​​​៤​ចំណុច​នេះ​​បញ្ជាក់​ថា ​ទំនាក់ទំនង​ផ្អែមល្ហែម​របស់​អ្នក​ ជៀស​មិន​រួច​ពី​ផ្លូវបំបែក​​



វា​ជា​រឿង​ជៀស​មិន​ផុត​នោះ​ទេ​​ ក្នុង​ការ​ចាប់ដៃ​គ្នា​សាង​អនាគត​​រវាង​ មនុស្ស​ប្រុស​ និង​ ស្រី​។ ​ប៉ុន្តែ​ទម្រាំ​អាច​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​រួមរស់​ជា​មួយ​គ្នា​នោះ គឺ​វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ព្រោះ​ កាល​ណា​មនុស្ស​ពីរ​នាក់​អាច​ចាប់ដៃ​គ្នា​យូរអង្វែង​ទាល់តែ​ ​​ពួកគេ​មាន​ចំណុច​ស្រដៀង​គ្នា​ច្រើន​ ជាពិសេស​នោះ​គឺ​ការ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ខ្ពស់​បំផុត​ បើ​មិន​ដូច្នោះ​ទេ​​ ទំនាក់ទំនង​នឹង​ត្រូវ​រលាយ​ទៅវិញ​យ៉ាង​រហ័ស​បំផុត​។​​

ខាងក្រោម​នេះ គឺ​ជា​​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ទំនាក់ទំនង​របស់​អ្នក​មិន​អាច​រក្សា​យូរអង្វែង​បាន​ឡើយ​៖

១) ​​មិន​អាច​ទទួល​យក​អត្តចរិត​របស់​​គ្នា​ទៅវិញ​ទៅ​មក​​​​៖ ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ មាន​អត្តចរិត ​និង បែបបទ​នៃ​ការរស់នៅ​ផ្សេងៗ​គ្នា​។ ​​ក្នុង​គ្រាដំបូង​ដែល​ មនុស្ស​ពីរ​នាក់​ចាប់ផ្តើម​មាន​អារម្មណ៍​លើ​គ្នា​ ពួកគេ​មិនបាន​គិត​លើ​អ្វី​ច្រើន​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​មាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​សិន​។ ​លុះ​ដល់​​ពួកគេ​កាន់តែ​​ស្គាល់​គ្នា​ច្បាស់​ទៅ​ ក៏​ចាប់ផ្តើម​ដឹង​អំពី​ចំណុច​អាក្រក់​រៀងៗ​ខ្លួន​។ ពេល​ខ្លះ​មិនមែន​ដោយសារតែ​ នរណា​ម្នាក់​មាន​ចំណុច​អាក្រក់​អ្វី​ខ្លាំង​ពេក​នោះ​ទេ​ គ្រាន់តែ​វា​ខុស​នឹង​អ្វី​ដែល​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ចង់​បាន​ប៉ុណ្ណោះ​ជាហេតុ​នាំ​ឲ្យ​មាន​ភាព​រកាំរកូស​ជាមួយគ្នា​។ ​នៅ​ពេល​ស្គាល់​គ្នា​កាន់តែ​យូរ​ទៅ​ ម្នាក់ៗ​ចាប់ផ្តើម​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​ខ្លួន​ ហើយ​ចង់​ឲ្យ​ដៃគូ​​ទទួល​យក​អ្វី​ដែល​ជា​របស់​​ខ្លួន​​។ ក្នុង​ស្ថានភាព​នេះ​ បើ​ម្ខាង​មិន​អាច​ទទួល​យក​បាន​ទេ​ នោះ​មាន​ន័យ​ថា ទំនាក់ទំនង​​នេះ​នឹង​រលាយ​ទៅវិញ​។ ​ ​​​​​​

២) ​ខ្វះ​ការ​អធ្យាស្រ័យ​៖ ​​មនុស្ស​ពីរ​នាក់​ដែល​ចង់​​សាង​ទំនាក់ទំនង​​ដ៏​យូរ​អង្វែង​បាន​នោះ គឺ​វា​ពិត​ជា​មិន​អាច​ខ្វះ​នូវ​ការ​អធ្យាស្រ័យ​បាន​នោះ​ទេ​។ ​ប៉ុន្តែ​ក្នុង​ភាព​ជាក់ស្តែង​ ប្រសិនបើ​​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ តែង «​ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង​»​នោះ​ពិតជា​មិន​អាច​បន្តដំណើរ​ឆ្ពោះ​ទៅ​រក​សុភមង្គល​ក្នុង​ការ​សាង​ជីវិត​គ្រួសារ​បាន​ឡើយ​។

៣) ​ខ្វះ​ការ​យកចិត្តទុកដាក់៖ ​​​​​ការ​យកចិត្ត​ទុកដាក់​របស់​ជីវិត​គូស្នេហ៍​ខ្លះ​ គឺ​​ល្អ​តែ​ដំបូងៗ​ប៉ុណ្ណោះ​ លុះដល់​គ្រា​​បន្តបន្ទាប់​ក៏​ចាប់ផ្តើម​ថយ​ទៅវិញ​។ ពេល​ខ្លះ​មិន​មែន​មាន​ន័យ​ថា ​ពួកគេ​ឈប់​ត្រូវការ​គ្នា​នោះ​ទេ​ គ្រាន់តែ​ដោយសារតែ​ការ​រវល់​នឹង​ការងារ​ ឬ ការ​សិក្សា​ជា​ដើម​ ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ហាក់​រយាល​បន្តិច​។ ​ចំណុច​​នេះ​ហើយ​ អាច​ធ្វើ​ឲ្យ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គិត​ថា ​ដៃគូ​របស់​ខ្លួន​ឈប់​ស្រលាញ់​ ​ហើយ​ភាព​រង្គោះរង្គើ​អាច​នឹង​ចាប់ផ្តើម​បន្តិច​ម្តងៗ​។

៤) ​គ្មាន​ភាព​ស្មោះត្រង់៖ ​​​មនុស្ស​ពីរ​នាក់​​អាច​រស់​​នៅ​ជាមួយ​គ្នា​បាន​យូរអង្វែង​ គឺ​ត្រូវ​មើល​លើ​ភាព​ស្មោះត្រង់​ជា​សំខាន់​។ ដូច្នេះ​ហើយ​ បើ​​ម្នាក់​ណា​ក្នុង​ចំណោម​ពួកគេ​មិន​មាន​ភាព​ស្មោះត្រង់​ទេ​នោះ​ វា​នឹង​បង្ក​ឲ្យ​ទំនាក់ទំនង​ឈាន​ដល់​ផ្លូវ​បំបែក​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ទ្រាំ​ដើរ​កាន់ដៃ​សាង​វិថី​ជីវិត​​ ជាមួយ​មនុស្ស​​ក្បត់​បាន​ឡើយ​៕

ដោយ​៖ អ៊ុន ភក្តី​ ​ប្រភព៖ hubpages.com, www.lifehack.org & lifeasahuman.com

X
5s