អ្នក​ចង់​បង្កើត​អាជីវកម្ម​ថ្មីថ្មោង​​​មិន​គួរ​​មើល​រំលង​មេរៀន​ ១០ ជំហាន​នេះ​ឡើយ​



ជីវិត​ដែល​ពឹង​ផ្អែក​លើ​អាជីវកម្ម​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ បើ​មិន​ដូច្នេះ​ទេ​​ប្រហែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើ​ជំនួញ​បាន​ហើយ។ ​ប្រសិន​បើ​អ្នក​យល់​ថា អ្នក​មាន​​ភាព​ជឿជាក់ និង​មាន​ជំនាញ​លើ​​ការ​ប្រកប​អាជីវកម្ម​​ណា​មួយ​នោះ​​ហើយ វា​ដល់​ពេល​ដែល​អ្នក​​គួរ​តែ​សាកល្បង​ម្តង​ហើយ។ ប៉ុន្តែ​អ្នក​គួរ​ពិនិត្យ​មើល​មេរៀន​ ១០ ខាងក្រោម​នេះ​ជា​មុន​សិន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​អាជីវកម្ម​នៅ​ពេល​ខាងមុខ។ ​

 

១."ជំហាន​ដំបូង” គឺ​ជា​កូនសោ​សំខាន់​បំផុត​
ដំបូន្មាន​សំខាន់​មួយ​សម្រាប់​សហគ្រិន​គ្រប់គ្នា​នៅ​ទី​នេះ គឺ​​ការ​បំបាត់​ចោល​ភាព​ភ័យខ្លាច​ជា​ជំហាន​ដំបូង​ដែល​ត្រូវ​ធ្វើ​មុន​គេ។ នៅ​ពេល​អ្នក​អាច​យ​ក​ឈ្នះ​ភាព​ភ័យខ្លាច​បាន មានន័យ​ថា អ្នក​អាច​ជោគជ័យ​បាន​​ពាក់​កណ្តាល។ គ្មាន​សហគ្រិន​ណា​ម្នាក់​កើត​មក​ជា​មួយ​នឹង​អំណាច​ខ្លាំង​ពូកែ​​នោះ​ឡើយ ហើយ​បើ​ទោះបី​ជា​បុគ្គល​នោះ​ខ្លាំង​ពូកែ​​ស្ទាត់​ជំនាញ​​នៅ​ក្នុង​ជំនួញ​យ៉ាងណា​ក៏ដោយ បើ​មិន​​មាន​​មហិច្ឆតា​ដើរ​តាម​ក្តី​សុបិន​របស់​ខ្លួន​ដែល​ខ្លួន​ចង់​ធ្វើ​ និង​ស្រលាញ់​នោះ​​ទេ គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ សូម​​កុំ​គិត​​ច្រើន​ពេក ហើយ​ឈប់​ភ័យខ្លាច​ងាក​មក​​ផ្តោត​លើ​គោលដៅ​ដែល​អ្នក​ចង់​ធ្វើ​វិញ​ជា​រឿង​សំខាន់។

 

២. ចាប់​ផ្តើម​ពី​ក្រុម​ការងារ​​តូច​មួយ
ក្រុម​ការងារ​ដំបូង​ដែល​ចាប់​ផ្តើម​ធ្វើ​ដៃគូ​អាជីវកម្ម​ជាមួយ​អ្នក​មិន​ចាំបាច់​ទាល់តែ​មាន​មនុស្ស​ចូលរួម​ច្រើន​នោះ​ទេ អ្វី​ដែល​សំខាន់​​អ្នក​គួរ​ចាប់​ផ្តើម​ចេញ​ពី​ក្រុមហ៊ុន​​មនុស្ស​មួយ​ក្រុម​តូច​​​ដែល​មាន​ចក្ខុវិស័យ ឆន្ទៈ គំនិត​ យុទ្ធសាស្ត្រ ភាព​ជឿជាក់​និង​មហិច្ឆតា​​ដើរ​ជា​មួយ​អ្នក​ទៅ​បាន​ហើយ។ អ្នក​ត្រូវ​​ប្រាកដ​ថា ក្រុម​ការងារ​ដ៏​តូច​នេះ​នឹង​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​សំខាន់​នៅ​ពេល​ខាងមុខ​ដែល​អាច​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​លូតលាស់​ខ្លាំង​ឡើង។

 

៣. គោរព​ទស្សនៈ​ ឬ​មតិយោបល់​ផ្សេងៗ​ពី​ក្រុម​ការងារ​របស់​អ្នក
គំនិត ទស្សនៈ មតិយោបល់​នឹង​ត្រូវ​បាន​លើក​ឡើង​ផ្សេងៗ​គ្នា​​​ចេញ​ពី​​ក្រុម​ការងារ​របស់​អ្នក។ សូម​កុំ​យក​បញ្ហា​ផ្ទាល់​ខ្លួន​ដាក់​ជា​បញ្ហា​រួម ឬ​​កុំ​លើក​តម្កើង​ទស្សនៈ​របស់​ក្រុម​ការងារ​ម្នាក់ ហើយ​មិន​ឲ្យ​តម្លៃ​គំនិត​យោបល់​របស់​ក្រុម​ការងារ​ផ្សេង​ទៀត​។ អ្នក​ត្រូវ​បង្កើត​​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន​​ដើម្បី​​បង្កើត​បរិយាកាស​ការងារ​មួយ​ដែល​មាន​ភាព​ឯកភាព​គ្នា​​​នៅ​ទីបំផុត​នៅ​ពេល​មាន​​ទស្សនៈ​ផ្សេងៗ​គ្នា​ចេញ​ពី​ក្រុម​ការងារ​ ហើយ​​​ត្រូវ​តម្កល់​ផលប្រយោជន៍​ក្រុមហ៊ុន​ជា​​ធំ។

 

៤. បង្កើត​វប្បធម៌​ល្អ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន
ក្នុងនាម​​អ្នក​ជា​អ្នក​កាន់​ភ្លើងគប់​ឲ្យ​ក្រុមហ៊ុន អ្នក​គួរ​​ចំណាយពេល​ដើម្បី​កសាង​វប្បធម៌​​ដ៏​ល្អ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន។ បើ​ទោះបី​ជា​ក្រុមហ៊ុន​របស់​អ្នក​មាន​ត្រឹម​មនុស្ស ២​នាក់ ឬ ១ ០០០ នាក់​ក៏ដោយ ការ​កសាង​វប្បធម៌​ដ៏​ល្អ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​គឺ​ជា​មូលដ្ឋានគ្រឹះ​​ដ៏​សំខាន់​សម្រាប់​អនាគត​ជោគជ័យ​នៅ​ពេល​ខាងមុខ​។

 

៥. អំណាច​នៃ​បច្ចេកវិទ្យា
នៅ​សតវត្ស​ទី ២១ ​នេះ ការ​ផ្សារភ្ជាប់​អាជីវកម្ម​ទៅ​នឹង​បច្ចេកវិទ្យា​គឺ​មិន​អាច​ខ្វះ​បាន​​នោះ​ឡើយ ពី​ព្រោះ​ថា វា​អាច​ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​រីក​លូតលាស់​ទៅ​មុខ​បាន​កាន់តែ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​​ថា បច្ចេកវិទ្យា​មាន​ការ​ផ្លាស់ប្ដូរ​លឿន​ជាង​មនុស្ស​ឆ្ងាយ​ណាស់។ ហេតុដូច្នេះ​​ហើយ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ធ្វើ​បច្ចុប្បន្ន​ភាព​អាជីវកម្ម ស្រាវជ្រាវ និង​បណ្តុះបណ្តាល​​ដៃគូ​អាជីវកម្ម បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ ផ្សេងៗ​ទៀត​ឲ្យ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ឲ្យ​បាន​កាន់តែ​ច្រើន។

 

៦. លើក​ទឹកចិត្ត​ក្រុម​ការងារ
ក្រុមការងារ​មួយ​ដែល​មាន​កម្លាំង​ចិត្ត​ខ្លាំង គឺ​ជា​ក្រុម​ការងារ​ដែល​ជោគជ័យ។ ​ហេតុដូច្នេះ​​ហើយ​អ្នក​ត្រូវ​រក្សា​ក្រុម​ការងារ​របស់​អ្នក​ឲ្យ​មាន​ថាមភាព​​ជា​ប្រចាំ និង​ឧស្សាហ៍​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បាន​ទៀងទាត់។ ចំណុច​នេះ​អ្នក​ត្រូវ​ជ្រើសរើស​បុគ្គលិក​ដោយ​ប្រុងប្រយ័ត្ន បណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ពិនិត្យ​មើល​ពី​ចំណុច​ខ្វះខាត​ផ្សេងៗ​ដែលជា​តម្រូវការ​ចាំបាច់​សម្រាប់​​ធ្វើ​ឲ្យ​ការងារ​មាន​ផលិតភាព។ សម្រាប់​ក្រុម​ការងារ​ស្នូល​របស់​អ្នក អ្នក​ត្រូវ​លើកទឹកចិត្ត​ឲ្យ​មាន​ភាព​ដឹកនាំ​​ដ៏​ល្អ​មួយ​នៅ​ពេល​អនាគត ហើយ​ជៀសវាង​ដាច់ខាត​ការ​គ្រប់គ្រង​មួយ​តាម​បែប​​ផ្ដាច់ការ។

 

៧. បង្កើត​គោលការណ៍​គ្រឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុមហ៊ុន
បញ្ហា​ផ្សេងៗ​នឹង​កើត​មាន ដូចនេះ​ហើយ​អ្នក​ត្រូវ​បង្កើត​គោលការណ៍​គ្រឹះ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង។ នៅ​ត្រង់​នេះ​អ្នក​ត្រូវ​​ធ្វើ​ឲ្យ​មាន​ថាមភាព​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​​តាម​រយៈ​​បំផុស​ឲ្យ​មាន​ទស្សនៈ ឬ​គំនិត​​សុទិដ្ឋិនិយម​ ហើយ​ត្រូវ​ចែករំលែក ឲ្យ​តម្លៃ និង​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ស្ថាប័ន​ទាំងមូល​តាម​ដែល​អាច​ធ្វើ​បាន។

 

៨.កុំ​បោះបង់​
សូម​ចាំ​ថា នៅ​ពេល​អ្នក​ធ្វើ​ជំនួញ អ្នក​គឺ​ត្រូវ​តាំង​ខ្លួន ជា​អ្នក​ប្រយុទ្ធ មិនមែន​ជា​អ្នក​ចុះញ៉ម​ដោយសារតែ​មាន​ឧបសគ្គ ឬ​​ភាព​បរាជ័យ​នៅ​ខាងមុខ​អ្នក​នោះ​ទេ។ អ្នក​ត្រូវ​ចាំ​ថា បរាជ័យ​ផ្តល់​មក​ឲ្យ​អ្នក​នូវ​មេរៀន​ដ៏​ល្អ រីឯ​ឧបសគ្គ​វិញ​គឺ​ជា​ថ្នាំប៉ូវ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ បន្ទាប់​មក​អ្វីៗ​នឹង​ក្លាយ​​ជា​រឿង​អស្ចារ្យ​សម្រាប់​អ្នក។

 

៩. រីករាយ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​បន្តិចបន្តួច​របស់​អ្នក
រាល់​ភាព​ជោគជ័យ​របស់​អ្នក​បើ​ទោះបី​ជា​វា​បន្តិចបន្តួច​ក៏ដោយ អ្នក​គួរតែ​អរគុណ​ខ្លួន​ឯង និង​រីករាយ​នឹង​ទទួល​យក​វា។ ភាព​ជោគជ័យ​បន្តិចបន្តួច​នេះ វា​នឹង​​រីក​ធំធាត់​បន្តិច​ម្តងៗ​រហូត​ដល់​ធ្វើ​ឲ្យ​​​ស្ថាប័ន​ទាំង​មូល​ជោគជ័យ។ អ្នក​ត្រូវ​ចែករំលែក​នូវ​ចំណុច​ល្អៗ​ទាំង​នេះ​ទៅ​កាន់​ក្រុម​ការងារ​ទាំងមូល​ដើម្បី​​លើក​ទឹកចិត្ត និង​​ប្រាប់​​ពួកគេ​​​ថា ពួកគេ​ក៏​មាន​ចំណែក​ក្នុង​ភាព​ជោគជ័យ​ជា​មួយ​អ្នក​ដែរ​។

 

១០.កសាង​បណ្ដាញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ធំ
ចំណុច​សំខាន់​បំផុត​ចុងក្រោយ​មួយ​ទៀត​ដែល​សហគ្រិន​ទាំងអស់​ត្រូវ​ស្វែងយល់​នោះ​គឺ​ថា អាជីវកម្ម​មួយ​មានស្ថិរភាព​យូរអង្វែង​ត្រូវ​ពឹងអាស្រ័យ​ជា​សំខាន់​លើ​ភាព​វៃឆ្លាត និង​ប៉ិនប្រសព្វ​របស់​អ្នក​ដឹកនាំ​នៅ​ក្នុង​ការ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ ជា​ពិសេស​ដៃគូ​អាជីវកម្ម​ដែល​ជោគជ័យ។ ដូច្នេះ​ អ្នក​ត្រូវ​ចំណាយ​ពេល​មួយ​ចំនួន​ដើម្បី​លៃលក​សិក្សា​រៀនសូត្រ​បន្ថែម ចែករំលែក និង​បង្កើត​ចំណង​មិត្តភាព​ឲ្យ​បាន​ច្រើន​បំផុត​ពី​មនុស្ស​ជុំវិញ​ខ្លួន​តាម​ដែល​អាច​ធ្វើ​បាន៕

 

ប្រភព៖ cnbc ​​​​​​​

X
5s