ហេតុអ្វីមហាសេដ្ឋី Richard Branson៖ ការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍នឹងបញ្ចប់នៅពេលអនាគត
តើការងារពី ៩ម៉ោងធ្លាក់មកត្រឹម៥ ម៉ោង និង ៥ថ្ងៃក្នុងមួយសប្តាហ៍នឹងត្រូវបញ្ចប់ឬនៅពេលអនាគត? បើតាមការយល់ឃើញរបស់លោក Richard Branson មហាសេដ្ឋីអង់គ្លេសបានឲ្យដឹងថា នេះគឺជាការពិតដែលថា ការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍ពីច័ន្ទ ដល់សុក្រនឹងត្រូវស្លាប់នៅពេលអនាគត។ មហាសេដ្ឋីប្រធានក្រុមហ៊ុន Virgin Group ដ៏ល្បីល្បាញរបស់អង់គ្លេសរូបនេះបានថ្លែងដូច្នេះថា៖« របៀបធ្វើការ ៥ ថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាក២ថ្ងៃនៅចុងសប្តាហ៍សៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២ ឬ ៣សប្តាហ៍នឹងត្រូវបញ្ចប់នៅពេលអនាគត»។
លោកថា នេះក៏ដោយសារតែការចូលមកដល់នៃបច្ចេកវិទ្យាដែលនឹងដណ្តើមការងារពីមនុស្ស។ ការលើកឡើងរបស់លោកគឺនៅក្រោយពេលដែលមហាសេដ្ឋីផ្សេងៗទៀតបានលើកឡើងដូចលោកដែរ។ កន្លងមកមហាសេដ្ឋីក្រុមហ៊ុន Google លោក Larry Page ធ្លាប់បាននិយាយដែរថា ការងារជាច្រើនដែលប្រើពលកម្មមនុស្សនៅពេលបច្ចុប្បន្ន នឹងត្រូវធ្លាក់ចុះបន្តិចម្តងៗដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន។ លោកបន្តថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ នឹងជំរុញឲ្យឧស្សាហកម្មងាកមកប្រើគ្រឿងម៉ាស៊ីនជំនួសឲ្យមនុស្សកាន់តែច្រើនឡើង។ លោក Larry Page បានបញ្ជាក់ទៀតថា បច្ចុប្បន្នបច្ចេកវិទ្យាកំពុងដើរតួនាទីជំនួសឲ្យកម្លាំងមនុស្សជាបណ្តើរៗដូចជា រថយន្តបើកបរដោយស្វ័យប្រវត្តិ យន្តហោះ Drone និងឧស្សាហកម្មផលិតរថយន្តជាដើម។
លោកថា សូម្បីតែយន្តហោះដឹកអ្នកដំណើរគ្មានមនុស្សបើកក៏នឹងអាចក្លាយជាការពិតនៅពេលអនាគតឆាប់ៗខាងមុខនេះផងដែរ។ ចំណែកមហាសេដ្ឋីក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk ក៏ធ្លាប់បង្ហាញពីការយល់ឃើញរបស់លោកដូចគ្នានេះដែរដោយព្រមានថា បច្ចេកវិទ្យានឹងធ្វើឲ្យមានបដិវត្តការងារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់មនុស្សជាតិ។
លោកលើកឡើងដូច្នេះថា៖« ការបាត់បង់ការងារ ពិតជានឹងផ្ទុះឡើង។ នេះពីព្រោះតែរ៉ូបត (មនុស្សយន្ត) នឹងអាចធ្វើការងារសព្វគ្រប់បែបយ៉ាងបានល្អជាងមនុស្សយើង...ខ្ញុំមានន័យថា ធ្វើបានល្អជាងយើងទាំងអស់គ្នាហ្នឹង»។ ងាកមកមើលទស្សនៈរបស់លោក Richard Branson វិញ វាគឺជាដំណឹងអាក្រក់មួយសម្រាប់មនុស្សជាតិ។ ប៉ុន្តែលោកថា អត្រាគ្មានការងារនៅក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀតគឺ ស្ថិតនៅក្នុងអត្រាមួយប្រហាក់ប្រហែលនៅពេលបច្ចុប្បន្ននេះទេ បើទោះបីជាការងារមួយចំនួនត្រូវបានផ្លាស់ប្ដូរក៏ដោយហើយថា ប្រសិនបើរដ្ឋាភិបាល ឬវិស័យឯកជនមានភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបៗអាចផ្តល់ផលវិជ្ជមានសម្រាប់មនុស្សនៅទូទាំងសាកលលោក។ សម្រាប់លោក Bill Gates ប្រធានក្រុមហ៊ុន Microsoft វិញក៏មានសុទិដ្ឋិនិយមដូចលោក Richard Branson ដែរ។ លោកលើកឡើងដូច្នេះថា៖« ការពិតបច្ចេកវិទ្យានឹងដណ្តើមការងាររបស់មនុស្សមែន ប៉ុន្តែមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំចង់បានពេលវេលាសម្រាកពីការងារនៅក្នុងរយៈពេលយូរមួយ។ គោលបំណងរបស់មនុស្សម្នាក់ៗ គឺមិនមែនចង់អង្គុយមុខកុំព្យូទ័រ ឬអង្គុយធ្វើការគ្មានថ្ងៃសម្រាកនោះទេ។ បើពួកគេមានពេលសម្រាកកាន់តែច្រើន នោះមិនមែនជារឿងអាក្រក់សម្រាប់ពួកគេនោះទេ»៕
ដោយ៖ សូរ៉ាណា