ចំណុច ៤យ៉ាង ដែលសហគ្រិនអាចរៀនសូត្រពីអ្នកនេសាទត្រី
អ្នកនេសាទត្រី ក៏អាចផ្ដល់មេរៀនយ៉ាងសំខាន់សម្រាប់សហគ្រិនគ្រប់រូបផងដែរ ប្រសិនបើយើងចេះមើលឃើញពីចំណុចសំខាន់ដែលពួកគេអនុវត្តប្រចាំថ្ងៃ។ មេរៀនទាំងបួនយ៉ាងដែលសហគ្រិនគួររៀនសូត្រពីអ្នកនេសាទត្រីនោះគឺ៖
១) ធ្វើអ្វីដែលស៊ីសង្វាក់គ្នា
អ្នកនេសាទត្រី គឺមានពេលវេលាច្បាស់លាស់ ក្នុងការនេសាទប្រចាំថ្ងៃ ហើយសកម្មភាពរបស់គេគឺស៊ីសង្វាក់គ្នា ពោលគឺគ្មានការផ្លាស់ប្ដូរនោះទេមិនថាពេលដែលគេចេញពីផ្ទះ ការរាយសំណាញ់ ឬមងជាដើម។ គ្មានការរអ៊ូរទាំ ឬអាចនិយាយថាជារឿងធម្មតានៅថ្ងៃណា ដែកពួកគេស្ទួច ឬរកត្រីមិនបាន។ បើគេរកត្រីមិនបាននឹងជំរុញចិត្តគេឱ្យខិតខំបន្ថែមទៀតនៅថ្ងៃបន្ទាប់ៗ។ នេះជាមេរៀនដែលសហគ្រិនគួររៀនសូត្រតាម។ ត្រូវកំណត់សកម្មភាពអាជីវកម្មឱ្យស៊ីសង្វាក់គ្នា ហើយត្រូវជំរុញទឹកចិត្តដើរទៅមុខជានិច្ចទោះបីជាពេលខ្លះជួបរឿងរកាំរកូសក៏ដោយ។
២) ប្រើប្រាស់ធនធានដែលខ្លួនមានឱ្យអស់
អ្នកនេសាទ គ្មានអ្វីច្រើនទេ មានតែទូកជួនកាលមានគ្មានទាំងម៉ាស៊ីនទៀតផង (ទូកចែវ) មង ឬសំណាញ់ ឬសន្ទូច និងឧបករណ៍ដាក់ត្រីជាដើម។ ទោះជាគ្មានរបស់អ្វីផ្សេងដែលលើសហ្នឹងតែអ្នកនេសាទឱ្យតម្លៃទៅលើធនធានដែលគេមាន។ ដូចគ្នានេះដែរ សហគ្រិនត្រូវតែចេះប្រើធនធានរបស់ខ្លួនឱ្យបានអស់ និងចេះឱ្យតម្លៃទៅលើអ្វីដែលខ្លួនមាន។ នេះជាគោលគំនិតមួយដែលអាចនាំគេឱ្យជោគជ័យ។
៣) ស្វែងយល់ថាតើយើងអាចចូលក្នុងសហគមន៍ចុះយ៉ាងម៉េចបាន?
អ្នកនេសាទនៅតំបន់មួយចំនួន គឺមិនមែនរកត្រីសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃនោះទេ ប៉ុន្តែផ្គត់ផ្គង់ដល់សហគមន៍ទាំងមូលថែមទៀតផង។ សហគ្រិនបច្ចុប្បន្នហាក់មើលមិនសូវឃើញពីការបង្កើតអាជីវកម្មដែលផ្ដោតសំខាន់ទៅលើសហគមន៍នោះទេ។ ផ្ដោតទៅលើសហគមន៍គឺមានប្រយោជន៍យ៉ាងធំធេងទៅដល់សេដ្ឋកិច្ចជាតិ សហគមន៍ខ្លួនផ្ទាល់ និងមានតម្លៃក្នុងភ្នែកសាធារណជន។
៤) បើកចិត្តទូលាយក្នុងការផ្លាស់ប្ដូរ៖
ជារឿងធម្មតា ប្រសិនបើអ្នកនេសាទមិនអាចរកត្រីបានដោយប្រើវិធីដដែលដែលខ្លួនធ្លាប់ធ្វើ ពួកគេនឹងស្វែងយល់ដើម្បីរកវិធីផ្លាស់ប្ដូររកត្រីឱ្យបាន។ ដូច្នេះ ជាសហគ្រិនទៀតសោត គឺត្រូវតែផ្ដោតយ៉ាងសំខាន់ទៅលើគោលដៅអាជីវកម្ម ប៉ុន្តែមិនដំណើរការល្អទេនោះ គឺត្រូវតែបើកចិត្តឱ្យទូលាយដើម្បីធ្វើការផ្លាស់ប្ដូរ៕
ដោយ៖ រតនៈវិភូ