ចង់​​រកស៊ី​លើ​មុខ​ជំនួញ​​​ដែល​អ្នក​​​គ្មាន​ជំនាញ តើ​ត្រូវ​​ធ្វើ​ដូចម្តេច?​



ដូច​ការ​លើកឡើង​របស់​អតីត​អ្នក​ជំនួញ​ល្បីល្បាញ​របស់​អាមេរិក John D. Rockefeller ​ចង់​​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់​មិន​ចាំបាច់​ត្រូវ​ការ​សញ្ញាបត្រ​នោះ​ឡើយ។ ដូចនេះ​ចង់​បើក​មុខ​ជំនួញ​ណា​មួយ​ដែល​អ្នក​គ្មាន​ជំនាញ ឬ​មិន​មាន​បទពិសោធន៍​ក៏​​មិនមែន​ប្រាកដ​ថា អ្នក​នឹង​បរាជ័យ​​នោះ​ដែរ។ ទន្ទឹម​នឹង​នេះ​បើ​អ្នក​គិត​ថា ទាល់តែ​ដូច​មហាសេដ្ឋី Bill Gates ទើប​អ្នក​អាច​ចូល​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន នោះ​ប្រហែល​លោក Steve Jobs និង​លោក Michael Dell ដែល​មិន​មាន​បទពិសោធន៍​លើ​មុខ​ជំនួញ​មួយ​នេះ​​កាល​ពី​នៅ​ក្មេង​នោះ​ប្រហែល​ជា​មិន​ជោគជ័យ​លើ​វិស័យ​នេះ​​ឡើយ​។

 

ការ​គិត​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ឡើយ។ វា​មាន​វិធី​ជា​ច្រើន​ដែល​​អាច​ជួយ​ឲ្យ​អ្នក​​សម្រេច​បាន​ក្តី​សុបិន្ត​នៅ​ក្នុង​អាជីវកម្ម​មួយ​ដែល​អ្នក​មិន​មាន​ជំនាញ​គ្រប់គ្រាន់។ ៤​​វិធី​ខាងក្រោម​​នេះ​ អាច​ផ្តល់​ពន្លឺ​​មួយ​ចំនួន​​​សម្រាប់​អ្នក​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ប្រឡូក​ក្នុង​អាជីវកម្ម​មួយ​ដែល​អ្នក​មិន​មាន​ជំនាញ​​​មែន​នោះ៖

 

១. ចាប់​ផ្តើម​សិក្សា​​​ស្រាវជ្រាវ​លើ​មុខ​ជំនួញ​ដែល​អ្នក​ចង់​ធ្វើ​​ឲ្យ​កាន់តែ​ច្បាស់
អ្នក​មិន​ចាំបាច់​​​​ទៅ​ស្វែង​យល់​ថា តើ​ផលិតផល​​ដែល​​មាន​ស្រាប់​ទាំង​នោះ​ផលិត និង​លក់​​ដោយ​របៀបណា​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​តែ​ដឹង​នោះ​គឺ​ថា តើ​អតិថិជន​ចង់​បាន​អ្វី? តើ​​អាជីវកម្ម​ដឹកនាំ​ដែល​​មាន​ស្រាប់​នៅ​លើ​ទីផ្សារ​​ទាំង​នោះ​​នៅ​ខ្វះ​ចន្លោះ​កន្លែង​ណា​ខ្លះ? ហើយ​ថា តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​ចាប់​យក​ឱកាស​ពី​ចំណុច​ខ្វះខាត​ទាំង​នោះ? ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា អ្នក​នៅ​មាន​ភាព​ខ្វះខាត​ដើរ​មិន​ទាន់​គេ​នៅ​ឡើយ អ្នក​ត្រូវ​បង្កើន​ចំណេះដឹង​តាម​រយៈ​ការ​ស្វែង​រក​អ្នក​ប្រឹក្សា​យោបល់ ចូលរួម​សិក្ខាសាលា​ផ្សេងៗ ការ​បណ្តុះបណ្តាល ឬ​ចូលរួម​​ក្នុង​បណ្ដាញ​អាជីវកម្ម​នានា​ដើម្បី​​សិក្សា​រៀនសូត្រ​បន្ថែម។ ​​

នៅ​ពេល​ដែល​អ្នក​កំពុង​សិក្សា​រៀនសូត្រ អ្នក​ត្រូវ​ព្យាយាម​ឲ្យ​ខ្លាំង​ជាងគេ​បន្តិច ហើយ​មិន​ចាំបាច់​ទទួល​យក​គ្រប់យ៉ាង​ដែល​គេ​ផ្តល់​ឲ្យ​អ្នក​នោះ​ឡើយ។ សូម​ចាំ​ថា នេះ​មិនមែន​រៀន​យក​សញ្ញាប័ត្រ​នោះ​ទេ ប៉ុន្តែ​ជា​ការ​សិក្សា​​រៀនសូត្រ​ដើម្បី​រក​ចម្លើយ​យ៉ាង​សុក្រឹត​មួយ​សម្រាប់​​យក​មក​អនុវត្ត​ក្នុង​អាជីវកម្ម​របស់​អ្នក។ ឧទាហរណ៍​ថា បើ​អ្នក​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​ម៉ូត​សម្លៀកបំពាក់ អ្នក​ត្រូវ​រៀន​ស្រាវជ្រាវ​ពី​ចង្វាក់​នៃ​ការ​ផ្គត់ផ្គង់ ធនធាន​សម្ភារៈ និង​​ដំណើរការ​នៃ​ការ​ផលិត​ជា​ដើម។

 

២. ជួល​មនុស្ស​ដែល​មាន​សមត្ថភាព​ជាង​អ្នក​មក​ធ្វើ​ការ
នៅ​​ពេល​​ធ្វើ​អាជីវកម្ម​ដែល​អ្នក​គ្មាន​ជំនាញ អ្នក​ពិត​ជា​ត្រូវ​ការ​មនុស្ស​ដែល​មាន​សមត្ថភាព​ជាង​អ្នក​មក​ធ្វើ​ការ​ឲ្យ​អ្នក។ នៅ​ក្នុង​​មុខ​ជំនួញ​របស់​អ្នក អ្នក​អាច​​ដឹង​ពី​មធ្យោបាយ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ទៅ​កាន់​អតិថិជន។ ប៉ុន្តែ​នៅ​ក្នុង​ផ្នែក​បច្ចេកទេស​វិញ អ្នក​ត្រូវតែ​រក​មនុស្ស​ដែល​យល់​ច្បាស់​ពី​របៀប​ដែល​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ត្រូវ​បាន​​ផលិត​​ឡើង​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ស្រប​តាម​ការ​ចង់​បាន​របស់​អ្នក។ ហេតុដូច្នេះ​​ហើយ​នៅ​ក្នុង​ចំណុច​នេះ អ្នក​ត្រូវ​រៀបចំ​គោល​បញ្ជី​មួយ​រាយរាប់​ពី​ការងារ​មួយ​ចំនួន​ដែល​អ្នក​មាន​ជំនាញ និង​ការងារ​ផ្សេង​ទៀត​ដែល​អ្នក​​គ្មាន​ជំនាញ​ដើម្បី​​ងាយស្រួល​រក​មនុស្ស​​មក​ធ្វើ​ការ​​សម្រាប់​​បំពេញ​​ចំណុច​ខ្វះខាត​ទាំង​នោះ​ដូច​ជា បុគ្គលិក​ចាត់ការ បុគ្គលិក​ក្រៅ​ម៉ោង ឬ​អ្នក​ជំនាញ​ជាដើម។ ​​

 

៣. ដាក់​​ភាព​ជឿជាក់​លើ​​អ្នក​ជំនាញ​​​​របស់​អ្នក​​​
បន្ថែម​ពី​លើ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការងារ​របស់​អ្នក​កាន់តែ​ងាយស្រួល​ ការ​​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ជំនាញ ឬ​ក្រុម​ការងារ​របស់​អ្នក​គឺ​​ពិត​សំខាន់ណាស់​ចំពោះ​​ការ​ចាប់ផ្ដើម​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​​របស់​អ្នក។ អ្នក​ត្រូវតែ​មាន​ជំនឿ​លើ​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​និយាយ​ថា​ អ្វី​មួយ​ពិតជា​អាច​ទៅ​រួច​ ឬ​មិន​អាច​ទៅ​រួច​ ឬ​ថា​មាន​វិធី​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​​អាច​ឈាន​ទៅ​ដល់​​គោលដៅ​នោះ​។ ប្រសិន​បើ​អ្នក​ ព្យាយាម​ចាប់​បង្ខំ​ពួកគេ​ទាំង​ដែល​អ្នក​មិន​បាន​ផ្តល់​ភាព​ជឿជាក់​ទៅ​ឲ្យ​ពួកគេ​ទេ​នោះ វា​ស្មើ​នឹង​អ្នក​កំពុង​រុញ​ច្រាន​ឲ្យ​ខ្លួន​ឯង​បរាជ័យ។

 

អ្នក​ត្រូវ​ផ្តល់​ភាព​ជឿជាក់​ដល់​​ពួកគេ​​ដោយហេតុ​ថា ​ដើម្បី​បង្ហាញ​ពួកគេ​ថា អ្នកមាន​អ្វី​ដែល​​អ្នក​ត្រូវការ​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​អ្នក​លូតលាស់ និង​​​ធ្វើ​ឲ្យ​ជំនាញ​របស់​ពួកគេ​​កាន់តែ​មាន​ការ​អភិវឌ្ឍ។ ចំណុច​នេះ​អាច​​ធ្វើ​ឡើង​​តាមរយៈ​​ការ​ទំនាក់ទំនង​​ដោយ​បើកចំហ និង​ញឹកញាប់​​បំផុត​។ អ្នក​ត្រូវ​ពន្យល់​​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​ធំ​ៗ របស់​អ្នក​ ហើយ​អ្នក​ក៏​ត្រូវ​សុំ​ឲ្យ​ពួកគេ​ពន្យល់​មូលហេតុ​ដែល​នៅ​ពីក្រោយ​ពួកគេ​​វិញ​ផង​ដែរ​​។ ប្រសិន​បើ​ក្រុម​ការងារ​របស់​អ្នក​និយាយ​ថា​ គម្រោង​មួយ​នឹង​​ត្រូវ​ចំណាយ​ពេល ៦​ ខែ​ទើប​​អាច​បញ្ចប់​បាន​នោះ​វា​ពិត​ជា​អាច​ទៅ​រួច​ដែល​អ្នក​ត្រូវ​និយាយ​ប្រាប់​ពួកគេ​វិញ​ថា ពួកគេ​នឹង​ទទួល​បាន​​អ្វី​ខ្លះ​ប្រសិន​បើ​ពួកគេ​​អាច​ធ្វើ​បាន​លឿន​ជាង​នេះ។ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា អ្នក​នឹង​ទទួល​បាន​ចម្លើយ​ថ្មី​នៅ​ពេល​អ្នក​​បាន​សួរ​សំនួរ​មួយ​នេះ។

 

៤. ពង្រីក​​បណ្ដាញ​ទំនាក់ទំនង​​អាជីវកម្ម​របស់​អ្នក​ជា​មួយ​​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត
ការ​កសាង​ទំនាក់ទំនង​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត​ដែល​​ផ្ដោត​លើ​​ប្រភេទ​​អាជីវកម្ម​ប្រហាក់ប្រហែល​គ្នា ​អាច​ជួយ​បង្កើន​ចំណេះដឹង​របស់​អ្នក​​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក​។ ហេតុដូច្នេះ​ហើយ​អ្នក​មិន​គួរ​ស្ទាក់ស្ទើរ​នោះ​ឡើយ​នៅ​ក្នុង​ការ​ចូលរួម​ជា​សមាជិក​នៃ​សមាគមន៍​អាជីវកម្ម ចូលរួម​កម្មវិធី​សិក្ខាសាលា​អាជីវកម្ម ឬ​ចូលរួម​ស្ម័គ្រចិត្ត​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ។ អ្នក​ត្រូវ​ចាំ​ថា ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​ទទួល​បាន​ការ​គាំទ្រ ​ពី​មហាជន អ្នក​ក៏​ត្រូវ​តែ​ទទួល​បាន​​ការ​គាំទ្រ និង​ជឿជាក់​ពី​ម្ចាស់​អាជីវកម្ម​ដែល​ប្រឡូក​ក្នុង​វិស័យ អាជីវកម្ម​របស់​អ្នក​ដូចគ្នា​ដែរ។ ក្រៅ​ពី​អ្នក និង​អតិថិជន ដៃគូ​​អាជីវកម្ម​នេះ​​ហើយ​ដែល​ជា​មនុស្ស​សំខាន់​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង៕

 

ប្រភព៖ entrepreneur ​​

X
5s