ​របស់​អ្នក​​បាន​បង្ហាញ​​រូបថត រង្វាន់​កិត្តិយស​ ឬ​វត្ថុ​​មាន​តម្លៃ​ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ និង​អត្តចរិត​​របស់​ពួកគេ​ដែរ​ទេ?

១៤.តើ​ចៅហ្វាយ​របស់​អ្នក​មាន​ឆន្ទៈ​ចង់​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​​របស់​អ្នក​ទាំងពីរ និង​​គំនិត​ផ្ដួចផ្ដើម​របស់​អ្នក​ដែរ​ឬទេ?

១៥.តើ​បច្ចុប្បន្ន​​ចៅហ្វាយ​របស់​អ្នក​កំពុង​ធ្វើ​​បំពេញ​ការងារ​យ៉ាង​សកម្ម​នៅ​ក្រៅ​ក្រុមហ៊ុន ឬ​​បន្ត​ការ​សិក្សា​បន្ថែម​លើ​ជំនាញ​របស់​ខ្លួន​ដែរ​ឬទេ?

 

ប្រភព៖ Inc

X
5s