សេដ្ឋីវ័យក្មេងកសាងទ្រព្យពីបាតដៃទទេប្រាប់ថា សន្សំលុយមិនធ្វើឲ្យអ្នកមានទេ ហើយងាកមកធ្វើរឿងមួយនេះវិញ
កាលពីឆ្នាំ២០១០ សេដ្ឋីវ័យក្មេងលោក Chris Reining បានប្ដេជ្ញាចិត្តថា នឹងត្រូវធ្វើឲ្យខ្លួនលោកមានសេរីភាពហិរញ្ញវត្ថុ។ លោកបានដាក់គោលដៅរកលុយឲ្យបាន ១លានដុល្លារនៅអាយុ ៣៥ ឆ្នាំ ហើយដើម្បីសម្រេចបានគោលដៅនេះ លោកបានកាត់បន្ថយការចំណាយរបស់លោកឲ្យមកកាន់ចំនួនមួយទាបបំផុត។ លោកចាប់ផ្តើមសន្សំលុយទុកចំនួនជាងពាក់កណ្តាលនៃចំណូលរបស់លោករហូតដល់គោលដៅនេះសម្រេចបាននៅអាយុ ៣៥ឆ្នាំ និងបានចូលនិវត្តន៍ នៅអាយុ ៣៧ ឆ្នាំកាលពីឆ្នាំ ២០១៦ កន្លងទៅ។
យ៉ាងណាក៏ដោយ សេដ្ឋីរូបនេះយល់ថា អ្វីដែលលោកធ្វើកន្លងមក មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះឡើយ។ លោកបានលើកឡើងដូច្នេះថា៖« ការសន្សំលុយមួយមុខ មិនទាន់គ្រប់គ្រាន់ទេ។ ប្រសិនបើអ្នកចង់មានលុយហូរហៀរ ឬ ក៏ចង់ដេកចាយលុយទាំងនៅវ័យក្មេង អ្នកត្រូវបោះបង់ផ្នត់គំនិតសន្សំលុយចោលទៅ។ វាហួសសម័យហើយ អ្នកត្រូវយកលុយមកវិនិយោគវិញ»។
លោក Chris Reining បានពន្យល់ដោយលើកឧទាហរណ៍ថា ប្រសិនបើអ្នកសន្សំបាន ១០០ ដុល្លារក្នុងមួយខែទុកនៅធនាគារ អ្នកអាចទទួលបានអត្រាការប្រាក់តិចតួចប៉ុណ្ណោះត្រឹម ០,០១% ហើយក្នុងរយៈពេល ៣០ឆ្នាំ អ្នកបានការប្រាក់ចំណេញត្រឡប់មកវិញត្រឹមតែ ៣៦ ០០០ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកវិនិយោគលើអ្វីផ្សេងចំនួន ១០០ ដុល្លារក្នុងមួយខែ ហើយសន្មតថា អ្នកទទួលបាប្រាក់ចំណេញមកវិញ ៧% នោះក្នុងរយៈពេល ៣០ ឆ្នាំ អ្នកនឹងបានប្រាក់ចំណេញត្រឡប់មកវិញ ១២០ ០០០ ដុល្លារ។ « ភាពខុសគ្នារវាង ១% និង ៧% អាចផ្លាស់ប្ដូរជីវិតអ្នកបាន នេះហើយជាមូលហេតុដែលការវិនិយោគសំខាន់ជាងការសន្សំ។ ប្រសិនបើអ្នកចង់បានសេរីភាពហិរញ្ញវត្ថុ វាមិនអាស្រ័យថា អ្នកខំធ្វើការប៉ុណ្ណា យូរប៉ុណ្ណា ឬ ឆ្លាតវៃកម្រិតណានោះទេ។
អ្នកត្រូវឈប់ធ្វើការដើម្បីលុយ ហើយងាកមកឲ្យលុយធ្វើការឲ្យអ្នកវិញ។ ការសន្សំមិនអាចឲ្យលុយធ្វើការឲ្យអ្នកបានទេ មានតែការវិនិយោគមួយប៉ុណ្ណោះ»។ លោក Chris បានបញ្ជាក់បន្ថែម៕
ប្រភព៖ cnbc