ការពិតទាំង ៦ យ៉ាងដែលអ្នកមិនបានដឹងពីនិយមន័យនៃភាពជោគជ័យ
ចង់បានភាពជោគជ័យ គឺមិនមែនជារឿងមួយងាយស្រួលនោះឡើយ។ បើទោះបីជាអ្នកមានគំរូ ឬរូបមន្តដែលនាំឲ្យជោគជ័យយ៉ាងណាក៏ដោយ ចូរកុំសង្ឃឹមថាវានឹងបង្ហាញខ្លួននៅចំពោះមុខអ្នកភ្លាមៗ។ ភាពជោគជ័យមិនត្រឹមតែត្រូវការការរៀបចំ គោលដៅ គម្រោង ការខិតខំប្រឹងប្រែង ភាពឆ្លាតវៃ និងការប្ដេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការឆន្ទៈមោះមុតទៀតផង។ ដូច្នេះហើយនិយមន័យភាពជោគជ័យមានច្រើនយ៉ាងណាស់។ មុននឹងសម្រេចភាពជោគជ័យណាមួយ អ្នកត្រូវស្វែងយល់ពីអត្ថន័យរបស់វាជាមុនសិន។
១) ជោគជ័យមិនមែនមានន័យថា ត្រូវតែមានលុយនោះទេ
សម្រាប់មនុស្សមួយចំនួនបានយល់ឃើញថា ភាពជោគជ័យគឺជាការមានលុយច្រើន។ តើអ្នកយល់ស្របទស្សនៈនេះទេ? ប្រសិនបើអ្នកកំពុងភ្ជាប់ភាពជោគជ័យទៅនឹងភាពមានបាន និងកិត្តិយសខ្ពង់ខ្ពស់ជាងអ្នកផ្សេងទៀត នោះគឺជាការយល់ខុសហើយ។ អ្នកត្រូវបង្កើតប្លង់ជោគជ័យមួយដែលអ្នកត្រូវដើរលើមាគ៌ាជីវិតរបស់អ្នក ព្រោះថា អ្នកមានគោលដៅជីវិតផ្ទាល់ខ្លួនដែលត្រូវធ្វើខុសពីអ្នកផ្សេងទៀត។ ភាពជោគជ័យរបស់គេអាចជាលុយ កិត្តិយស អំណាច ប៉ុន្តែភាពជោគជ័យរបស់អ្នក អាចជាសុភមង្គល មានសុខភាពល្អ ធ្វើការងារដែលខ្លួនចូលចិត្ត និងបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ជាដើម។
២) ចង់បានភាពជោគជ័យ អាចបាត់បង់មិត្តភក្ដិមួយចំនួន
ការបាត់បង់មិត្តភក្ដិមួយចំនួននៅពេលអ្នកកំពុងតាមប្រដេញយកភាពជោគជ័យ គឺជារឿងមួយដែលជៀសមិនរួច។ ដោយសារតែភាពជោគជ័យវាមិនមែនជារឿងមួយងាយស្រួលយក អ្នកនឹងត្រូវប្រឈមធ្វើការងាររាប់មិនអស់។ នៅពេលដែលអ្នកកំពុងផ្ដោតលើភាពជោគជ័យរបស់អ្នកការចំណាយពេលជាច្រើនដើម្បីមិត្តភាពកន្លងមកជាមួយមិត្តភក្ដិចាស់ៗដែលធ្លាប់ស្គាល់ត្រូវបានកាត់បន្ថយ។ យ៉ាងណាក៏ដោយ អ្នកត្រូវចាំថា គ្មានអ្វីទៀងទាត់នោះទេ។ មិត្តភក្ដិជាមនុស្សសំខាន់បន្ទាប់ពីគ្រួសារ តែគោលដៅជោគជ័យគឺជារឿងសំខាន់បំផុតសម្រាប់អ្នក។
៣) ធ្វើអ្វីដែលអ្នកស្រលាញ់
នៅពេលឈានជើងដល់អាយុមួយដែលអ្នកចេះគិត អ្នកចាប់ផ្តើមចំណាយពេលវេលាសម្រាប់អ្វីដែលមានតម្លៃ។ ទាំងនោះដូចជា ចំណាយពេលរកលុយ ក្តីស្រលាញ់ គ្រួសារ ឬអ្វីផ្សេងទៀត។ ប៉ុន្តែសម្រាប់ជីវិតអ្នកធ្វើការឲ្យគេមួយចំនួន ស្អប់ណាស់រឿងការងារ ៨ ម៉ោង ឬ ៩ ម៉ោងក្នុងមួយថ្ងៃដោយសារតែពួកគេមិនស្រលាញ់វា។ ហេតុដូច្នេះហើយ ទើបពួកគេសម្រេចចិត្តធ្វើការងារផ្សេងទៀត។ ធ្វើការងារដែលអ្នកស្រលាញ់គឺជាផ្នែកមួយនៃភាពជោគជ័យ បើទោះបីជាវាមិនទទួលបានផលច្រើនដូចជាលុយកាក់ក៏ដោយ ប៉ុន្តែវាបានផ្តល់ចំណេះដឹង និងជំនាញស្របតាមអ្វីដែលអ្នកចង់បាន។
៤) លើផ្លូវជោគជ័យពោរពេញដោយគំនិតស្មុគស្មាញ និងការសម្រេចចិត្តដ៏លំបាក
នៅលើវិថីឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក មិនមែនត្រង់ដូចបន្ទាត់ដែលអ្នកគូសវាសគិតទុកជាមុននោះទេ។ គំនិតដ៏ស្មុគស្មាញ និងការសម្រេចចិត្តដ៏លំបាកជាច្រើនទៀតនៅអំឡុងពេលនោះ នឹងធ្លាក់មកបាំងនៅចំពោះមុខអ្នក។ ការសម្រេចចិត្តខ្លះខុសពីអ្វីដែលអ្នកដៅទុក ហើយការសម្រេចចិត្តខ្លះទៀត បានធ្វើឲ្យអ្នកធ្លាក់ដុនដាបកាន់តែជ្រៅ។ អ្នកធ្លាប់ដឹងទេ មានអ្នកជោគជ័យច្រើនណាស់ដែលបានបែកបាក់គ្រួសារ មនុស្សជាទីស្រឡាញ់ ឬបាត់បង់អ្វីៗដោយសារតែចង់ជំនះយកភាពជោគជ័យរបស់ខ្លួន។ បញ្ហាស្មុគស្មាញនឹងកើតមានឡើងឥតស្រាកស្រាន្ត ប៉ុន្តែអ្វីដែលសំខាន់អ្នកមានការទទួលខុសត្រូវ និងរកដំណោះស្រាយជានិច្ច។
៥) អ្វីៗត្រូវទទួលខុសត្រូវដោយខ្លួនឯង
នេះជាការពិត អ្វីៗនឹងធ្លាក់មកលើអ្នក ហើយអ្នកមិនអាចគេចចេញពីការទទួលខុសត្រូវនេះបានឡើយ។ ជោគជ័យជារឿយៗមានន័យថា ជាការជ្រើសរើស និងទទួលយកបញ្ហាលំបាកនានា ព្រមទាំងហ៊ានលះបង់អ្វីៗផ្សេងទៀត។នៅលើវិថីឆ្ពោះទៅកាន់គោលដៅជោគជ័យ គ្មានឡើយចៅហ្វាយរបស់អ្នក គ្មានឡើយមេកោយ ពោលគឺមានតែអ្នកម្នាក់ប៉ុណ្ណោះ។ អ្នកត្រូវក្រោកដើរទៅមុខដោយខ្លួនឯង និងត្រូវធ្វើឲ្យគម្រោងដែលអ្នករៀបចំដំណើរការទៅមុខ។ ពេលបញ្ហាចូលមកដល់ អ្នកត្រូវតែស្វែងរកដំណោះស្រាយដោយខ្លួនឯង។
៦) ត្រូវចេះផ្លាស់ប្ដូរ និងបត់បែនគ្រប់កាលៈទេសៈ
ប្រសិនបើអ្នកពិតជាចង់ទទួលបានភាពជោគជ័យមែននោះ អ្នកត្រូវតែមានភាពបត់បែនគ្រប់កាលៈទេសៈ។ ជីវិតវាមិនដូចអ្វីដែលយើងគិតនោះឡើយ។ ពេលខ្លះអ្នកបានជួបរឿងអួរអាប់ ប៉ុន្តែអ្នកត្រូវតែរកផ្លូវកាត់ដើម្បីដើរចេញពីជីវិតដ៏ខ្មៅងងឹតទាំងនោះ។ ឧទាហរណ៍ថា ទីផ្សារត្រូវកាអ្វី អ្នកអាចអភិវឌ្ឍខ្លួនដើរឲ្យស្របតាមទីផ្សារនោះបើមិនដូច្នេះទេអ្នកនឹងបរាជ័យ។ អ្នកត្រូវកែប្រែ និងបត់បែនប្រសិនបើចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការប្រឈមថ្មីៗ និងទំនោររបស់សាកលលោក៕
ប្រភព៖ lifehack