ចំណុចអវិជ្ជមាន៥យ៉ាងនេះហើយ ដែលនាំឲ្យអាជីវកម្មថ្មីៗ ដួលទៅវិញយ៉ាងរហ័សបំផុត
មានជំនួញមិនតិចនោះទេ ដែលដំណើរការទៅមួយរយៈ ហើយក៏ដួលទៅយ៉ាងរហ័ស ដែលធ្វើឲ្យម្ចាស់អាជីវកម្មមានការខកចិត្តយ៉ាងខ្លាំង។ ការដួលរលំទៅវិញបែបនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺប្រាកដជាមានដើមហេតុដែលនាំឲ្យអ្វីៗមិនអាចដំណើរការទៅបានយ៉ាងដូច្នោះ។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលនាំឲ្យអាជីវកម្មរបស់អ្នកដួលទៅវិញយ៉ាងងាយ៖
១) គ្មានភាពច្បាស់លាស់៖ មានមនុស្សជាច្រើន បានសម្រេចចិត្តបើកអាជីវកម្មផ្សេងៗ ដោយសារតែឃើញអ្នកដទៃទទួលភាពជោគជ័យ ក្នុងការធ្វើជំនួញ។ ប៉ុន្តែពួកគេគ្មានភាពច្បាស់លាស់ថា ខ្លួនចង់បើកអ្វីឲ្យប្រាកដ ពោលគឺគ្រាន់តែឃើញគេ រកស៊ីអ្វីមួយជោគជ័យ ហើយក៏ផ្អើលបើកតាមគេដែរ។ ការផ្អើលតាមគ្នា ដោយគ្មានភាពច្បាស់លាស់លើខ្លួនឯងបែបនេះ នឹងធ្វើឲ្យអាជីវកម្មទាំងនោះមិនអាចឈរជើងក្នុងទីផ្សារដ៏សែនប្រកួតប្រជែងនេះបានឡើយ។ ដូច្នេះហើយ ប្រសិនបើចង់ធ្វើជំនួញ អ្នកមិនត្រូវផ្អើលតាមតែគេនោះទេ ព្រោះថា អ្នកគ្មានថ្ងៃជោគជ័យឡើយ។
២) គ្មានលក្ខណៈពិសេសដាច់ដោយឡែក៖ ដើម្បីប្រាកដជា អាជីវកម្មថ្មីរបស់អ្នកទទួលបានជោគជ័យក្នុងទីផ្សារ គឺត្រូវតែប្រាកដថា អ្នកមានអ្វីដែលពិសេស និងប្លែកពីអ្នកដទៃ ដើម្បីឲ្យអតិថិជនមានការចាប់អារម្មណ៍។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែង ម្ចាស់អាជីវកម្មមួយចំនួនមិនបានគិតគូរអំពីបញ្ហានេះឡើយ ពោលគឺ គ្រាន់តែព្យាយាមធ្វើឲ្យបានដូចគេដូចឯងប៉ុណ្ណោះ។ ប្រការនេះហើយ ដែលធ្វើឲ្យអាជីវកម្មថ្មីមិនអាចជោគជ័យបាន ព្រោះបើអាជីវកម្មនោះដូចតែគេដែរ វាប្រាកដជាគ្មានអតិថិជនចង់ប្រើប្រាស់ផលិតផល ឬ សេវាកម្មថ្មីនេះឡើយ។
៣) បញ្ហាដៃគូ៖ សម្រាប់អាជីវកម្មដែលមានលក្ខណៈធំដុំ វាមិនអាចបដិសេធក្នុងការសហការជាមួយនឹងដៃគូផ្សេងៗបានឡើយ ព្រោះម្នាក់ឯងមិនអាចធ្វើការងារច្រើនបានទេ។ ប៉ុន្តែទន្ទឹមគ្នានេះ ការជ្រើសរើសដៃគូ គឺជារឿងសំខាន់ ព្រោះថាបើដៃគូគ្មានសុបិន្ដរួម ឬ គ្មានលក្ខណៈប្រហាក់ប្រហែលគ្នាទេនោះ ប្រាកដជាមិនអាចដំណើរការទៅមុខយូរអង្វែងបានឡើយ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តជ្រើសរើសដៃគូ អ្នកត្រូវតែប្រាកដថា អ្នកទាំងនោះអាចតស៊ូជាមួយអ្នកបាន ទោះបីជាជួបបញ្ហាច្រើនក្តី។
៤) ខ្វះការតស៊ូ៖ ភាពជោគជ័យ គឺស្រួលនិយាយ និង ស្រួលសរសេរ ប៉ុន្តែមិនងាយនឹងបង្កើតនោះឡើយ។ គ្រប់ពេលដែលភាពជោគជ័យមានលក្ខណៈអស្ចារ្យ គឺវាពិតជាទាមទារឲ្យមានការតស៊ូដ៏អស្ចារ្យដូចគ្នាដែរ។ ការតស៊ូ គឺពិតជាសំខាន់ ព្រោះថា នៅពេលដែលអាជីវកម្មថ្មីរបស់អ្នកទើបនឹងដំណើរការនោះ គឺពិតជាមានបញ្ហារាប់មិនអស់ ដែលអ្នកត្រូវតែព្យាយាមដោះស្រាយជាដាច់ខាត។ បើមិនតស៊ូទេ នោះគឺមានន័យថា ស្មើនឹងបរាជ័យ។ ដោយហេតុថា ម្ចាស់អាជីវកម្មថ្មីថ្មោងមួយចំនួន គ្មានការតស៊ូ ដូច្នេះហើយពួកគេមិនអាចគេចផុត ពីពាក្យថា បរាជ័យបានឡើយ។
៥) ខ្វះការយកចិត្តទុកដាក់លើហិរញ្ញវត្ថុ៖ ហិរញ្ញវត្ថុ គឺពិតជាសំខាន់ណាស់ ។ រាល់ប្រតិបត្តិការទាំងអស់ គឺពិតជាត្រូវការហិរញ្ញវត្ថុដើម្បីដំណើរការ។ ចំពោះអ្នកបើកអាជីវកម្មខ្លះ មានការធ្វេសប្រហែស ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសការចាត់ចែង និង ការចំណាយខ្ចរខ្ចាយ ឬ មិនត្រូវខ្ទង់ ជាហេតុនាំឲ្យអាជីវកម្មនោះដួលរលំយ៉ាងរហ័ស ព្រោះតែដើមទុនត្រូវរលាយអស់ដោយមិនដឹងខ្លួន។ ដូច្នេះហើយ រាល់ការចំណាយ ត្រូវតែមានការគិតគូរ និង កត់ត្រាឲ្យបានច្បាស់ ដើម្បីប្រាកដជា ការចំណាយនោះគឺ ត្រឹមត្រូវ និង ច្បាស់លាស់បំផុត៕
ដោយ៖ អ៊ុន ភក្តី