តិចនិក​ ៤ សំខាន់​សម្រាប់​អ្នក​ដែល​ចង់​​​ផ្សារភ្ជាប់​​ជីវិត​ក្នុង​អាជីវកម្ម ​​



ការ​កសាង​ជីវិត​មួយ​​ដែល​យក​មុខ​ជំនួញ ឬ​អាជីវកម្ម​មក​ធ្វើ​ជា​មុខរបរ​ចិញ្ចឹម​ជីវិត ពិត​ជា​រឿង​មួយ​មិន​ងាយស្រួល​នោះ​ឡើយ។ តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ក្នុង​ចំណោម​ ១០​នាក់​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម? ចម្លើយ​គឺ​មនុស្ស​ប្រហែល ៨ នាក់​បាន​បរាជ័យ ខណៈ​ដែល​អ្នក​ជោគជ័យ​​អាច​មាន​ត្រឹមតែ ២ នាក់​ប៉ុណ្ណោះ។ នេះ​ក៏ដោយសារតែ​នៅ​ពី​ក្រោយ​អាជីវកម្ម​ វា​មាន​រឿងរ៉ាវ និង​មូលហេតុ​ជា​ច្រើន​​បាន​កើត​មាន​ឡើង​ដែល​មានតែ​អ្នក​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ជាងគេ​ថា តើ​វា​ជា​អ្វី?

 

យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ជោគជ័យ ជីវិត​អាជីវកម្ម​​ផ្តល់​គុណសម្បត្តិ​​យ៉ាង​ច្រើន​ដល់​អ្នក ដែល​នោះ​គឺ​​​ចំណេះដឹង បទពិសោធន៍ និង​ជា​ពិសេស​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ត្រឡប់​មក​វិញ។ តើ​អ្នក​ហ៊ាន​សាកល្បង​ទេ? ប្រសិន​បើ​អ្នក​ក្លាហាន ចង់​ប្រឡូក​ក្នុង​ជីវិត​មួយ​​ដែល​យក​អាជីវកម្ម​ជា​ឆ្នាំងបាយ អ្នក​មិន​គួរ​ភ្លេច​យុទ្ធសាស្ត្រ​ ៤​​ខាងក្រោម​នេះ៖ ​​​

 

១. មាន​ចក្ខុវិស័យ​ច្បាស់​លាស់​ពី​អាជីវកម្ម​របស់​អ្នក​​
ទៅ​កន្លែង​ណា​ក៏ដោយ អ្នក​ត្រូវ​ដឹង​ថា អ្នក​កំពុង​​ចង់​ទៅ​ណា​ឲ្យ​ប្រាកដ​។ អ្នក​អាច​រក​លុយ​តាម​អនឡាញ​បាន​ ប៉ុន្តែ​នេះ​​មិនមែន​មានន័យ​ថា អ្នក​មាន​អាជីវកម្ម​​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ដើម្បី​កសាង​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ​មួយ អ្នក​ត្រូវ​មើល​សម្លឹង​ឲ្យ​បាន​វែងឆ្ងាយ​ពី​មូលហេតុ​ និង​គោលបំណង​ដែល​អ្នក​ចង់​ធ្វើ​អាជីវកម្ម​។ អ្នក​ត្រូវ​​យល់​​ថា តើ​អ្នក​ណា​ខ្លះ​ដែល​អ្នក​អាច​ជួយ​បាន? ហើយ​ថា​តើ​អ្នក​អាច​ជួយ​អ្នក​ទាំង​នោះ​បាន​អ្វី​ខ្លះ? សារ​របស់​អ្នក​ វា​មិន​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន​ទេ ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​នោះ​ឡើយ។ បើ​ទោះបី​ជា​វិធី​កសាង​​ជីវិត​ផ្សារ​ភ្ជាប់​ទៅ​នឹង​មុខ​ជំនួញ វា​មិនមែន​ជា​រឿង​ងាយស្រួល​ក៏ដោយ ​ប្រសិន​បើ​អ្នក​មាន​ចក្ខុវិស័យ​មួយ​វែងឆ្ងាយ និង​ច្បាស់លាស់​​ អ្នក​ពិត​ជា​អាច​ធ្វើ​បាន។ ប្រសិន​បើ​អ្នក​នៅ​មាន​ភាព​ស្រពិចស្រពិល អ្នក​ត្រូវ​ចំណាយ​ពេល​​​បង្កើត​វា​ឡើង និង​រៀបចំ​គម្រោង​ចេញ​ធ្វើ​អាជីវកម្ម។

 

២. កសាង​មូលដ្ឋាន​គ្រឹះ​អាជីវកម្ម​ខ្លួន​ឯង
មូលដ្ឋាន​នៃ​​ជីវិត​​អាជីវកម្ម​របស់​អ្នក​ចាប់ផ្តើម​​ឡើង​ពី​រចនាសម្ព័ន្ធ​​អាជីវកម្ម។ អ្នក​ត្រូវ​សម្រេចចិត្ត​ថា​ អ្នក​ត្រូវ​​កសាង​មូលដ្ឋាន​​គ្រឹះ​​​នៃ​​អាជីវកម្ម​មួយ​​ចេញ​ពី​ខ្លួន​ឯង ហើយ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​នោះ​គឺ​ត្រូវ​ពឹង​អាស្រ័យ​លើ​ហេតុផល​មួយ​គឺ​​ថា តើ​អ្នក​ចង់​ទៅ​ណា? មិនមែន​ពឹង​លើ​ទិដ្ឋភាព​ជាក់ស្តែង​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ មូលដ្ឋាន​គ្រឹះ​នេះ​គឺ​​ត្រូវ​ធ្វើ​វា​ឲ្យ​សកម្ម​ផង​ដែរ​នៅ​លើ​​បណ្តាញ​អនឡាញ​ដូច​ជា បង្កើត​គេហទំព័រ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន បង្កើត​បណ្តាញ​សង្គម​ បង្កើត​អ៊ីមែល​ក្រុមហ៊ុន និង​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​នៅ​អនឡាញ និង​មិន​អនឡាញ​ជា​ដើម។ នៅ​ក្នុង​ជីវិត​អាជីវកម្ម អ្នក​ត្រូវ​ការ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​​​ចូល​ទៅ​ប្រឡូក​នៅ​លើ​ទីផ្សារ។

 

៣. បង្កើន​ការ​យល់​ដឹង​ដល់​អតិថិជន​ថា មនុស្ស​គ្រប់គ្នា​មិនមែន​សុទ្ធតែ​អតិថិជន​របស់​អ្នក​ឡើយ ​​​​
មាន​មនុស្ស​ច្រើន​ណាស់​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​លើ ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​​នេះ។ ដើម្បី​ឲ្យ​អតិថិជន​ស្គាល់​អាជីវកម្ម​របស់​អ្នក​កាន់តែ​ច្បាស់ អ្នក​នឹង​ត្រូវ​ការ​​​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​ព័ត៌មាន បណ្ដាញ​សង្គម ចែក​ខិត្តប័ណ្ណ បង្កើត​​បណ្ដាញ​ទីផ្សារ​ជា​ដើម។ ប៉ុន្តែ​​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​អតិថិជន​ភ័ន្តច្រឡំ​ពី​អាជីវកម្ម​របស់​អ្នក​នោះ​ឡើយ។ អ្នក​ត្រូវ​ចងចាំ​ថា គោលដៅ​អាជីវកម្ម​​របស់​អ្នក​មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ឡើយ ហើយ​មាន​មនុស្ស​មួយ​ក្រុម​ដែល​នឹង​ប្រើប្រាស់​សេវាកម្ម ឬ​ផលិត​ផល​របស់​អ្នក។ ដូចនេះ អ្នក​ត្រូវ​ប្រាកដ​ថា តើ​អ្នក​គួរ​ពង្រីក​ការ​យល់​ដឹង​នៃ​អាជីវកម្ម​របស់​អ្នក​ទៅ​អ្នកណា​ខ្លះ? នៅ​កន្លែង​ណា? ​​​​

 

៤. បង្កើត​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន​ដែល​នឹង​ធ្វើ​ឲ្យ អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​
វិធី​ដ៏​ល្អ​បំផុត​មួយ​​នៅ​ក្នុង​ចំណោម​វិធី​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​នោះ​ គឺ​ការ​រៀបចំ និង​កសាង​ប្រភព​ចំណូល​​ចេញ​ពី​អាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ នៅ​ក្នុង​ពិភព​អាជីវកម្ម​អ្នក​អាច​បង្កើត​ប្រភព​ចំណូល​បាន​លើស ២០ នៅ​ក្នុង​ពេល​ដំណើរ​គ្នា​នេះ​ដែល​មាន​ទាំង​នៅ​លើ​​អនឡាញ និង​ដោយ​ផ្ទាល់​ក្តី។ ការ​​លក់​ផលិតផល និង​សេវាកម្ម​​​​តាម​វិធីសាស្ត្រ​ជា​ច្រើន នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​ ហើយ​វា​នឹង​​អាច​ជួយ​​ការពារ​ហានិភ័យ​ផ្សេងៗ​ដែល​នឹង​កើត​មាន​ឡើង​ចំពោះ​អាជីវកម្ម​​ផ្សេង​ទៀត​​ដែល​នឹង​អាច​ដួលរលំ។

 

តាម​ពិត​ទៅ ដើម្បី​ទាក់ទាញ​អតិថិជន​មក​ទិញ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក អ្នក​អាច​​​មាន​វិធី​ច្រើន​យ៉ាងណាស់ ហើយ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ឲ្យ​កាន់តែ​ល្បីល្បាញ​​ជា​មុន​សិន។ នៅ​ពេល​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ហើយ​នោះ ការ​គាំទ្រ​នឹង​មាន​ការ​កើន​ឡើង ហើយ​ប្រាក់​ចំណូល​នឹង​​ហូរ​ចូល​ទៅ​តាម​នោះ​ដែរ។ ជីវិត​អាជីវកម្ម​គឺ​មាន​ភាព​ស្មុគស្មាញ​ណាស់ ប៉ុន្តែ​ផ្លែផ្កា​របស់​វា គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ប្រសិន​បើ​អ្នក​បាន​ជោគជ័យ ហើយ​នោះ​គឺ​ជា​ជីវិត​មួយ​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​បំផុត៕

 

ប្រភព៖ Entrepreneur ​​

X
5s