អ្នក​ដែល​​ចង់​បើក​អាជីវកម្ម​លើកដំបូង​ សូម​អាន​សារ​នេះ​ជា​មុន​សិន​



អ្នក​​​ធ្លាប់​បាន​ដឹង​ជា​រឿយៗ​ហើយ​ថា ចង់​ធ្វើ​ជា​សហគ្រិន​ម្នាក់​ វា​មិនមែន​ជា​មុខរបរ​មួយ​ដែល​​សុទ្ធតែ​ផ្តល់​កាដូ​ដ៏​​គាប់ចិត្ត​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ឡើយ។ វា​ជា​ការងារ​មួយ​ដែល​ពោរពេញ​ទៅ​​ដោយ​ភាព​ផ្អែមល្ហែម​នៅ​​ពេល​ជោគជ័យ ហើយ​ក៏​ពោរពេញ​ទៅ​ដោយ​ភាព​ល្វីងជូរចត់​​យំ​មិន​ចេញ​​ដែរ​នៅ​ពេល​វា​បរាជ័យ។ ​មាន​ដំណាក់កាល​ជា​ច្រើន​​ណាស់​ដែល​សហគ្រិន​ម្នាក់ៗ​ត្រូវ​ឆ្លងកាត់​មុន​​អាច​សម្រេច​ភាព​ជោគជ័យ​របស់​ខ្លួន​បាន​។

យ៉ាងណាមិញ បន្ទាប់​ពី​អ្នក​បាន​វិភាគ​លើ​សមត្ថភាព​របស់​អ្នក គោលដៅ និង​អ្វី​​ដែល​អ្នក​ចង់​ធ្វើ​ពិតប្រាកដ​នៅ​​ក្នុង​ជីវិត​របស់​អ្នក​រួច​ហើយ​​ថា អ្នក​នឹង​ចាប់​ផ្តើម​ជំនួញ​​នោះ បន្ទាប់​មក​នៅ​មាន​មេរៀន​មួយ​ចំនួន​ទៀត​​ដែល​អ្នក​ត្រូវ​សិក្សា​រៀនសូត្រ​នៅ​មុន​ពេល​ចូល​ប្រឡូក​ក្នុង​​ពិភព​អាជីវកម្ម។

១.ការ​អនុវត្ត​ជាក់ស្តែង​លើ​រឿង​លុយ​កាក់

ចំណុច​​ដំបូង​ និង​អ្វី​ដែល​សំខាន់​បំផុត​​សម្រាប់​សហគ្រិន​ថ្មីថ្មោង​គួរ​ចងចាំ​​នោះ គឺ​ទាក់ទង​នឹង​ការ​អនុវត្ត​ជាក់ស្តែង​​ពី​ការ​គ្រប់គ្រង​លុយ​កាក់។ វា​បាន​ក្លាយ​​ជា​កំហុស​​ទូទៅ​​មួយ​ដែល​សហគ្រិន​ភាគច្រើន​​បាន​ធ្វើ​នៅ​ពេល​​មាន​ចរន្ត​សាច់ប្រាក់​ចេញចូល និង​ការ​គ្រប់គ្រង​ប្រាក់ចំណេញ។ ជំនួស​​ឲ្យ​ការ​ផ្ដោត​ទៅលើ​ស្ថានភាព​ជាក់ស្តែង​កំពុង​កើត​មាន​ ​​និង​តម្រូវការ​ហិរញ្ញវត្ថុ​ដែល​ជួយ​ក្នុង​ការ​កសាង​ក្រុមហ៊ុន​ សហគ្រិន​​ថ្មីថ្មោង​តែងតែ​​ខ្វាយខ្វល់​គិតគូរ​​អំពី​អនាគត​ដូចជា​របៀប​រក​ចំណូល​មក​វិញ​នៅ​ថ្ងៃ​ខាងមុខ​​ដែល​​ចំណុច​នេះ​វា​មិន​មាន​ប្រសិទ្ធភាព​ទាំងស្រុង​​នោះ​ឡើយ​។ មាន​ផែនការ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​ផ្ដោតអារម្មណ៍​យកចិត្ត​ទុកដាក់​លើ​ការងារ​ជាក់ស្តែង​របស់​អ្នក​​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ហើយ​អ្នក​ត្រូវតែ​​ឈរ​ជើង​ឲ្យ​រឹងមាំ​លើ​បច្ចុប្បន្ន​ភាព​របស់​អ្នក​ដោយ​កុំ​គិត​រឿង​អនាគត​ច្រើន​ពេក។ អ្នក​ត្រូវ​ប្រាកដ​ថា លុយ​របស់​អ្នក​នៅ​មាន​ដង្ហើម​ជានិច្ច ដោយ​សាកសួរ​ដោយ​ខ្លួន​​ឯង​ថា តើ​អ្នក​ត្រូវ​ការ​លុយ​ប៉ុន្មាន​ដើម្បី​ឲ្យ​អាជីវកម្ម​អាច​រស់​បន្ត​ទៅ​មុខ​ទៀត​? តើ​អ្នក​អាច​​ប្រើ​លុយ​​នៅ​ក្នុង​ចំនួន​ដូចគ្នា​នេះ​បាន​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត? នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​​សម្រាប់​សហគ្រិន​គ្រប់រូប​ជួបប្រទះ​​នៅ​ពេល​ចាប់​ផ្តើម​បើក​ជំនួញ​នៅ​​លើកដំបូង។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ច្បាស់​​លើ​ចំណុច​នេះ​​ដើម្បី​ជៀសវាង​បញ្ហា​ខ្វះ​លុយ​នៅ​មុន​ពេល​ចាប់​ផ្តើម​អាជីវកម្ម។ តាម​ការ​សិក្សាស្រាវជ្រាវ​កន្លង​មក សហគ្រិន​​ថ្មីថ្មោង​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ ២​ ប្រភេទ​ខាងក្រោម​នេះ​នៅ​ពេល​ចាប់​ផ្តើម​អាជីវកម្ម៖

ប្រភេទ​ទី១៖សហគ្រិន​វ័យក្មេង​ភាគច្រើន​មិន​មាន​​លុយ​គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម ហើយ​ក៏​មិន​បាន​​ធ្វើ​ការ​ប្រមែប្រមូល​ឬ កៀងគរ​ដើមទុន​​​​ឲ្យ​បាន​ច្រើន​ពី​អ្នក​ផ្សេង​ដែរ​។ លុយ​ដែល​សម្រាប់​ត្រៀម​​ចំណាយ​ ពេល​ប្រតិបត្តិការ​អាជីវកម្ម​របស់​សហគ្រិន​ដំបូងៗ គឺ​ភាគច្រើន​អាច​រស់​បាន​ដល់​ ៦​ ខែ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ​ពួកគេ​ចាំ​​ដេក​ស្រមៃ​ថា គោលដៅ​របស់​ខ្លួន​នឹង​បាន​សម្រេច​​ដូច​បំណង។ ទន្ទឹម​​នឹង​នេះ​នៅ​ពេល​ដែល​ពួកគេ​កំពុង​ស្រមៃ​បែប​នេះ​ ក្រោយ​មក​ពួកគេ​ក៏​​ដឹង​ថា ខ្លួន​នឹង​ទទួល​រង​​ការ​វាយ​សំពង​​យ៉ាង​ដំណំ​មួយ​នោះ​គឺ ​អស់​​លុយ។

ប្រភេទ​ទី២៖​ក្រៅ​ពី​សហគ្រិន​ភាគច្រើន​ខាងលើ​ នៅ​មាន​​សហគ្រិន​​ក្មេងខ្ចី​មួយ​ចំនួន​តូច​​ផ្សេង​ទៀត​ដែល​ទទួល​បាន​​ទុន​ឧបត្ថម្ភ​យ៉ាង​ល្អ​ហើយ​ពួកគេ​​ហាក់​មិនសូវ​ខិតខំ​ប្រឹងប្រែង ឬ ខ្វាយខ្វល់​​​ច្រើន​រឿង​បង្កើត​ប្រាក់ចំណូល​នោះ​ឡើយ។ សហគ្រិន​មួយ​ក្រុម​នេះ ​យកចិត្តទុកដាក់​​ខ្លាំង​លើ​​គំនិត​ដែល​ចន្លោះប្រហោង​ជាជាង​ផ្ដោត​លើ​​លុយកាក់​​ដែល​ខាតបង់​​ដោយសារតែ​ពួកគេ​​ជា​ក្រុមហ៊ុន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ចាយវាយ​​ក្នុង​ករណី​ចាំបាច់​រួច​ទៅ​ហើយ។ សហគ្រិន​ក្រុម​នេះ​ច្រើន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ស្រោចស្រង់​អាជីវកម្ម​របស់​ពួកគេ​ឡើង​វិញ​នៅ​ជុំ​ទីពីរ ជាជាង​ផ្តោត​លើ​ប្រាក់​ចំណូល​ពេល​ចាប់​ផ្តើម​បើក​ជំនួញ​ដំបូង។ ទោះជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​អ្វី​ក៏ដោយ​ ការ​ចាប់ផ្តើម​​ផែនការ​​ធ្វើ​អាជីវកម្ម តម្រូវ​ឲ្យ​មាន​​ការ​ត្រៀម​ហិរញ្ញវត្ថុ​​ឲ្យ​បាន​គ្រប់គ្រាន់​ជា​មុន​សិន​ ហើយ​ដំណើរ​ផ្លូវ​​មួយ​នេះ​មិន​គ្រាន់តែ​ចំណាយ​ពេលវេលា​របស់​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ វា​ថែម​ទាំង​​​អាច​បង្ហូរ​លុយ​​យ៉ាង​ច្រើន​ចេញ​ពី​ហោប៉ៅ​របស់​អ្នក​ដោយ​ងាយៗ​ទៀត​ផង។ វា​ជា​ការ​សំខាន់ណាស់​ដែល​​អ្នក​ត្រូវ​យល់​ថា​អ្នក​គួរតែ​មាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​​ដើម្បី​ទូទាត់​ថ្លៃ​​ការ​ចំណាយ​ចាំបាច់​ដូចជា​ការ​ផ្គត់ផ្គង់​សម្ភារៈ ជួល​បុគ្គលិក ឬ​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ជា​ដើម។ ភាព​ជាក់ស្តែង​ហិរញ្ញវត្ថុ ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​អ្នក​មាន​ប្រសិទ្ធភាព​ខ្ពស់។

២.ត្រូវ​ដឹង​ថា ការ​បង្កើត​អាជីវកម្ម​គឺ​ត្រូវ​ការ​ពេលវេលា និង​ការ​​ប្ដេជ្ញាចិត្ត​ដ៏​ធំ​មួយ

រឿង​​មួយ​ទៀត​​ដែល​សហគ្រិន​ដំបូងៗ​​​គួរ​ចងចាំ​​នោះ​គឺ​​ថា ​​ការ​ឈាន​ជើង​ចូល​ប្រឡូក​​​ក្នុង​អាជីវកម្ម​​គឺ​ទាមទារ​ឲ្យ​​អ្នក​ចំណាយ​ពេលវេលា​ច្រើន​ណាស់ និង​​ប្រឹងប្រែង​​​ឲ្យ​អស់​ពី​សមត្ថភាព​​បំផុត​​។ នេះ​មានន័យ​ថា អ្នក​​មិន​ត្រូវ​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​ដោយ​ឥតប្រយោជន៍ និង ខុស​ទិសដៅ​នោះ​ឡើយ។ ពេលវេលា​លេង​ហ្គេម ជួបជុំ​គ្រួសារ ចូលរួម​កម្មវិធី​ផ្សេងៗ ដើរ​កម្សាន្ត ក៏​នឹង​លែង​មាន​ច្រើន​​ដូចមុន​ទៀត​ដែរ។ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី​ដែល​​ទទួល​ខុសត្រូវ​លើ​ការងារ និង​តាម​ប្រមាញ់​មើល​​យ៉ាង​ដិតដល់​លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ ជាជាង​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត។ អ្វី​ដែល​កាន់តែ​​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ការ​ប្តេជ្ញាចិត្ត​របស់​អ្នក​ក្នុង​ការ​ធ្វើ​ឲ្យ​គោលដៅ​ និង​ក្តី​សុបិន​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​ជោគជ័យ។ នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង អ្នក​គួរ​សាកសួរ​ខ្លួន​ឯង​ថា តើ​អាជីវកម្ម​​​បែប​ណា​ដែល​អ្នក​ចង់​បាន​ទៅ​ពេល​អនាគត? អ្នក​ត្រូវ​ចាំ​ថា បើ​អាជីវកម្ម​របស់​អ្នក​កាន់តែ​ធំ អ្នក​ត្រូវ​ការ​ពេលវេលា​កាន់តែ​ច្រើន​ឆ្នាំ ប្រើ​មនុស្ស​កាន់តែ​ច្រើន មាន​យុទ្ធសាស្ត្រ​អាជីវកម្ម​កាន់តែ​​ស្មុគស្មាញ​ និង​ការ​ប្តេជ្ញាចិត្ត​កាន់តែ​ធំ​​ជាដើម​ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​មួយ​នេះ។

៣.សមត្ថភាព​របស់​អ្នក​មាន​ឥទ្ធិពល​ដល់​​អនាគត​អាជីវកម្ម​ទាំងមូល​

មួយ​ក្នុង​ចំណោម​​ដំបូន្មាន​ល្អៗ​ជា​ច្រើន​ទៀត ​​អ្នក​ត្រូវ​ដឹង​ថា នៅ​ក្នុង​ដំណើរការ​ទាំងមូល​នៃ​​អាជីវកម្ម​មួយ គឺ​វា​ទាក់ទង​ទៅ​នឹង​សមត្ថភាព​របស់​​អ្នក​ទៅ​នឹង​ការ​សម្រេចចិត្ត​ផ្សេងៗ​នៅ​ក្នុង​អាជីវកម្ម​​។ ​ការ​សម្រេចចិត្ត​មិន​បាន​ល្អ​​ដែល​កើត​ចេញ​ពី​ភាព​អសមត្ថភាព​របស់​អ្នក​នៅ​ក្នុង​អាជីវកម្ម​​ អាច​ធ្វើ​​ឲ្យ​​អ្នក​ក្លាយ​ទៅ​ជា​សហគ្រិន​​ដែល​នឹង​ជួប​ហានិភ័យ។ សូម​ក្រឡេក​មើល​ទៅ​បទពិសោធន៍​កន្លង​មក​របស់​សហគ្រិន​ថ្មីថ្មោង​អ្នក​នឹង​ដឹង​ថា សហគ្រិន​ភាគច្រើន​បាន​បរាជ័យ​នៅ​ក្នុង​រយៈពេល ១៨ ខែ​ដំបូង។ មូលហេតុ​សំខាន់​នៅ​ទី​នេះ​គឺ​ថា សហគ្រិន​ទាំង​នោះ​មិន​បាន​ដឹង​​ថា សហគ្រិន​បាន​​ជួប​ផល​លំបាក​អ្វី​ខ្លះ​នោះ​ទេ​​មុន​ពេល​ជោគជ័យ​នោះ។ ​​​ គ្មាន​អ្នកណា​ម្នាក់​អាច​ធានា​បាន​ទេ​ថា អាជីវកម្ម​របស់​អ្នក​នឹង​ជោគជ័យ​ ១០០%។ សូម​ចាំ​ថា ដំណើរ​ផ្លូវ​នេះ​ជា​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ​ដ៏​សែន​លំបាក​ ​បរាជ័យ​ច្រើន​ តែ​​​វា​នឹង​​ជោគជ័យ​នៅ​ពេល​អ្នក​មិន​បោះបង់​។ ប៉ុន្តែ​ទោះ​​ជោគជ័យ ឬ​បរាជ័យ ​ដំណើរ​ផ្លូវ​មួយ​នេះ​​សំបូរ​មេរៀន​ល្អៗ​​ច្រើន​ណាស់​សម្រាប់​ជីវិត​របស់​អ្នក៕

ប្រភព៖ entrepreneur ​ ​​

X
5s