ហេតុអ្វីអាជីវកម្មជោគជ័យ អនុវត្តតាមច្បាប់គ្រឹះទាំង ៦នេះ?
មានសហគ្រិនច្រើនណាស់ដែលកំពុងបន្តខិតខំប្រឹងប្រែងក្នុងការបង្កើតអាជីវកម្មរបស់ខ្លួនឲ្យជោគជ័យជាលក្ខណៈជំហរតិចតួចតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលបានដឹង និងអនុវត្តច្បាប់គ្រឹះទាំង ៦ នេះអាចជាពន្លឺផ្លាស់ប្ដូរមួយនៅពីក្រោយឆាករបស់សហគ្រិនទាំងនោះដើម្បីកំណត់ថា តើជំនួញរបស់ពួកគេអាចនឹងជោគជ័យ ឬបរាជ័យ? វាប្រៀបដូចជាទូកក្តោងមួយដែលធ្វើការជាមួយខ្យល់ដើម្បីឈានទៅដល់គោលដៅ ហើយអ្នកដឹកនាំអាជីវកម្មក៏ត្រូវតែធ្វើការជាមួយច្បាប់គ្រឹះទាំង ៦ នេះដែរដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។
១.ច្បាប់រួបរួម (The law of oneness)
នៅបស្ចិមប្រទេសមនុស្សជាច្រើនគិតថា មនុស្សទូទៅបានកាត់ផ្តាច់ពីមនុស្សនៅជុំវិញខ្លួន។ ការយល់ខុសមួយនេះបានធ្វើឲ្យបុគ្គលម្នាក់ៗ មានការខ្វល់ខ្វាយកាន់តែខ្លាំងដែលជាហេតុនាំឲ្យមានការប្រកួតប្រជែង និងប្រៀបធៀបជាមួយអ្នកដទៃកាន់តែខ្លាំងឡើង។នៅក្នុងបរិបទនេះ អាជីវកម្មមួយបរាជ័យនៅពេលដែលម្ចាស់អាជីវកម្មនោះផ្ដោតលើការប្រកួតប្រជែងជាមួយគូប្រជែងខ្លាំងពេកដោយភ្លេចគិតលើការបង្កើតផលិតផល ឬសេវាកម្មល្អមានគុណភាពខ្ពស់។ ជំនួសឲ្យការយល់ឃើញបែបនេះ យុទ្ធសាស្ត្រឈ្នះៗសហការជាមួយគូប្រជែងរបស់អ្នកគឺជារឿងល្អបំផុត។ អ្នកទាំងពីរនឹងក្លាយជាអ្នកឈ្នះទាំងអស់គ្នាដោយមិនបានបង្កការឈឺចាប់ឲ្យគ្នាទៅវិញទៅមក។
២.ច្បាប់ហេតុផល (The law of cause and effect)
ដូចលោក Isaac Newtonលើកឡើងថា រាល់វត្ថុទាំងអស់មានទម្ងន់ដោយសារតែទំនាញផែនដី។ មិនខុសពីទ្រឹស្តីបទរបស់លោក រាល់ការសម្រេចចិត្ត រាល់ការបង្កើតអ្វីៗឡើង រាល់អ្វីៗដែលមនុស្សម្នាក់ៗធ្វើ នឹងទទួលបានលទ្ធផលត្រឡប់មកវិញ។ ភាពជោគជ័យកើតមានឡើងពីលទ្ធផលនៃការខិតខំប្រឹងប្រែង។ នៅក្នុងការអនុវត្តជាក់ស្តែង អាជីវកម្មមួយជោគជ័យមិនមែនរង់ចាំធ្លាក់ពីលើមេឃនោះទេ។ សហគ្រិនត្រូវមានធាតុផ្សំជាច្រើន និងមធ្យោបាយផ្សេងៗទៀត ព្រមទាំងត្រូវអនុវត្តឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ធ្វើខុស លទ្ធផលខុស ធ្វើត្រូវលទ្ធផលត្រូវ គ្មានអ្នកណាម្នាក់គេចផុតពីច្បាប់ហេតុផលនេះបានទេ។ អ្នកណាដែលសាងក្នុងកម្រិតណា នឹងទទួលបានលទ្ធផលក្នុងកម្រិតនោះ។
៣.ច្បាប់ផ្តល់ឲ្យ (The law of giving)
ការទំនាក់ទំនងមានចំណែកសំខាន់ណាស់សម្រាប់ជីវិត និង អាជីវកម្ម។ ដើម្បីជោគជ័យក្នុងអាជីវកម្ម ជាពិសេសនៅក្នុងយុគសម័យប្រកួតប្រជែងនេះ អ្នកត្រូវផ្តល់ ឬចែករំលែកទៅឲ្យអ្នកដទៃឲ្យបានច្រើនជាងអ្នកផ្សេងទៀត។ ជាសហគ្រិន អ្នកអាចសួរខ្លួនឯងថា តើថ្ងៃនេះ អ្នកអាចផ្តល់គុណតម្លៃបន្ថែមទៀតទៅឲ្យអ្នកដទៃដោយរបៀបណា? តើអ្នកអាចចែករំលែកឲ្យបានច្រើនជាងថ្ងៃម្សិលមិញដោយរបៀបណា? ជំនួសឲ្យសំនួរដែលសួរថា តើថ្ងៃនេះអ្នកអាចបង្កើនការលក់ ឬ មានអតិថិជនចូលទិញកាន់តែច្រើនដោយរបៀបណា? ឬ ថា តើអ្នកអាចក្តោបបានទីផ្សារច្រើនជាងនេះដោយរបៀបណា? នៅក្នុងទីលានអាជីវកម្ម នៅពេលអ្នកផ្តល់គុណតម្លៃកាន់តែច្រើនឲ្យអ្នកដទៃចេញពីបេះដូងរបស់អ្នក អ្នកនឹងទទួលបានការតបស្នងមកវិញពីសហគមន៍ ឬអតិថិជនរបស់អ្នកដែរ។
៤.ច្បាប់លះបង់ (The law of non-resistance)
នៅពេលមនុស្សព្យាយាមជំនះអ្វីៗនៅក្នុងជីវិត ឬអាជីវកម្ម ប៉ុន្តែបែរជាបរាជ័យ ពួកគេនឹងទទួលអារម្មណ៍ប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពួកគេនឹងគិតថា ជីវិតគួរឲ្យធុញ មានអារម្មណ៍តានតឹង ឈឺចាប់ ហើយមើលឃើញអ្វីៗសុទ្ធតែមិនល្អ។ នៅពេលអ្នកយកច្បាប់លះបង់ដូចជាការបណ្តែតបណ្តោយអ្វីៗមួយដែលអ្នកចង់បានឲ្យរសាត់ចេញទៅ គឺពិបាកធ្វើចិត្តណាស់។ នៅក្នុងអាជីវកម្ម អ្នកនឹងប្រឈមមុខនឹងការផ្លាស់ប្ដូរថ្មីៗដែលទាមទារឲ្យអ្នកត្រូវអភិវឌ្ឍ ខ្លួនជានិច្ច ឬពេលខ្លះត្រូវបោះបង់ចោលអាជីវកម្មក៏ថាបាន។ យ៉ាងណាមិញនៅពេលខ្លះ អ្នកគួររៀនសម្របខ្លួនតាមច្បាប់ធម្មជាតិ ដើម្បីឲ្យអារម្មណ៍របស់អ្នកបានស្ងប់ និងអាចមានគំនិត ឬឱកាសថ្មីៗដែលជួយឲ្យអ្នកអាចជោគជ័យបាននៅពេលអនាគត។
៥.ច្បាប់បង្កើតថ្មី (The law of creation)
មនុស្សម្នាក់ៗមានអំណាចផ្តល់ឲ្យពីធម្មជាតិដើម្បីបង្កើតអ្វីមួយចេញមកខុសៗគ្នា។ គំនិត ទំនាក់ទំនង អាជីវកម្ម សៀវភៅ វីដេអូ ភាពយន្ត និងអ្វីៗផ្សេងទៀតសុទ្ធតែត្រូវបានមនុស្សបង្កើតឡើង។ នៅក្នុងអាជីវកម្ម អ្នកអាចបង្កើតផលិតផល ឬសេវាកម្មជាច្រើនដើម្បីជួយដោះស្រាយបញ្ហារបស់អ្នកដទៃបាន។ ប៉ុន្តែដំណោះស្រាយរបស់អ្នកមិន អាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេ ឬក៏ថា គូប្រជែងរបស់អ្នកមានសមត្ថភាពខ្ពស់ជាងអ្នក។ នេះជាកាលៈទេសៈមួយដែលអ្នកត្រូវសួរខ្លួនឯងថា តើគួរបង្កើតគំរូម៉ូដែលទំនិញ ឬសេវាកម្មបែបណាដែលធ្វើឲ្យ អតិថិជនគាំទ្រជាអតិបរមា? តើត្រូវធ្វើដូចម្តេចដើម្បីឲ្យខុសប្លែកពីគូប្រជែងរបស់អ្នក? តើជំនួញណាដែលថ្មីនៅលើទីផ្សារ? សំនួរទាំងនេះនឹងជំរុញឲ្យអ្នកមានភាពច្នៃប្រឌិត រិះរកគំនិតថ្មីៗ និងមធ្យោបាយជាច្រើនដើម្បីបង្កើតអាជីវកម្មថ្មីឲ្យចេញរូបរាងឡើង ឬអភិវឌ្ឍខ្លួនឲ្យក្លាយជាអាជីវកម្មទាន់សម័យគ្រប់សម័យកាល។
៦.ច្បាប់នៃគោលបំណង (The law of intention)
នៅក្នុងមុខជំនួញ គោលបំណងជារឿយៗត្រូវផ្សារភ្ជាប់ទៅនឹងគម្រោង ឬយុទ្ធសាស្ត្រដែលរៀបចំជាមុន។ វាត្រូវបានបង្កើតឡើងដើម្បីទំនាក់ទំនងជាមួយវិនិយោគិន ដៃគូភាគហ៊ុន និងបុគ្គលិកសម្រាប់អ្វីដែលត្រូវរំពឹងទុកនៅត្រីមាសបន្ទាប់ នៅឆ្នាំក្រោយ ៣ឆ្នាំក្រោយ ឬលើសពីនេះ។ វាមិនសំខាន់ថា គោលដៅរបស់អ្នកបានជោគជ័យហើយឬក៏នៅនោះទេ អ្វីដែលសំខាន់ត្រូវដាក់គោលដៅជារឿងអាទិភាព។ វាប្រៀបដូច ជាអ្នកបានឈានជើងចូលទៅក្នុងរថយន្តដើម្បីជិះទៅកាន់ទិសដៅដែលអ្នកចង់ទៅ។ វិធីល្អបំផុតទៅដល់គោលដៅ ប្រហែលជាអ្នកមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្វីដែលសំខាន់អ្នកមានគោលដៅដែលចង់ ទៅរួចទៅហើយ។ ចក្ខុវិស័យច្បាស់លាស់ នឹងធ្វើឲ្យអ្នកសម្រេចបានជោគជ័យតាមផែនការ៕
ប្រភព៖ entrepreneur