ពេល​វេលា​សក្ដិសម​បំផុតដើម្បី​ចាប់​ផ្ដើម​អាជីវកម្ម​ ពេល​​បុគ្គល​ម្នាក់​អាច​ឆ្លើយ​សំណួរ​មូលដ្ឋានទាំង​ ៣នេះ​



ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្ត​​ ​ក្រុមហ៊ុន​ជំនាញ​នៅ​ក្នុង​សេវា​ជ្រើស​រើស​បុគ្គលិក HIRE RIGHT COMPANY LIMITED លោក​ វ៉ន សុខេមរិន្ទ បាន​លើក​ឡើង​ថា ​ការ​ចាប់​ផ្ដើម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​មួយ​គឺ​មិន​អាច​កំណត់​ទេ​បាន​ថា​តើ​យើង​គួរ​ចាប់​ផ្ដើម​ត្រឹម​វ័យ​ប៉ុណ្ណា​ទើប​សម​ស្រប​នោះ​ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ពេល​វេលា​ល្អ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​នៅ​ពេល​ដែល​គេ​អាច​ឆ្លើយ​រួច​នូវ​សំណួរ​មូលដ្ឋាន​ចំនួន​៣។

 សំណួរ​ទី​មួយ ​គឺតើ​អ្វី​ដែល​ជា​កត្តាជម្រុញ​ឱ្យ​គាត់​ចាប់​យក​អាជីវកម្មនេះ?៖ ជាទូទៅ​ មាន​កត្តា​ពីរ​ដែល​គាត់​ត្រូវ​សិក្សា​ស្វែងយល់​ពី​ខ្លួន​ឯង​សិន ​មុន​នឹងគាត់សម្រេច​ចិត្ត​ចាប់​យកអាជីវកម្មណាមួយ។ ទីមួយ ​គឺ​កត្តា​លើក​ទឹក​ចិត្ត​ពី​ខាងក្រៅ​ដែល​យើង​ហៅ​ថា (Motivations)។ ចំណុច​នេះ ​លោក ​ខេមរិន្ទ បាន​លើក​ឡើង​ថា ​ប្រសិន​បើ​គាត់​បើក​អាជីវកម្ម​មួយ​គ្រាន់​តែ​ដោយ​សារ​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ ការ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ គេ​បបួល​ធ្វើ​ក៏​ធ្វើ​តាម​គេ ឬ​គ្រាន់​តែ​ចង់​ឲ្យ​គេ​ហៅ​ខ្លួន​ថា​ជា​សហគ្រិន លោក​គិត​ថា ​ដំណើរ​ការ​អាជីវកម្ម​នោះ​ នឹង​មិន​ល្អ​នោះ​ឡើយ។ ​​កត្តា​ទីពីរ គឺ​ជា​ចំណង់ចំណូលចិត្ត​ដែល​កើតចេញ​ពី​ក្នុងខ្លួន​គាត់ផ្ទាល់​តែ​ម្តង​ដែល​យើង​ហៅ​ថា (Passionate​) ជា​ការ​ពិត​ណាស់​ នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ចាប់​យក​អាជីវកម្ម​ណា​មួយ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​ដែល​កើត​ចេញ​ពី​ក្នុង​ខ្លួន​របស់​គាត់ នោះ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​គាត់​ប្រាកដ​ជា​ដំណើរ​ការ​ពោរពេញ​ដោយ​ថាម​ពល មាន​ការ​លះបង់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ឆ្ពោះ​ទៅ​កាន់​គោលដៅ ហើយ​ទោះ​ជា​ជួប​ឧបសគ្គ​ក៏​គាត់​មិន​បោះ​បង់​ចោល​ដែរ។ ដូច្នេះ​ជា​រួម​មក​គាត់​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​ជាមួយខ្លួនឯង និង​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​ថា​កត្តា​មួយ​ណា​ដែល​ជុំរុញគាត់​ពិតប្រាកដ​អោយ​គាត់​ចាប់​យកអាជីវកម្ម​មួយ​នោះ។

សំណួរ​ទី២ តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ឬ​នៅ​មុន​ពេល​ចាប់​ផ្ដើម​អាជីវកម្ម​នេះ?៖ មុន​ពេល​ចាប់​ផ្ដើម​អាជីវកម្ម​អ្វី​មួយ​ ម្ចាស់​អាជីវកម្ម​គ្រប់​រូប​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ត្រៀម​ខ្លួន​ទុក​មុន។ ត្រង់ចំណុចនេះ​គាត់​ត្រូវ​ដឹង​ខ្លួនឯង​ថាតើ​គាត់​មាន​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឬវិស័យ​ដែលគាត់​ស្រលាញ់​ហើយឬនៅ, តើ​គាត់​មាន​ជំនាញ​គោល​ឬ​មាន​ចំណេះ​ធ្វើ​ច្បាស់​លាស់​ហើយ​ឬនៅ, តើគាត់ចេះជំនាញពាក់ព័ន្ធ​នានា​ទៅ​នឹងជំនាញគោល​ឬអាជីវកម្មដែរឬទេ, តើគាត់់​បាន​លុត​ដំ​ឥរិយាបទ​ក្នុងការ​បំពេញ​ការងារ​របស់គាត់​​ (Soft skills) បានល្អប៉ុណ្ណាដែរ, មានដើមទុនទុកគ្រប់គ្រាន់ហើយឬនៅ បើ​នៅ​ត្រូវការ​ទៅរក​ទុននោះនៅកន្លែងណា។ លើស​ពី​នេះ​អ្នក​ត្រូវ​ដឹង​ថា មានមនុស្សជួយធ្វើ ឬ​ដឹង​ថា​ត្រូវជ្រើសរើសមនុស្ស​យ៉ាងម៉េច​អោយ​ជួយ​ការងារ​យើង​ហើយឬនៅ, គាត់​មានថាមពលគ្រប់គ្រាន់ មានការប្តេជ្ញាចិត្តមោះមុត ​រឹងមាំ​គ្រប់គ្រាន់​ក្នុងការ​ប្រឈម​មុខ​ជាមួយ​ហានិភ័យ និង​បញ្ហា​នានា​ដែលអាចកើតមានគ្រប់ពេលវេលាហើយឬនៅ, តើគាត់មានអត្តចរឹត និង​បុគ្គលិកលក្ខណៈ​ស្របតាមសភាព​របស់អាជីវកម្មនោះដែរឬទេ, តើគាត់នឹងរៀបចំដំណើរការផលិតកម្ម ឬសង្វាក់ផលិតកម្មផលិតផល​​​​ ហើយផ្គត់ផ្គង់នឹងដឹកជញ្ជូនអោយអតិថិជនដូចម្តេច, ចុះបញ្ហាលក្ខខណ្ឌច្បាប់ និង​គតិយុត្តិ​ផ្សេងៗ​ទៀងដែលឃុំគ្រង​និងពាក់ព័ន្ធ​លើអាជីវកម្ម វិស័យ សេវាកម្ម ឬផលិតផលរបស់គាត់នោះ... ដូច្នេះ គាត់​ត្រូវយល់ដឹង​អោយ​បានច្បាស់​ពីបញ្ហា​ទាំងនេះ​ជាមុន​សិន។

សំណួរ​ទី៣ គឺ តើអ្នក​មានគម្រោងអ្វីខ្លះដើម្បីសម្រេចគោលដៅទាំងនោះ?៖ មាន​សុភាសិតមួយបានពោលថា មនុស្ស​ដែល​ជោគជ័យ​គឺ​ជាមនុស្ស​ដែល​ដឹង​ថា​ពួកគេត្រូវធ្វើអ្វីខ្លះ។ នេះគឺជារឿងពិត ជាពិសេស​នៅ​ពេល​ដែល​យើង​អាជីវកម្ម​អ្វីមួយ។ នៅពេលខ្លះ មុខបើកអាជីវកម្មមនុស្សម្នាក់នោះមានគោលដៅច្បាស់លាស់ហើយ តែ​បញ្ហា​នៅត្រង់ថា​នៅ​ពេល​​គាត់​ចាប់​ផ្តើម គាត់មិនដឹងថាត្រូវធ្វើអ្វីខ្លះ ធ្វើអ្វីមុន ធ្វើអ្វីបន្ទាប់ ធ្វើអ្វីក្រោយគេ ហើយ​ធ្វើ​រឿង​ទាំងអស់​នោះ​នៅពេល​ណា​ដើម្បី​សម្រេច​គោលដៅ​ដែល​ចង់បាន។ ​ស្ថាប​និក​រូប​នេះ​បន្តថា​ ម្ចាស់​អាជីវកម្ម​ត្រូវដឹងថានៅពេលគាត់ចាប់ផ្តើមអាជីវកម្មណាមួយ គាត់​ត្រូវកំណត់​អោយបាន​ច្បាស់​ពីគោលដៅ​របស់ក្រុមហ៊ុន រៀប​ចំផែន​ការយុទ្ធសាស្ត្រ​និងសកម្មភាពទៅតាមពេលវេលានិងតំណាក់កាល។ ជាឧទាហរណ៍ ក្នុងរយៈពេលខ្លី ១ខែ ៣ខែ ៦ខែ ក៏ដូចជាក្នុងរយៈពេលវែង ២ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំទៅមុខ គាត់​ត្រូវ​កំណត់​អោយ​ច្បាស់ៗ​ថា​គាត់​ចង់​អោយ​អាជីវកម្ម​របស់គាត់​សម្រេច​បាន​គោលដៅអ្វីខ្លះ ហើយ​ក្នុងរយៈ​នេះមាន​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ណាខ្លះ​ដែលគាត់​នឹង​អនុវត្ត​អោយ​សម្រេចបាន​នូវគោលដៅ​ទាំងនេះ នៅ​ពេល​ដែល​គាត់​បើក​ដំណើរ​ការអាជីវកម្ម៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s