ធ្វើដូចម្តេចទើបអាចត្រៀមខ្លួនប្រកួតប្រជែងនៅលើទីផ្សារការងារបាន?
ការស្វែងរកបុគ្គលិកដែលមានសមត្ថភាពមកធ្វើការនៅក្នុងក្រុមហ៊ុនមួយមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែតម្រូវការទីផ្សារការងារមានការប្រែប្រួលតាមការវិវត្តរបស់សង្គមជាពិសេសនៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើង។ នេះបានធ្វើឲ្យមានភាពកាន់តែលំបាកសម្រាប់អនាគតទីផ្សារការងារដើម្បីឲ្យប្រាកដថា តើមនុស្សម្នាក់ៗគួរត្រៀមខ្លួនរបៀបណាទើបអាចកំណត់ពីតម្រូវការទីផ្សារការងារបាន?
ជំនាញទន់ជាជំនាញកំពុងត្រូវការបំផុត
ជំនាញទន់ដែលគេហៅថា “Soft Skill” ពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយវាកំពុងមានសក្ដានុពលនៅពេលបច្ចុប្បន្ននេះ។ ភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ (AI) កាន់តែខ្លាំងឡើង មានន័យថាជំនាញរឹង (Hard Skill) តែមួយមុខគឺមិនអាចធ្វើឲ្យអ្នកជោគជ័យទាំងស្រុងបានទេ។ ទន្ទឹមនឹងនេះ ស្របពេលដែលពាក់កណ្តាលនៃជំនាញរឹងដែលនៅសេសសល់កំពុងបាត់ខ្លួនបន្តិចម្ដងៗ ជំនាញទន់ដូចជា ភាពច្នៃប្រឌិត ការអភិវឌ្ឍសមត្ថភាព និងការសហការពិតជាមានតម្លៃណាស់។ នេះជាសារមួយបញ្ជាក់ប្រាប់ទៅអ្នកថា ប្រសិនបើអ្នកមានតែជំនាញរឹង អ្នកមិនអាចប្រកួតប្រជែងនៅលើអនាគតទីផ្សារការងារបាននោះទេ។ អ្នកត្រូវចាំថា អ្នកត្រូវមានជំនាញទាំងពីរនេះដើរទន្ទឹមគ្នាក្នុងពេលតែមួយ។
ហេតុអ្វីមានភាពច្នៃប្រឌិតជារឿងសំខាន់?
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន LinkedIn ដដែលបានលាតត្រដាងនូវជំនាញ៥ ដែលក្រុមហ៊ុនទាមទារជាងគេ ប៉ុន្តែមានបុគ្គលិកតិចតួចបំផុតមានជំនាញទាំងនេះ។ ជំនាញទាំង ៥នេះរួមមាន ភាពច្នៃប្រឌិត (Creativity) ជំនាញពូកែលើកទឹកចិត្ត (Persuasion) ការសហការ (Collaboration) ភាពទន់ភ្លន់ ឬបត់បែនបាន (Adaptability) និងការគ្រប់គ្រងពេលវេលា (Time Management)។ យ៉ាងណាមិញ ភាពច្នៃប្រឌិតគឺជាជំនាញដែលចាំបាច់បំផុត និងសំខាន់ជាងគេ។ មនុស្សដែលមានជំនាញមួយនេះ អាចយកទៅអនុវត្តបានគ្រប់តំណែងទាំងអស់ដែលគ្រឿងម៉ាស៊ីន ឬបច្ចេកវិទ្យា AI មិនងាយនឹងយកទៅចម្លងតាមបានឡើយ។ ក្រុមហ៊ុនស្រាវជ្រាវ McKinsey បានស្រាវជ្រាវផងដែរថា ជំនាញភាពច្នៃប្រឌិតទើបនឹងចាប់ផ្តើមប៉ុណ្ណោះ ហើយវានឹងបន្តសន្ទុះកើនឡើងខ្លាំងនៅពេលអនាគត។
បញ្ហាប្រឈមនៃការវាយតម្លៃលើជំនាញទន់
នៅក្នុងបទសម្ភាសន៍ការងារ ជាធម្មតាអ្នកច្រើនតែសួរបេក្ខជនអំពីជំនាញ និងបទពិសោធន៍ដ៏ច្រើនរបស់បេក្ខជននីមួយៗដើម្បីមើលថា តើពួកគេស័ក្តិសមនឹងតំណែងដែលអ្នកត្រូវការឬអត់? ទោះបីជាបែបនេះក្តី ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនខាងលើបានគូសបញ្ជាក់ថា ជំនាញទន់ហាក់មិនសូវត្រូវបានគេយកទៅសួរជាញឹកញាប់នោះទេនៅពេលសម្ភាសន៍បុគ្គលិក។ តាមពិតអ្នកជំនាញប្រមាណ ៦៨% បាននិយាយថា វិធីចម្បងដែលពួកគេវាយតម្លៃនូវជំនាញទន់របស់បេក្ខជន គឺបានជ្រើសរើសយកចម្លើយដោយផ្អែកទៅលើបទពិសោធន៍សង្គមដែលពួកគេទទួលបាន។ ប៉ុន្តែចម្លើយរបស់ពួកគេហាក់មិនដូចអ្វីដែលក្រុមហ៊ុនចង់បាននោះឡើយ។ ហេតុដូច្នេះអ្វីដែលអ្នកត្រូវត្រៀមខ្លួនសម្រាប់ប្រកួតប្រជែងទីផ្សារការងារនៅពេលអនាគតគឺត្រូវពង្រឹងជំនាញរបស់អ្នកឲ្យកាន់តែប្រសើរឡើង៕
ប្រភព៖ entrepreneur