​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​​



ពាក្យ​សម្ដី​គឺ​ជា​ផ្នែក​មួយ​​ស្ដែង​ចេញ​ពី​អត្តចរិត​របស់​អ្នក​ផ្ទាល់ ហេតុនេះ​នៅ​ពេល​ដែល​អ្នក​និយាយ​អ្វី​ម្ដងៗ អ្នក​គួរ​ប្រយ័ត្ន​ព្រោះ​ថា​បើ​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​និយាយ​ចេញ​មក​ហើយ​គឺ​មិន​អាច​ដក​ទុក​វិញ​បាន​ទេ។ ៦​ឃ្លា​ខាងក្រោម​នេះ​ជា​ឃ្លា​ដែល​អ្នក​គួរ​តែ​ចៀសវាង​ប្រើប្រាស់​វា​នៅ​ពេល​ដែល​អ្នក​ធ្វើការ​ជាមួយ​អ្នកដទៃ។

១)​ វា​​មិន​យុត្តិធម៌​ទេ​៖​ ​ភាគច្រើន ឃ្លា​នេះ​ត្រូវ​បាន​និយាយ​ចេញ​ពី​បុគ្គលិក​ដែល​មិន​ចេះ​ស្កប់ស្កល់​នូវ​អ្វី​ដែល​ខ្លួន​មាន។ បើ​សិន​ជា​អ្នក​មិន​ចូលចិត្ត​នរណា​ម្នាក់ ឬ​មិន​ពេញចិត្ត​នឹង​ការងារ​អ្វីមួយ អ្នក​គួរ​តែ​និយាយ​ត្រង់ៗ​ តែ​ក៏​តាម​កាលៈទេសៈ​ដែរ ទើប​មើល​ទៅ​សម​ជា​អ្នក​មាន​គំនិត​ចាស់​ទុំ។ ​សូម​កុំ​និយាយ​តែ​ពាក្យ​ថា ​មិន​យុត្តិធម៌​ធម៌​ ស្រប​ពេល​ដែល​អ្នក​មិន​បាន​​ធ្វើ​អ្វី​ជា​ដុំកំភួន​។​

២) ធ្លាប់​តែ​បែប​នេះ​រហូត​មក​ហើយ​៖ ​នៅ​ពេល​អ្នក​និយាយ​ឃ្លា​នេះ​ពេល​ណា វា​នឹង​ស្ដែង​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ជំទាស់​ហើយ​មិន​ចេះ​ទទួល​យក​គំនិត​អ្នក​ដទៃ​នោះ​ទេ។  ​ទង្វើ​បែបនេះ ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​ឡើយ​។

៣) មួយ​ភ្លែត​ទេ​រួច​ហើយ៖ គេ​អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​ដែល​មើល​ស្រាល​ការងារ។ មិន​ថា​អ្នកមាន​ទំនុក​ចិត្ត​ប៉ុណ្ណា ឬ​គិត​ថា​ការងារ​នោះ​ងាយស្រួល​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​គួរ​ប្រើប្រាស់​ឃ្លា​នេះ​នោះ​ទេ។

៤) ​វា​មិន​ត្រូវ​នឹង​ការងារ​របស់​ខ្ញុំ​ទេ៖ វា​ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​យើង​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ​លើស​ពី​អ្វី​ដែល​យើង​ចេះ ឬ​ជា​ជំនាញ​របស់​យើង។ យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​គួរ​បដិសេធ​នោះ ហើយ​គួរ​តែ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ចាំ​និយាយ​ជាមួយ​ចៅហ្វាយនាយ​អ្នក​តាម​ក្រោយ​ពី​ការងារ​បន្ថែម​នោះ។

៥) មិនមែន​ជា​កំហុស​របស់​ខ្ញុំ​ទេ៖ ចូរ​កុំ​ទម្លាក់​កំហុស​ឲ្យ​អ្នកដទៃ​ឲ្យ​សោះ។ អ្នក​ត្រូវ​តែ​ចេះ​ទទួលស្គាល់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កំហុស​របស់​ខ្លួន។ និយាយ​ការ​ពិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស​នោះ​អ្នក​នឹង​ត្រូវ​បាន​អ្នកដទៃ​គោរព​ពី​ការ​មិន​ប្រឌិត​រឿងរ៉ាវ។

៦) ​ខ្ញុំ​ស្អប់​ការងារ​នេះ​ណាស់៖​ ​គ្មាន​នរណា​ម្នាក់​ចង់​​ឭ​ ​ពាក្យ​នេះ​ពី​អ្នក​សោះ​ឡើយ។ កុំ​ធ្វើ​ជា​បុគ្គលិក​ដែល​ធ្វើឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​មិន​ល្អ​ហើយ​មិន​ពេញ​ចិត្ត​ខ្លួន។ បើ​អ្នក​ស្អប់​វា ​គួរ​លា​ឈប់​ទៅ​ហើយ​ទៅ​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ទៅ​មិន​មែន​អង្គុយ​រអ៊ូ​រទាំ​មិន​ពេញចិត្ត​ពី​ការងារ​បែប​នេះ​ទេ៕​

​​​​ប្រែ​សម្រួល៖  ​​​តូច ម៉ាយ៉ារស្មី ​ ​ប្រភព៖ ziglarvault.com

X
5s