ក្បួន​​សំខាន់​បំផុត​ទីមួយ​នៅ​ក្នុង​អាជីវកម្ម​ដែល​សហគ្រិន​​​គួរតែ​ដឹង​



តើ​អ្វី​ទៅ​ជា​ក្បួន​​សំខាន់​បំផុត​មួយ​នៅ​ក្នុង​អាជីវកម្ម​ដែល​អ្នក​​​គួរ​តែ​ដឹង? ប្រសិន​បើ​អ្នក​បាន​សួរ​សំនួរ​នេះ​ទៅ​កាន់​សហគ្រិន​ ឬ​អ្នក​​មាន​ជំនួញ​ផ្ទាល់​ខ្លួន ​ចម្លើយ​ដែល​ទូទៅ​នោះ គឺ​ត្រូវ​រក​លុយ​ឲ្យ​បាន​ច្រើន​។ ចម្លើយ​បែប​នេះ​វា​មិន​ខុស​ទេ ប៉ុន្តែ​វា​មិនមែន​ជា​ចម្លើយ​ដែល​អ្នក​ទទួល​បាន​ពី​សៀវភៅ និង​មេរៀន​​អាជីវកម្ម​ដែល​អ្នក​បាន​រៀន​នៅ​សាលា​នោះ​​ឡើយ​។

 

តើ​អ្នក​មាន​ធ្លាប់​គិត​ដល់​ការ​បង្កើន​​តម្លៃ​ដៃគូ​​​ភាគហ៊ុន​ (Shareholder)​របស់​​អ្នក​ដែរ​ឬទេ? ប្រសិន​បើ​នេះ​ជា​ចម្លើយ អ្នក​ប្រហែល​ជា​អាច​សួរ​ទៀត​ថា បើ​​ធ្វើ​អាជីវកម្ម​មិន​រក​លុយ​តើ​ធ្វើ​ដើម្បី​អ្វី? ជា​ការពិត​ទោះ​​ក្រុមហ៊ុន​​របស់​អ្នក​​ជា​ក្រុមហ៊ុន​ស្វែង​រក​ប្រាក់​ចំណេញ ឬ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ក៏ដោយ ការ​រក​ចំណូល​គឺ​ជា​​​​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ដាក់​នៅ​ខាង​​មុខ​គេ​ និង​យុទ្ធសាស្ត្រ​គឺ​ជា​​​ចំណុច​ស្នួល​នៃ​អាជីវកម្ម​​។ បើ​ក្រុមហ៊ុន​អ្នក​រក​ចំណូល​មិន​បាន អ្នក​មិន​អាច​ឈរ​ជើង​នៅ​លើ​ទីផ្សារ​បាន​ទេ។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ចំណូល​ជា​ដង្ហើម​អុកស៊ីហ្សែន​របស់ក្រុមហ៊ុន​។

 

ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​យក​មក​ពិចារណា​នោះ​គឺ​ថា តើ​ដៃគូ​ជំនួញ​របស់​អ្នក​ជា​នរណា? មិន​ចំពោះ​ថា បុគ្គលិក ​នៅ​ក្នុង​ក្រុមហ៊ុន អ្នក​ផ្គត់ផ្គង់ អ្នក​លក់ អ្នក​ចែកចាយ​ មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ ធនាគារ អាជ្ញាធរ​ផ្សេងៗ​​ដែល​ទទួល​ខុសត្រូវ​​​លើ​ផ្នែក​ច្បាប់​បង្កើត​ក្រុមហ៊ុន ​ពន្ធអាករ​ ជា​ដើម គឺ​បុគ្គល​ទាំង​នេះ​សុទ្ធតែ​មាន​ប្រយោជន៍​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់​ចេញ​ពី​អាជីវកម្ម​របស់​អ្នក។

 

នៅ​ពេល​អ្នក​សិក្សា​លើ​ជំនាញ​អាជីវកម្ម អ្នក​នឹង​យល់​ថា ដៃគូ​​ភាគហ៊ុន​​សំខាន់​បំផុត​របស់​អ្នក​គ្មាន​អ្នកណា​ក្រៅ​តែ​ពី​ដៃគូ​​​វិនិយោគ (Investor) ដែល​បោះទុន​​​ជា​​ប្រាក់ ឬ​ជា​ចំណេះដឹង​ចូល ​ភាគហ៊ុន​រកស៊ី ជា​មួយ​អ្នក​នោះ​ឡើយ។ មាន​សហគ្រិន​ច្រើន​ណាស់​ដែល​ជឿជាក់​ថា ដៃគូ​វិនិយោគ​​គឺ​ជា​មនុស្ស​​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន ហេតុដូច្នេះ​ហើយ​នៅ​ពេល​អ្នក​ដាក់​ចេញ​យុទ្ធសាស្ត្រ​រក​ស៊ី​ ភារកិច្ច​សំខាន់​របស់​អ្នក​នោះ​គឺ​ប្រាកដ​ណាស់​ថា ត្រូវ​តែ​ធ្វើ​ឲ្យ​តម្លៃ​​របស់​ដៃគូ​ភាគហ៊ុន​ទាំង​នោះ​​មាន​ការ​កើន​ឡើង (ប្រាក់​ចំណេញ​)។

 

ចំណុច​ដំបូង និង​សំខាន់​បំផុត​នោះ​គឺ​ថា ប្រាក់​ចំណេញ​​គឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​តែ​មាន​នៅ​ក្នុង​​គោលដៅ​ក្រុមហ៊ុន​របស់​អ្នក។ ជា​ថ្មី​ម្តង​ទៀត​អាច​និយាយ​បាន​ថា លុះត្រាតែ​មាន​អុកស៊ីហ្សែន ទើប​​​មាន​ចំហេះ​ភ្លើង។ ប្រាក់​ចំណេញ​កើត​ចេញ​ពី​ការ​បង្កើត​ប្រាក់ចំណូល​មួយ​ដែល​គ្រប់គ្រាន់​សម្រាប់​ទូទាត់​លើ​​ការ​ចំណាយ​​នានា​ ហើយ​​សង្ឃឹម​ថា ​​​នឹង​អាច​មាន​លទ្ធភាព​វិនិយោគ​បន្ថែម​ទៀត​លើ​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​វា​លូតលាស់​ទៅ​មុខ​។ ហេតុដូច្នេះ​​​ហើយ​យុទ្ធសាស្រ្ត​របស់​អ្នក​គួរតែ​ដាក់​បញ្ចូល​​នូវ​គោលដៅ​ចំនួន​២ គឺ​ទី១) ការ​បង្កើន​ប្រាក់ចំណូល​​បន្ថែម និង​ទី២​) ​​ត្រូវ​កាត់​បន្ថយ​ចំណាយ។

 

ច្រក​ផ្លូវ​មួយ​ដែល​អាច​ឲ្យ​គោលដៅ​របស់​អ្នក​ខាងលើ​អាច​ទៅ​រួច គឺ​ទាមទារ​ឲ្យ​អ្នក​មាន​​ភាព​ច្នៃប្រឌិត និង​ត្រូវ​​មាន​សមត្ថភាព​ជា​​អ្នកដឹកនាំ​ដ៏​ប៉ិនប្រសព្វ​មួយ​រូប​​ដើម្បី​​​ទទួល​ខុសត្រូវ​លើ​​អនាគត​អាជីវកម្ម​របស់​អ្នក​។ ជា​ឧទាហរណ៍ ការ​បង្កើន​ប្រាក់​ចំណូល​បន្ថែម មានន័យ​ថា អ្នក​ត្រូវ​តែ​​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​ការ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ដែល​ ​អាច​ជួយ​លើកកម្ពស់​ និង​លើកទឹកចិត្ត​​ដល់​អតិថិជន​ឲ្យ​ត្រឡប់​មក​គាំទ្រ​សេវាកម្ម​របស់​អ្នក​វិញ។ ជាទូទៅ​វា​មិន​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ចាយ​ប្រាក់​ច្រើន​នោះ​ឡើយ​​​ដើម្បី​​ផ្តល់​ទំនុកចិត្ត​ឡើង​វិញ​ពី​អតិថិជន​​ ដែល​វា​ប្រសើរ​ជាង​ការ​ព្យាយាម​​យក​ចិត្ត​យក​ថ្លើម​​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដើម្បី​ចាប់​យក​អតិថិជន​​ថ្មី​​​ៗ​មក​ជំនួស​​អតិថិជន​ចាស់ៗ។

 

ចំណុច​មួយ​ទៀត​ទាក់ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ក៏​អាច​ជួយ​​រំដោះ​អ្នក​បាន​ខ្លះ​ផង​ដែរ។ ​មាន​សហគ្រិន​ច្រើន​ណាស់​ដែល​យក​វិធីសាស្ត្រ​កាត់បន្ថយ​បុគ្គលិក ឬ កាត់​បន្ថយ​ការ​​នាំចូល​សេវាកម្ម​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ក្រុមហ៊ុន។ ចំណុច​នេះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​អ្នក​ក៏​ពិតមែន ក៏ប៉ុន្តែ​យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​រឿង​មួយ​​ឈឺក្បាល​សម្រាប់​អ្នក​ត្បិតអី​អ្នក​ត្រូវ​ការ​សេវាកម្ម​ថ្មី បុគ្គលិក​ថ្មី ឧបករណ៍​ថ្មី​ សម្រាប់​យក​មក​ពង្រីក​ជំនួញ​ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ។

 

ក្បួន​សំខាន់​បំផុត​មួយ​ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​ដឹង​នៅ​ទី​នេះ គឺ​ដាក់​គោលដៅ​ថា ប្រាក់​ចំណូល​​នៅ​ខាងមុខ​គេ​ បន្ទាប់​មក​យុទ្ធសាស្ត្រ​ជា​ចំណុច​ស្នួល​សំខាន់​​បំផុត​មួយ។ គោលដៅ​នីមួយៗ​របស់​អ្នក​គួរតែ​ឆ្លើយតប​ទៅ​នឹង​សំនួរ​នេះ​គឺ​ថា "តើ​​យុទ្ធសាស្ត្រ​នេះ​អាច​ជួយ​ឲ្យ​​ខ្ញុំ​​បង្កើត​​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​​ឲ្យ​ក្រុមហ៊ុន​ដែរ​ឬទេ?” ប្រសិន​បើ​វា​មិន​អាច​ទេ អ្នក​មិន​​ត្រូវ​ទម្លាក់​​ចោល​គោលដៅ​នោះ​ចោល​ឡើយ ហើយ​សាក​ឆ្លើយ​ទៅ​នឹង​សំនួរ​មួយ​ទៀត​ថា " តើ​គោលដៅ​នេះ​អាច​ជួយ​ខ្ញុំ​បង្កើន​តម្លៃ​ដៃគូ​ភាគហ៊ុន​ដោយ​របៀបណា?”​

 

សរុប​មក​វិញ កិច្ចពិភាក្សា​លើ​ប្រធានបទ​នេះ​ គឺ​មាន​គោលបំណង​ចង់​ឲ្យ​សហគ្រិន​មាន​​តុល្យភាព​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន និង​មាន​មហិច្ឆតា​ដើម្បី​រក​លុយ​ដែល​ជា​ក្បួន​សំខាន់​បំផុត​មួយ​នៅ​ក្នុង​អាជីវកម្ម៕

 

ប្រភព៖ entrepreneur ​

X
5s