ការស្រាវជ្រាវរកឃើញចំណុចខុសគ្នារវាងអ្នករកស៊ី និងអ្នកធ្វើការឲ្យគេ
នៅក្នុងប្រទេសអាមេរិក មានពលរដ្ឋរបស់ខ្លួន ១៣% គឺជាជំនួញ ឬ ម្ចាស់អាជីវកម្ម (Employer/Entrepreneur) ខណៈដែលពលរដ្ឋដែលនៅសល់ច្រើនលើសលប់ផ្សេងទៀតគឺជាអ្នកធ្វើការឲ្យគេ (Employee)។ យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យហ្ស៊ួរិច (University of Zurich) បានរកឃើញពីចំណុចខុសប្លែកគ្នាមួយរវាងមនុស្សពីរប្រភេទនេះ។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើបានបង្ហាញថា ខណៈដែលអ្នកធ្វើការឲ្យគេ ឬបុគ្គលិក (Employee) ជាមនុស្សមានជំនាញច្បាស់លាស់ សហគ្រិន ឬអ្នករកស៊ី (Entrepreneur) គឺជាមនុស្សដែលមានពហុជំនាញ ( Jack-of-all-trade)។ សាកលវិទ្យាល័យខាងលើបានបញ្ជាក់បន្ថែមទៀតថា សហគ្រិនជាមនុស្សដែលមានចំណេះដឹងទូលំទូលាយដែលទាក់ទងទៅនឹងសហគ្រិនភាព។
ចំណែកឯជបុគ្គលិកវិញ (អ្នកធ្វើការឲ្យគេ) គឺសំដៅលើបុគ្គលិកមួយដែលមានជំនាញឯកទេសច្បាស់លាស់ (Specialist) ដែលធ្វើការជាមួយអ្នកជំនាញផ្សេងទៀតជាបុគ្គលិកដូចគ្នា (Employee) តាមរយៈការងារដែលផ្តល់ឲ្យពីសហគ្រិន (Entrepreneur)។
ផ្អែកលើការស្រាវជ្រាវរបស់សាកលវិទ្យាល័យនេះដែល ធ្វើឡើងទៅលើនិស្សិត ២ ០០០ នាក់មកពីសាលាផ្សេងៗគ្នាបានឲ្យដឹងទៀតថា មនុស្សដែលមានបទពិសោធន៍ និងចំណេះដឹងតាមរយៈការងារផ្សេងៗគ្នា ទំនងជាមានទំនោរក្លាយជាសហគ្រិនច្រើនជាងអ្នកដែលមានជំនាញឯកទេសតែមួយមុខ។ ការស្រាវជ្រាវនេះបន្តទៀតថា លក្ខណៈសម្បត្តិដែលរុញច្រានឲ្យមនុស្សម្នាក់មានអនាគតជាអ្នកធ្វើការឲ្យគេ គឺជាអ្នកដែលស្វែងរកការងារធ្វើ អ្នកដែលស្វែងរកសុវត្ថិភាពប្រាក់ចំណូលមកដោះទាល់ជីវភាពគ្រួសារ អ្នកដែលដាក់ពាក្យធ្វើការងារសាកល្បងជាដើម ដែលចំណុចទាំងនេះបានបង្ហាញពីទំនោរជាអ្នកមានជំនាញឯកទេស។
តាមពិតទ្រឹស្ដី "jack of all trades” នេះគឺបង្កើតឡើងដោយលោក Edward P. Lazear សេដ្ឋកិច្ចវិទូជនជាតិអាមេរិកមកពីសាកលវិទ្យាល័យ Standford។ ក្នុងរយៈពេលស្រាវជ្រាវរាប់សិបឆ្នាំទៅលើនិស្សិតដែលបានបញ្ចប់ថ្នាក់សិក្សានៅថ្នាក់អនុបណ្ឌិតខាងអាជីវកម្ម (MBA) លោកបានរកឃើញថា និស្សិតម្នាក់ដែលរៀនមុខវិជ្ជាជាច្រើន និងធ្វើការងារផ្សេងៗគ្នា ទំនងមានឱកាសក្លាយជាអ្នកជំនួញជាងអ្នកដែលរៀនតែជំនាញឯកទេស។
ឆ្លើយតបទៅនឹងការស្រាវជ្រាវរបស់សេដ្ឋកិច្ចវិទូខាងលើនេះ ការស្រាវជ្រាវសាកលវិទ្យាល័យហ្ស៊ួរិច (University of Zurich) ក៏បានបន្ថែម ទៀតដែរថា សហគ្រិនមិនត្រឹមជាអ្នកដែលមានចំណេះដឹងលើជំនាញជាច្រើនប៉ុណ្ណោះទេ ថែមទាំងជាអ្នកដែលមានបណ្ដាញទំនាក់ទំនងល្អយ៉ាងច្រើនផងដែរដូចជា ជាមួយមិត្រភក្ដិ គ្រួសារ និងដៃគូជំនួញដែលពួកគេអាចពឹងពាក់បាននៅពេលបើកអាជីវកម្ម។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យនេះបានបកស្រាយទៀតថា ការមានបណ្ដាញទំនាក់ទំនងល្អនៅក្នុងសង្គមគឺមានគុណសម្បត្តិធំធេងណាស់ពីព្រោះថា បើអ្នកមានបណ្ដាញទំនាក់ទំនងល្អៗកាន់តែច្រើន អ្នកកាន់តែទទួលបានគំនិតថ្មីៗកាន់តែច្រើនផងដែរដែលធ្វើឲ្យអ្នកសម្រេចបានជោគជ័យក្នុងអាជីវកម្ម៕
ប្រភព៖ businessinsider