ហេតុអ្វីបានជាសហគ្រិនត្រូវស្វែងរកឱកាសថ្មីទៀតបើទោះបីជាអាជីវកម្មរបស់ខ្លួនកំពុងជោគជ័យក៏ដោយ?
នៅពេលដែលអាជីវកម្មរបស់អ្នកកំពុងជោគជ័យមិនមែនមានន័យថា ផ្លូវដែលអ្នកដើរលើមុខជំនួញមួយនោះត្រូវបញ្ចប់ត្រឹមហ្នឹងនោះឡើយ។ នៅក្នុងពេលអនាគតយូរអង្វែងបញ្ហាប្រឈមថ្មីៗនឹងកើតមានឡើង ហើយប្រសិនបើអ្នកមិនបានត្រៀមទុក និងសិក្សារៀនសូត្រស្វែងរកឱកាសថ្មីៗជាមុនទេ អាជីវកម្មរបស់អ្នកនឹងស្លាប់ជាមិនខាន។ ដោយសារតែអ្នកចង់ឈរជើងយូរអង្វែងនេះហើយដែលជាមូលហេតុសំខាន់សម្រាប់អ្នកដើម្បីស្វែងរកឱកាសថ្មីៗដែលមាននៅលើទីផ្សារ។
១. សហគ្រិនដែលរឹងមាំគឺត្រូវសម្លឹងមើលឱកាសថ្មីៗនៅលើទីផ្សារជានិច្ច
វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រចម្បងៗ ដែលសហគ្រិនចាប់យកឱកាសថ្មីៗផ្សេងទៀត គឺការស្វែងរកចំណុចខ្វះខាតនៅលើទីផ្សារបើទោះបីជាអាជីវកម្មរបស់ខ្លួនកំពុងរីកចម្រើនទៅមុខក៏ដោយ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃផែនការអាជីវកម្មភាគច្រើន។ យ៉ាងណាក៏ដោយ សហគ្រិនជាច្រើនក៏ត្រូវស្វែងរកនិងវិនិយោគផងដែរទៅលើគំនិតថ្មីៗដែលមានភាពច្នៃប្រឌិតខ្ពស់។
តើផលិតផល ឬសេវាកម្មអ្វីខ្លះដែលអ្នកមើលឃើញថា ដៃគូរបស់អ្នកមិនបានផ្តល់ឲ្យអតិថិជនខណៈដែលអតិថិជនទាំងនោះកំពុងត្រូវការ? តើអ្នកអាចពង្រីកអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេចទើបស្របទៅនឹងតម្រូវការ មានតម្លៃសមរម្យ និងផ្តល់ផលប្រយោជន៍ជាច្រើនទៀតទៅកាន់អតិថិជន?
ក្នុងនាមជាសហគ្រិន អ្នកមិនមែនបង្កើតក្រុមហ៊ុនមួយឡើងដើម្បីតែប្រាក់ចំណេញចូលហោប៉ៅរបស់អ្នកប៉ុណ្ណោះទេ។ អ្នកត្រូវចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់ផលិតផល ឬសេវាកម្មដែលស្របទៅនឹងតម្រូវការរបស់អតិថិជន។ នេះទាមទារឲ្យអ្នកត្រូវចំណាយពេលស្រាវជ្រាវផលិតផលិតផល ឬ សេវាកម្មដែលមានគុណភាពដើម្បីឲ្យអាជីវកម្មរបស់អ្នកជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពប្រចាំថ្ងៃរបស់អតិថិជន។
ឱកាសដ៏ល្អបែបនេះនឹងជួយឲ្យសហគ្រិនផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់សាធារណជន ចូលរួមអភិវឌ្ឍសង្គម និងអាចបង្កើតបណ្ដាញទំនាក់ទំនងកាន់តែខ្លាំងឡើង។ ការលះបង់ពេលវេលា ឬលុយកាក់របស់អ្នកមួយចំនួនទៅឲ្យស្ថាប័ន ក្រុមហ៊ុន ឬអង្គភាពណាមួយដែលមិនមានលទ្ធភាព និងគោលដៅដូចក្រុមហ៊ុនរបស់អ្នកគឺប្រៀបដូចជាអ្នកកំពុងបើកផ្លូវមួយឲ្យខ្លួនឯងដើម្បីដកស្រង់បទពិសោធន៍ថ្មីៗ។ ក្នុងនាមជាសហគ្រិនម្នាក់ ការបន្ថែមគុណតម្លៃថ្មីៗចូលទៅក្នុងជីវិតអ្នក នឹងអាចផ្លាស់ប្ដូរទម្លាប់ធ្វើការ ការសិក្សារៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកដែលជួយជំរុញឲ្យអ្នកកាន់តែជោគជ័យ។
២. ធ្វើជាសហគ្រិនត្រូវចាត់ទុកថា ការរៀនសូត្រគឺជាការងារអាទិភាព
ចំណុចដ៏លំបាកបំផុតមួយក្នុងនាមជាសហគ្រិនម្នាក់ គឺការផ្ដោតលើអាជីវកម្មនៅក្នុងដៃ ខណៈដែលខ្លួនកំពុងយកពេលទៅស្វែងរកអាជីវកម្ម និងរៀនពីឱកាសថ្មីៗ។ យ៉ាងណាមិញ សហគ្រិនដែលផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងការរៀនសូត្រស្វែងយល់ពីឱកាសថ្មីៗ គឺជាសហគ្រិនដែលនឹងបន្តភាពជោគជ័យជាលំដាប់។ ប្រសិនបើអ្នកមានសមត្ថភាពអាចធ្វើវាបាន អ្នកមិនត្រឹមតែក្លាយជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់នៅក្នុងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកមានចំណេះដឹងជាសហគ្រិនភាពកាន់តែទូលំទូលាយជាងមុន។
ដូចមហាសេដ្ឋី Mark Cuban ធ្លាប់បានលើកឡើងថា ភាពជាអ្នកជំនួញមិនមែនត្រឹមតែគិតរឿងលុយកាក់ ឬបណ្ដាញទំនាក់ទំនងតែមួយមុខប៉ុណ្ណោះទេ។ វាជាការប្ដេជ្ញាចិត្តក្នុងការធ្វើការ និងរៀនសូត្រនូវអ្វីដែលថ្មីពីមនុស្សជុំវិញខ្លួន។ លោកបានបន្តថា ប្រសិនបើជំនួញរបស់អ្នកបរាជ័យ អ្នកនឹងបានមេរៀនពីវា ហើយអ្នកនឹងធ្វើបានល្អជាងនេះនៅលើកក្រោយ។
ដើម្បីក្លាយជាសហគ្រិនដែលជោគជ័យ អ្នកត្រូវមានមហិច្ឆតាធំលើការងាររបស់អ្នក និងសិក្សារៀនសូត្រពីមនុស្សផ្សេងទៀតដែលកំពុងធ្វើជំនួញនៅក្នុងឧស្សាហកម្មរបស់អ្នក។ វិធីដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីធ្វើរឿងនេះ គឺការបើកចិត្តឲ្យទូលាយជានិច្ចក្នុងការស្វាគមន៍ឱកាសថ្មីៗ។ អ្នកមិនគួរបណ្តោយឲ្យកាលវិភាគការងារដែលគ្មានទីបញ្ចប់របស់អ្នកមករារាំងអ្នកពីការឈ្មុសឈ្មុលស្វែងរកអាជីវកម្ម និងឱកាសថ្មីៗបាននោះឡើយ៕
ប្រភព៖ Inc