អស្ចារ្យណាស់! ជនបរទេសម្នាក់បង្កើត កម្មវិធីបកប្រែអង់គ្លេស-ខ្មែរ ខ្មែរ-អង់គ្លេស ប្លែកពី Google Translate
បើនិយាយអំពី Google Translate នរណាក៏ស្គាល់ថាវាជាកម្មវិធីបកប្រែភាសាជាច្រើនភាសាដែលមានអ្នកនិយមប្រើប្រាស់ទូទាំងពិភពលោក។ ប៉ុន្តែថ្មីៗនេះមានជនបរទេសម្នាក់មានគំនិតបង្កើតកម្មវិធីបកប្រែភាសាអង់គ្លេស-ខ្មែរ និង ខ្មែរ-អង់គ្លេស ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់។
លោក Karel Kulhavy ជនជាតិ ឆេក បានបង្កើតកម្មវិធីមួយឈ្មោះថា កម្មវិធីបកប្រែដើមត្នោត ឬភាសាអង់គ្លេស Sugar Palm Tree Translator ដោយចំណាយពេលបង្កើតកម្មវិធីនេះឡើងអស់រយៈពេល ១ ០០០ម៉ោង ពីព្រោះតែលោកបង្កើតឡើងដើម្បីប្រើប្រាស់ដោយខ្លួនលោកពីដំបូង។ លោកបានមានប្រសាសន៍ លោកមានការពិបាកក្នុងការប្រើប្រាស់ Google Translate ពីព្រោះតែវាផ្លាស់ប្ដូរអត្ថន័យរបស់ពាក្យច្រើនពេក ហើយមួយវិញទៀតលោកចង់រៀនភាសាខ្មែរផងដែរ ដូចនេះហើយ លោកបានសម្រចបង្កើត កម្មវិធីមួយនេះឡើង។
កម្មវិធីបកប្រែដើមត្នោត ដំណើរការខុសពី Google Translate ត្រង់ថាវាមិនផ្លាស់ប្ដូរអត្ថន័យច្រើន មានការបកប្រែម្ដងមួយពាក្យៗឬឃ្លាៗ មានរបៀបអានបញ្ចេញសម្លេងទាំងភាសាខ្មែរនិងអង់គ្លេស និងមានតំណភ្ជាប់វចនានុក្រមចំនួន៤រួចជាស្រេចបន្ថែមទៀតផងនៅពេលអ្នកត្រូវការ។ ប្រសិនបើលោកអ្នកគិតថាការបកប្រែនោះមិនទាន់ល្អ ឬមិនទុកចិត្ត លោកអ្នកអាចចុចលើតំណវចនានុក្រមដើម្បីរកមើលអត្ថន័យបន្ថែមទៀត។
បន្ថែមទីនេះ កម្មវិធីនេះមាន Report a bad translation - រាយការណ៍បកប្រែមិនត្រូវ ផងដែរ ដោយលោកអ្នកអាចរាយការណ៍ក្នុងការបកប្រែមិនត្រឹមត្រូវ ឆ្គងអត្ថន័យ ឬមានមតិយោបល់បន្ថែមចង់កែលំអ ដោយចុចលើប៊ូតុងព័ណ៌ក្រហមនោះវានឹងធ្វើការភ្ជាប់ទៅកាន់ Messenger ដូចនេះលោកអ្នកអាចផ្ងើរសារកែលំអដើម្បីឲ្យកាន់តែប្រសើរថែមទៀតនៅពេលក្រោយ។
កម្មវីធីនេះល្អសម្រាប់អ្នកប្រើប្រាស់ជនបរទេស និងជនជាតិខ្មែរដែលមានបំណងរៀនភាសាអង់គ្លេស ឬភាសាខ្មែរ និងបង្កើនសម្ថភាពភាសារបស់ខ្លួន។
លោកបានមានប្រសាសន៍ថា ក្នុងពេលអនាគត ចង់បន្ថែមឲ្យមានការបកប្រែដោយប្រើប្រាស់សម្លេងផងដែរ ដោយអ្នកប្រើប្រាស់អាចនិយាយជាសម្លេងហើយការបកប្រែនឹងប្រែជាសម្លេងមកវិញផងដែរ ឬដាក់អត្ថបទចូលហើយមានការបកប្រែជាសម្លេងមកវិញ ដើម្បីជួយឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។
សូមបញ្ចាក់ផងដែរថា លោក Karel Kulhavy មានកំណើតនៅក្នុងប្រទេស ឆេក ហើយលោកបានរស់នៅក្នុងប្រទេសកម្ពុជា ៣ឆ្នាំមកហើយ ដោយសព្វថ្ងៃលោកគឺជាម្ចាស់ភោជនីយដ្ឋាន
Sugar Palm Tree Seafood Restaurant ផងដែរ។
លោក Karel Kulhavy បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ដោយមុខជំនាញរបស់លោកគឺ Operating System Networking and Compilers ពីសកលវិទ្យាល័យ Charles University។
ជាចុងក្រោយ លោក ស្នើរសុំក៏ដូចជាសុំណូមពរឲ្យប្រជាជនខ្មែរទាំងអស់ជួយប្រើប្រាស់ និងលើកតំកើង ផ្សព្វផ្សាយកម្មវិធីមួយនេះផង ពីព្រោះលោកបង្កើតវាឡើងគឺសម្រាប់ប្រជាជនខ្មែរ និងអ្នកដែលត្រូវការប្រើប្រាស់រៀនភាសាអង់គ្លេស៕
សាកល្បងប្រើប្រាស់កម្មវិធីនេះ៖ http://ronja.twibright.com/daemtnaot.php?fbclid=IwAR3fQbtMbnwtq6Kz3AgSz2Ogx5OTTManXajSIFINqVMwga6jEn6nBIbToJA
ដោយ៖ លង់ វណ្ណៈ