ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Codingate៖ ម្ចាស់អាជីវកម្មគួរងាកមកប្រើបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធិភាពការងារ
លោក សុខ សុភមង្គល សហគ្រិនវ័យក្មេងនិងជាស្ថាបនិកក្រុមហ៊ុន Codingate ជាក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យាដែលកំពុងមានការទទួលស្គាល់ច្រើនទាំងទីផ្សារជាតិនិងអន្តរជាតិ បានចែករម្លែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Bizkhmer ថា ម្ចាស់អាជីវកម្មគួរតែផ្លាស់ប្ដូរការគ្រប់អាជីវកម្មបែបបុរាណ ហើយងាកមកប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាដើម្បីជម្រុញឲ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ននេះអ្នករកស៊ីធំៗ ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន តែងតែមានការព្រួយបារម្ភច្រើនពីដំណើរការអាជីវកម្មរបស់ខ្លួនដោយសារតែមុខជំនួញរបស់ពួកគាត់ កាន់តែធំអាជីវកម្មកាន់តែរីកចម្រើន និងពិសេសនោះ គឺមានអ្នករកស៊ីខ្លះកាន់អាជីវកម្មរហូតជិតដប់ឬជាងដប់ឯណោះនៅក្នុងដៃប៉ុន្តែពួកគាត់បែរជានៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបែបបុរាណនៅឡើយ ដូច្នេះអ្វីដែលជាផលវិបាកសម្រាប់ពួកគាត់គឺនៅពេលដែលអាជីវកម្មកំពុងដំណើរការគឺ ពួកគាត់ពិបាក និងដឹងថាតើ អាជីវកម្មរបស់គាត់ចំណេញឬខាត។ នេះជាការលើកឡើងរបស់ស្ថាបនិកវ័យក្មេងរូបនេះ។
លោក សុភមង្គល បានបន្តថា ការគ្រប់គ្រងអាជីវកម្មមួយឲ្យប្រកបដោយប្រសិទ្ធិភាព និងជោគជ័យបានត្រូវផ្អែកសំខាន់ទៅលើការគ្រប់គ្រងទិន្នន័យ ចាំបាច់ណាស់ត្រូវតែមានការរៀបចំឲ្យបានត្រឹមត្រូវ មានការបូកសរុបទិន្នន័យឲ្យមានភាពច្បាស់លាស់ ដើម្បីឲ្យម្ចាស់អាជីវកម្មងាយស្រួលនៅក្នុងការសម្រេចចិត្ត ក៏ដូចជាអាចដឹងពីប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់។ មួយវិញទៀត ការប្រើបច្ចេកវិទ្យាអាចជួយសម្រួលយ៉ាងច្រើនដល់ការទំនាក់ទំនងរវាងក្រុមហ៊ុនឬអាជីវកម្មរបស់ពួកគាត់ជាមួយនិងអតិថិជនឲ្យកាន់តែមានភាពឆាប់រហ័សនិងឆ្លាតវៃ។
ចាប់តាំងតែពីឆ្នាំ២០១៦ មក កំណើននៃអាជីវកម្មបើកថ្មី និងការអភិវឌ្ឍន៏បច្ចេកវិទ្យាក្នុងវិស័យ ហិរញ្ញវត្ថុ (FinTech)មានការកើនឡើងគួរអោយកត់សំគាល់ ដូចជា mobile Wallet, Mobile Banking, E-banking បានផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការទិញ លក់ វឺផ្ទេរសាច់ប្រាក់តាមប្រព័ន្ធ e-banking។ នេះសរបញ្ជាក់អោយឃើញថា ប្រជាជនខ្មែរមានភាពផ្សុំានឹងយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលនិងបង្កើតប្រសិទ្ធភាពការងាររបស់ពួកគេ។
ចំណុចសំខាន់មួយទៀតម្ចាស់អាជីវកម្មត្រូវដឹងថាបច្ចេកវិទ្យាគឺមានរបត់ច្រើន ហើយបច្ចុប្បន្នមនុស្សកំពុងតែចំណាយពេលច្រើនទៅលើបច្ចេកវិទ្យា ដូច្នេះម្ចាស់អាជីវកម្មត្រូវដឹងថាតើខ្លួនត្រូវប្រើប្រាស់បច្ចេកវិទ្យាបែបណាដើម្បីអាចបង្កើននូវប្រសិទ្ធិភាពការងាររបស់ខ្លួនបាន តើយើងប្រើប្រាស់បច្ចេកវិទ្យាបានច្រើនប៉ុណ្ណាហើយ? តើពេលវេលាដែលយើងប្រើប្រាស់នោះមានប្រសិទ្ធិភាពដែរឬទេ?
លោក សុខ សុភមង្គល៖ "ម្ចាស់អាជីវកម្មនិងគេងលក់បានស្ងប់ដោយសារតែពួកគាត់អាចដឹងថាអាជីវកម្មរបស់គាត់ដើរដល់ណាហើយ និងដឹងពីភាពរីកចម្រើនទៅជំហ៊ានមុខនៃការប្រើប្រាស់អាជីវកម្មរបស់គាត់ថាបានដល់កម្រិតណាហើយ តាមរយៈប្រសិទ្ធិភាពនៃការប្រើបច្ចេកវិទ្យា"៕
អត្ថបទ៖ ជួប ស្រីរ័ត្ន