ហេតុ​ចំនួន ៨ បញ្ជាក់​ថា ហេតុអ្វី​បាន​​ជា​អ្នក​មិន​អាច​សម្រេច​គោលដៅបាន​?​



ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អ្នក​ចេះ​តែ​ស្រមៃ​ថា​សម្រេច​បាន​គោលដៅ​នេះ​​គោលដៅ​នោះ​ ប៉ុន្តែ​គ្មាន​គោលដៅ​ណា​មួយ​អ្នក​សម្រេច​បាន​​តាម​អ្វី​ដែល​អ្នក​ប៉ង​នោះ​ឡើយ។ វា​បន្ត​បរាជ័យ​ជា​បន្តបន្ទាប់ ហើយ​បន្ទាប់​មក​អ្នក​ចេះ​តែ​មាន​អារម្មណ៍​​ធុញថប់ ខកចិត្ត អស់​សង្ឃឹម រហូត​​ដល់​បញ្ហា​ទាំង​នេះ​វា​បាន​ក្លាយ​ជា​ទម្លាប់​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​​​របស់​អ្នក។ តើ​អ្នក​មាន​បាន​ត្រួតពិនិត្យ​ឡើង​វិញ​ទេ​ថា តើ​អ្វី​ទៅ ជា​ឧបសគ្គ​មិន​ឲ្យ​សម្រេច​គោលដៅ​នេះ​បាន? ចំណុច​ខាងក្រោម​នេះ អាច​បង្ហាញ​​មូលហេតុ​មួយ​ចំនួន​ដែល​​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​គោលដៅ​បាន។ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​អ្នក​កំពុង​តែ​ជួប?

១.ខ្លួន​គ្មាន​លំនឹង​​ច្បាស់លាស់

អ្នក​​សប្បាយ​ចិត្ត​នឹង​គោលដៅ​របស់​អ្នក​ តែ​ក្រោយ​មក​អ្នក​បាន​រេចិត្ត​ងាក​ទៅ​​​ធ្វើ​អ្វី​​ផ្សេង​​ដែល​នៅ​​​ទីបំផុត​អ្នក​មិន​បាន​បញ្ចប់​​វា​តាម​ការ​គ្រោង​ទុក។ គោលដៅ​ចាស់​មិន​បាន​បញ្ចប់ ហើយ​គោលដៅ​ថ្មី​ក៏​មិន​ជោគជ័យ ជា​លទ្ធផល​អ្នក​បរាជ័យ​ទាំងអស់។

២.មិន​បាន​ចងក្រង​ផែនការ​​ដែល​ត្រូវ​ធ្វើ

ពេញ​មួយ​ឆ្នាំ​អ្នក​ចង់​បាន​ផ្ទះ​ធំ​ដោយ​មិន​បាន​សង់​គ្រឹះ​ដ៏​រឹងមាំ តើ​វា​អាច​ទៅ​រួច​ទេ? ចម្លើយ​គឺ​មិន​អាច​ឡើយ។ ចង់​សម្រេច​គោលដៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៩ ខាងមុខ អ្នក​ត្រូវ​រៀប​​ផែនការ​មួយ​ឡើង​ថា អ្នក​​ចង់​បាន​អ្វី? ត្រូវ​ធ្វើ​អ្វី​ខ្លះ?​ ប្រើ​ពេល​ប៉ុន្មាន? និង​លម្អិត​ពី​ចំណុច​ផ្សេងៗ​​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​នោះ។

៣.ខ្វះ​ឆន្ទ មហិច្ឆតា​តូច​

គោលដៅ​របស់​អ្នក​ធំ​កម្រិត​ណា? សូម​ចាំ​ថា បើ​គោលដៅ​របស់​អ្នក​ធំ អ្នក​ធ្វើ​តិច លទ្ធផល​គឺ​បរាជ័យ។ ​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​មហិច្ឆតា​ធំ ការ​ប្ដេជ្ញាចិត្ត​ធំ និង​ប្រឹងប្រែង​ឲ្យ​ខ្លាំង​បំផុត ពោល​គឺ​ថា អ្នក​ត្រូវ​ធ្វើ​ឲ្យ​វា​មាន​តុល្យភាព​រវាង​អ្វី​ដែល​អ្នក​ចង់​បាន និង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។

៤.ខ្វះ​ភាព​ជឿជាក់​លើ​គោលដៅ​របស់​ខ្លួន

អ្នក​ទំនង​ដាក់​គោលដៅ​ថា អ្នក​នឹង​រក​លុយ​ឲ្យ​បាន ១​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល ២ ខែ ឬ ចង់​រកស៊ី​នៅ​ឆ្នាំ​ក្រោយ​ជា​ដើម។ ប៉ុន្តែ​វា​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយសារតែ​សម្ដី​​អវិជ្ជមាន​របស់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​នៅ​ទីបំផុត​អ្នក​ក៏​បោះបង់​​វា​ចោល​ទៅ​។ ខ្វះ​ជំនឿ​ជឿជាក់​លើ​គោលដៅ​ខ្លួន​​ឯង​ដោយ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​មក​កំណត់ អ្នក​នឹង​​គ្មាន​ថ្ងៃ​ស្គាល់​​សេចក្តី​សុខ​លើ​ភាព​ជោគជ័យ​ពី​គោលដៅ​របស់​ខ្លួន​ឡើយ​​។

៥.ទំនាក់ទំនង​នៅ​មាន​កម្រិត

បើ​អ្នក​មិន​បាន​ស្វែងរក​ដៃគូ​ទំនាក់ទំនង​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ គោលដៅ​របស់​អ្នក​ក៏​មិន​ងាយ​ជោគជ័យ​ដែរ។ទំនាក់ទំនង​មាន​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ។ រាប់​អាន​អ្នក​ជោគជ័យ អ្នក​នឹង​​ជោគជ័យ​ដែរ។ ចង់​​ឲ្យ​គោលដៅ​ជោគជ័យ អ្នក​គួរ​ស្វែងរក​អ្នកណា​ដែល​អាច​ពិភាក្សា​ពី​គោលដៅ​របស់​អ្នក​បាន និង​ជួយ​ជ្រោមជ្រែង​ផ្តល់​ប្រឹក្សា​ឲ្យ​​អ្នក​នៅ​ពេល​អ្នក​ពឹងពាក់។

៦.មិន​ចូលចិត្ត​ការ​រិះគន់​របស់​អ្នកដទៃ

គ្រប់​ការ​រិះគន់​របស់​អ្នកដទៃ​មិនមែន​សុទ្ធតែ​មិន​ល្អ​ទាំងអស់​នោះ​ទេ។ មនុស្ស​មួយ​ចំនួន​មាន​ចេតនា​ចង់​កែលំអ​អ្នក​ឲ្យ​កាន់តែ ប្រសើរ​ជាង​មុន។ ប៉ុន្តែ​បើ​​អ្នក​យល់​ថា ​ការរិះគន់​​ទាំង​នោះ​គ្មាន​តម្លៃ វា​នឹង​ក្លាយ​ជា​ឧបសគ្គ​មួយ​ទៀត​ដល់​សម្រេច​គោលដៅ​របស់​អ្នក។

៧.មាន​ទម្លាប់​ធ្វើ​ការងារ​​ដដែលៗ

ទម្លាប់​មាន​ឥទ្ធិពល​ដល់​ខ្លាំង​ណាស់​​ដល់​ភាព​​ជោគជ័យ​របស់​អ្នក។ នៅ​ពេល​អ្នក​​មាន​គោលដៅ​ត្រូវ​ធ្វើ អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ​​សកម្មភាព​ជា​ច្រើន​របស់​អ្នក​ ។ ទម្លាប់​ចាស់ៗ​មិន​ល្អ​ពី មុន​មក អ្នក​ត្រូវ​ជម្រុះ​ចោល​។ គោលដៅ​ថ្មី ទាមទារ​សកម្មភាព​ថ្មី ទើប​អាច​សម្រេច​បាន​ជោគជ័យ​ថ្មី។

៨.មិន​រៀន​ធ្វើ​ការងារ​ជា​​ក្រុម​ឲ្យ​បាន​ច្រើន​

ការ​ធ្វើ​ការងារ​ជា​​ក្រុម​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ប្រមែប្រមូល​គំនិត​ថ្មីៗ​​​​។ ការងារ​ជា​​ក្រុម​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​កាន់តែ​បាន​ឆ្ងាយ និង​អាច​ដោះស្រាយ​បាន​បញ្ហា​​យ៉ាង​មាន​ប្រសិទ្ធភាព​ជាជាង​គំនិត​អ្នក​តែ​ម្នាក់​ឯង។ បើ​អ្នក​មិន​ចូលចិត្ត​ធ្វើ​ការ​បែប​នេះ​ទេ គោលដៅ​ផ្សេង​ៗ​​​​របស់​អ្នក​នឹង​ពិបាក​សម្រេច​បាន​ណាស់៕

ប្រភព៖ entrepreneur

X
5s