ត្រូវធ្វើដូចម្តេចបើអ្នកនិងគូស្នេហ៍របស់អ្នកជាដៃគូជំនួញរួមគ្នា?
គូស្នេហ៍មួយគូដែលធ្វើជាគូស្នេហ៍ផង ដៃគូជំនួញផង មើលទៅមិនមែនជារឿងមួយងាយស្រួលនោះឡើយ។ ចង់ឬមិនចង់បញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរនឹងជះឥទ្ធិពលដល់អាជីវកម្ម ហើយសម្ពាធអាជីវកម្មនឹងជះឥទ្ធិពលដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរវិញផងដែរ។ សម្រាប់គូស្នេហ៍ដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ គូរត្រៀមខ្លួនរៀបចំផែនការមួយចំនួនដើម្បីបែងចែកឲ្យដាច់រវាងទំនាក់ទំនងជាគូស្នេហ៍ និងជាដៃគូជំនួញជាមុនដើម្បីជៀសវាងភាពខ្វែងគំនិតគ្នាដែលអាចនឹងកើតមានឡើងដោយជៀសមិនរួចដោយសាកល្បងអនុវត្តយុទ្ធសាស្ត្រ ៨ ចំណុចខាងក្រោមនេះ៖
១.មានចក្ខុវិស័យរួមសម្រាប់អាជីវកម្មរបស់អ្នកទាំងពីរ ការរៀបចំត្រៀមខ្លួនជាមុនមានន័យថាទាំងអ្នក និងគូស្នេហ៍របស់អ្នកកំពុងស្ថិតនៅលើទំព័រតែមួយអំពីផែនការអាជីវកម្ម។ ដូចនៅក្នុងឆាកជីវិតរបស់អ្នកដែរ ការមានផែនការសកម្មភាពដែលត្រូវធ្វើដូចគ្នានឹងធ្វើឲ្យផ្លូវជីវិតរបស់អ្នកដើរទៅមុខកាន់តែងាយស្រួល។ ដូច្នេះ គូររៀបចំផែនការលម្អិតដែលអ្នកទាំងពីរអាចអនុវត្តតាមព្រមៗគ្នា។ នៅពេលអ្នកអនុវត្តយ៉ាងស៊ីជម្រៅទៅតាមផែនការអាជីវកម្មរបស់អ្នក វានឹងជួយអ្នកឲ្យអ្នកអាចកំណត់បានពីបេសកកម្ម និងព្រឹត្តិការណ៍សំខាន់ៗដែលនឹងកើតមានឡើងនៅក្នុងអាជីវកម្មរបស់អ្នកទាំងពីរនៅពេលអនាគត។
២.បែងចែកលក្ខខណ្ឌការងារឲ្យដាច់ពីគ្នា គូស្នេហ៍ដែលទើបនឹងចាប់ផ្តើមទំនាក់ទំនង អាចទាមទារពេលវេលានៅក្បែរគ្នា ២៤ ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលអ្នកទាំងពីរធ្វើជំនួញជាមួយគ្នា អ្នកទាំងពីរត្រូវយល់ថា អ្នកទាំងពីរមានកាតព្វកិច្ចដែលត្រូវធ្វើរៀងៗខ្លួន។ នៅក្នុងលក្ខខណ្ឌនេះ អ្នកទាំងពីរត្រូវបែងចែកឲ្យដាច់រវាងទំនាក់ទំនងជាគូស្នេហ៍ ហើយផ្ដោតសំខាន់លើមុខងាររបស់ខ្លួនដែលត្រូវបំពេញសម្រាប់ការងារអាជីវកម្ម។ អ្នកអាចបែងចែកបន្ទប់ ធ្វើការផ្សេងគ្នា ដើម្បីបង្កើតទម្លាប់មួយរវាងនៅកន្លែងការងារ និងក្រៅធ្វើការប្រកបដោយការទទួលខុសត្រូវពីព្រោះវាអាចធ្វើឲ្យ អ្នកផ្លោតលើផលិតភាពការងារជាសំខាន់។
៣.កុំបង្កើតសត្រូវនឹងគ្នានៅកន្លែងការងារ ជាការពិតនៅក្នុងទំនាក់ទំនងស្នេហា អ្នកទាំងពីរអាចមានភាពរកាំរកូសជាមួយគ្នាដោយជៀសមិនរួច។ ប៉ុន្តែនៅក្នុងបរិបទការងារអាជីវកម្មរបស់អ្នកវិញ វាជារឿងផ្សេង។ អ្នកមិនអាចយកជម្លោះផ្ទាល់ខ្លួនរបស់អ្នកទាំងពីរមកលាយឡំជាមួយនឹងការងារបាននោះឡើយ។ ការងារយកបញ្ហាផ្ទាល់ខ្លួនមកគ្រប់ដណ្តប់លើការងារអាជីវកម្មវាបង្ហាញថា អ្នកទាំងពីរជាមនុស្សគ្មានវិជ្ជាជីវៈ និងអាចជះឥទ្ធិពលដល់អនាគតអាជីវកម្មរបស់អ្នកទៀតផង។ ដើម្បីជៀសវាងបញ្ហានេះកើតមានឡើងបាន អ្នកទាំងពីរគួរស្វែងរកការពិភាក្សាជាមុនដោយបើកចំហធ្វើយ៉ាងណាតម្កល់ផលប្រយោជន៍ក្រុមហ៊ុនរបស់អ្នកជាធំ។
៤.បែងចែកការទទួលខុសត្រូវរៀងៗខ្លួន គូស្នេហ៍ដែលមានឥទ្ធិពលនៅក្នុងអាជីវកម្ម គឺជាគូស្នេហ៍ដែលមានទំនួលខុសត្រូវខ្ពស់បំផុត។ ការទទួលខុសត្រូវនេះវាមិនត្រឹមតែជួយឲ្យមើលទៅថា អ្នកទាំងពីរមានភាពរ៉ូមែនទិច ស៊ីសង្វាក់គ្នានៅក្នុងការងារអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចេះចែករំលែកការងារ និងឲ្យតម្លៃគ្នាទៅវិញទៅមកលើសមត្ថភាពរបស់អ្នកទាំងពីរទៀតផង។ ធ្វើដូចនេះ អ្នកទាំងពីរអាចគ្រប់គ្រងការងារនីមួយៗរបស់អាជីវកម្មបានដោយរលូន។
៥.ត្រៀមលុយសម្រាប់ប្រើប្រាស់ពេលមានការចាំបាច់ សម្រាប់គូស្នេហ៍ដែលមានធ្វើជំនួញរួមគ្នា ងាយនឹងបង្កើតជម្លោះ ឬលែងលះគ្នានៅពេលដែលអ្នកទាំងពីរមិនអាចរកប្រាក់ចំណូលបាន។ វាជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នាដែលចាំបាច់តម្រូវឲ្យអ្នកទាំងពីររៀបចំគម្រោងហិរញ្ញវត្ថុក្នុងចំនួនមួយដើម្បីត្រៀមខ្លួនប្រើប្រាស់នៅពេលដែលជំនួញរបស់អ្នកមិនជោគជ័យ។ ការរៀបចំគម្រោងហិរញ្ញវត្ថុជាមុននេះនឹងធ្វើឲ្យអ្នកទាំងពីរមានទំនុកចិត្តក្នុងការធ្វើអាជីវកម្ម និងអាចរក្សាទំនាក់ទំនងរបស់អ្នកឲ្យនៅដដែលទៀតផង។
៦.ការឲ្យតម្លៃគ្នាគឺជាកូនសោដ៏សំខាន់ ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចរកប្រាក់ចំណូលបាន អ្នកទាំងពីរត្រូវមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមក។ នេះមានន័យថា អ្នកទាំងពីរត្រូវបើកចិត្តឲ្យទូលាយផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមកនៅកន្លែងការងារ និងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ដៃគូ។ នៅពេលអ្នក ទាំងពីរបំពេញការងារជាមួយគ្នារាល់ថ្ងៃ វាក៏អាចងាយស្រួលក្នុងការបំភ្លេចថា ដៃគូអាជីវកម្មរបស់អ្នកក៏ជាដៃគូស្នេហារបស់អ្នកផងដែរ។ ឥរិយាបថដ៏ល្អរបស់គូស្នេហ៍ជោគជ័យ គឺជាគូស្នេហ៍ដែលមានគំនិតវិជ្ជមាន និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។
៧.ចេះអធ្យាស្រ័យ គូស្នេហ៍ដែលបើកអាជីវកម្មរួមគ្នា វាជាទូទៅមានភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងណាស់ និងអាចឈានដល់ការសម្រេចចិត្តមួយខុសដែលនាំឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងផ្លូវចិត្តដែលអ្នកទាំងពីរធ្លាប់ប្ដេជ្ញាចិត្តដើររួមគ្នាពីមុនមក។ ប៉ុន្តែអ្នកអាចលុបបំបាត់ចោលនូវសម្ពាធរវាងទំនាក់ទំនងជាគូស្នេហ៍ និងការងារបានដោយរៀនអធ្យាស្រ័យឲ្យគ្នាឲ្យបានច្រើនបំផុត និងលុបចោលភាពសង្ស័យនានាដែលកើតមានឡើងនៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។
៨.កុំភ្លេចធ្វើជាគូស្នេហ៍ដ៏ល្អ និងដៃគូជំនួញដ៏ល្អ នៅក្នុងទំនាក់ទំនងជាគូស្នេហ៍ អ្នកត្រូវបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកក្នុងនាមជាគូស្នេហ៍ដោយមិនយកបញ្ហាការងារមកលាយឡំនោះឡើយ។ អ្នកទាំងពីរគូរពិភាក្សាគ្នាឲ្យបានច្បាស់លាស់ពី ផែនការទៅថ្ងៃខាងមុខដូចជាផែនការរៀបការ ឬផែនការគ្រួសារជាដើម។ ប៉ុន្តែនៅក្នុងភាពជាដៃគូជំនួញវិញ អ្នកទាំងពីរត្រូវបើកចិត្តឲ្យទូលាយ ពិភាក្សាពីគម្រោងអាជីវកម្ម ពោលគឺការដើរចក្ខុវិស័យរួមគ្នាមួយ និងតម្កល់ផលប្រយោជន៍មុខជំនួញរបស់អ្នកជារឿងសំខាន់៕
ប្រភព៖ business