ការសិក្សាស្រាវជ្រាវ៖ មនុស្សវ័យចំណាស់ទំនងមានភាពជោគជ័យក្នុងការធ្វើអាជីវកម្មជាងមនុស្សវ័យក្មេង
ដើម្បីក្លាយជាសហគ្រិនគឺអ្នកអាចធ្វើបានបើទោះបីជាអ្នកស្ថិតក្នុងវ័យណាក៏ដោយ។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថាមនុស្សវ័យកណ្តាលទំនងទទួលជោគជ័យក្នុងអាជីវកម្មច្រើនជាងមនុស្សវ័យក្មេង។ មូលហេតុអ្វីកត្តាអាយុមានឥទ្ធិពលលើភាពជោគជ័យរបស់អាជីវកម្ម?
កត្តាអាយុ ការសិក្សាមួយដែលបានស្រាវជ្រាវដោយសាស្ត្រាចារ្យ Pierre Azoulay និងនិស្សិតបណ្ឌិត Daniel Kim បានវិភាគទិន្នន័យរបស់ការិយាល័យទិន្នន័យជំរឿន US Census Bureau និងទិន្នន័យរបស់ IRS (Internal Revenue Service) ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងអាយុនិងភាពជាសហគ្រិន។
ទិន្នន័យជំរឿនដោយប្រើទិន្នន័យរបស់ IRS ដែលអនុញ្ញាតិឱ្យក្រុមស្រាវជ្រាវធ្វើការបែងចែករវាង ស្ថាបនិកនិងនិយោជិក និងរវាងអ្នកធ្វើការឲ្យខ្លួនឯងនិងសហគ្រិន។ ពួកគេក៏អាចកំណត់បានពីមហិច្ឆតារបស់ក្រុមហ៊ុនធំៗមួយចំនួននិងបែងចែកក្រុមហ៊ុនទាំងនោះពីពួកអាជីវកម្មដែលមានទ្រង់ទ្រាយតូចៗមួយចំនួន ដូចជាហាង ឬភោជនីយដ្ឋានក្នុងស្រុកជាដើម។ ការស្រាវជ្រាវបានសិក្សាទៅលើអាជីវកម្មចាប់ផ្ដើមចំនួន 2,7 លានជាងនៅចន្លោះឆ្នាំ 2007 និង 2014 ហើយបានរកឃើញថាជាមធ្យមភាគបុគ្គលដែលបានបង្កើតអាជីវកម្មគឺមានវ័យ 42 ឆ្នាំ។
សហគ្រិនដែលបង្កើតមុខជំនួញដែលខ្លួនមានបទពិសោធណ៍ ពួកគេធ្លាក់ធ្វើការត្រូវបានរកឃើញថាមានកម្រិតភាពជោគជ័យរហូតដល់ទៅ 125% ខ្ពស់ជាងពួកសហគ្រិនដែលមិនធ្លាប់មានបទពិសោធន៍នៅក្នុងវិស័យមុខជំនួញរបស់ខ្លួន។ របកគំហើញរបស់អ្នកទាំងពីរក៍បានបង្ហាញថាអត្រាភាគរយនៃភាពជោគជ័យក្នុងការបង្កើតមុខជំនួញជោគជ័យមានកម្រិតទាបបំផុតគឺ 1% ចំពោះវ័យ 20 ឆ្នាំហើយអត្រាភាគរយនោះគឺខ្ពស់បំផុតចំពោះអ្នកមានអាយុជាមធ្យម 45 ឆ្នាំ។
វ័យកាន់តែចាស់កាន់តែជោគជ័យ ជាការពិតណាស់គឺមានសហគ្រិនខ្លះទទួលបានជោគជ័យក្នុងវ័យក្មេង។ ប៉ុន្តែលោក Bill Gates និងលោក Steve Jobs មិនបានដឹកនាំក្រុមហ៊ុនពួកគាត់អោយទទួលបានជោគជ័យក្នុងពេលពួកគាត់មានវ័យក្មេងនោះទេ។ ក្រុមហ៊ុនរបស់ពួកគាត់នេះបានឡើងដល់ចំណុចកំពូលជាច្រើនឆ្នាំក្រោយពេលស្ថាបនិកទាំងពីររូបនេះមានអាយុ 40 ឆ្នាំជាង។
មនុស្សគ្រប់គ្នាអាចមានគំនិតល្អៗពាក់ព័ន្ធនឹងអាជីវកម្ម ទោះស្ថិតក្នុងវ័យណាមួយក៏ដោយ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាមេរៀនជីវិតនិងបទពិសោធន៍ជីវិត និងចំណេះដឹងពាក់ព័ន្ធនឹងអាជីវកម្មអាចជួយឱ្យសហគ្រិនឈានដល់ចំណុចទាំងនេះ ជាពិសេសសហគ្រិនដែលមានវ័យចំណាស់អាចឈោងចាប់យកភាពជោគជ័យក្នុងពេលប្រកបមុខជំនួញពួកគេ។ សហគ្រិនក្នុងវ័យ 40 តែងតែបានទទួលបានចំណេះដឹងជាច្រើនដែលជួយអោយគេមានភាពងាយស្រួលក្នុងការរើសបុគ្គលិកការងារត្រឹមត្រូវ មានទំនាក់ទំនងសង្គមល្អ មានចំណេះដឹងទីផ្សារ និងការលក់ជាដើម។ មនុស្សក្នុងវ័យនេះក៏អាចទទួលបានជោគជ័យច្រើនដោយចំណេះដឹងអំពីហិរញ្ញវត្ថុមានច្រើនជាងសហគ្រិនវ័យក្មេង។
ការស្រាវជ្រាវបានលើកឡើងថាមនុស្សវ័យក្មេងដែលមានគំនិតអាជីវកម្មគួរតែកុំទាន់អាលបើកអាជីវកម្មទាំងវ័យក្មេងអី។ សហគ្រិនវ័យក្មេងគួរតែប្ដូរទិសដៅដើម្បីបណ្ដុះបណ្ដាលសមត្ថភាព ចំណេះដឹង និងជំនាញទើបល្អប្រសើរជាង ពេលនោះអ្នកនឹងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការមានអាជីវកម្ម មិនសូវប្រឈមមុខនឹងហានិភ័យ៕