ទម្លាប់អាជីវកម្មមិនល្អទាំង ៧ អ្នកគួរបញ្ឈប់
សាកល្បងពិនិត្យមើលបញ្ហាខាងក្រោមនេះ តើអ្នកអាចទទួលស្គាល់ថា អ្នកកំពុងជួបឬអត់? បើចម្លើយវិជ្ជមាននោះ អ្នកគួរតែទម្លាក់វាចោលទៅ។
១) ឈប់ធ្វើការច្រើនជ្រុលគ្មានពេលសម្រាក
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Gallup Index បានរកឃើញថា អ្នកជំនួញអាមេរិក ៥៧% នៅអាមេរិកបានធ្វើការ ៦ ថ្ងៃក្នុងមួយសប្តាហ៍ និងច្រើនជាង ២០% បានធ្វើការ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ការធ្វើការច្រើនជ្រុលនេះ មិនមែនជាគន្លឹះដ៏ល្អដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកឡើយ ព្រោះថា មិនយូរមិនឆាប់អ្នកនឹងអស់កម្លាំងប៉ះពាល់ដល់សុខភាពរបស់អ្នកនៅក្នុងរយៈពេលយូរអង្វែង។ នៅក្នុងឆ្នាំថ្មីខាងមុខ សូមផ្ដោតលើការងារដែលអាទិភាព និងបែងចែកពេលវេលាឡើងវិញ។
២) បញ្ឈប់ការគ្រប់គ្រងបែបផ្ដាច់ការ
ការគ្រប់គ្រងអាជីវកម្មបែបផ្ដាច់ការ គឺជារបៀបគ្រប់គ្រងដែលខ្វះទំនុកចិត្ត ហើយនេះមិនមែនមានន័យថា បុគ្គលិកសុទ្ធតែជាអ្នកខុសនោះទេ។ ក្នុងនាមអ្នកជាអ្នកគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងបែបប្រមូលផ្ដុំបែបនេះគឺវាបណ្តាលមកពីអ្នកមានការមន្ទិលសង្ស័យទៅនឹងសមត្ថភាពរបស់អ្នកនៅក្នុងការជួល និង បណ្តុះបណ្តាលបុគ្គលិកឲ្យបានត្រឹមត្រូវ។ នេះបានធ្វើឲ្យអ្នកត្រូវតាមដានគ្រប់សកម្មភាពរបស់បុគ្គលិក។ នៅទីបំផុតអ្នកមិនបានផ្ទេរការងារណាមួយទៅបុគ្គលិក ហើយក៏មិនទុកចិត្តពួកគេ។ នេះជាកំហុសដ៏ធំមួយក្នុងនាមជាម្ចាស់អាជីវកម្មដែលអ្នកត្រូវបញ្ឈប់ដើម្បីភាពជោគជ័យនៅក្នុងសតវត្សទី២១នេះ។ អ្នកត្រូវផ្តល់ទំនុកចិត្ត និងរៀនផ្តល់ឱកាសឲ្យពួកគេដើម្បីបង្កើតគំនិតថ្មីៗសម្រាប់អាជីវកម្មរបស់អ្នក។
៣) ឈប់ជួលបុគ្គលិកខុសមកធ្វើការ
ចំណុចសំខាន់បំផុតមួយដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យបាននោះគឺការតាមប្រមាញ់បានបុគ្គលិកមានសមត្ថភាពមកធ្វើការឲ្យអ្នក។ បើអ្នកជួលបុគ្គលិកខុស អ្នកនឹងត្រូវខាតបង់គ្រប់បែបយ៉ាងទាំងការចំណាយលើប្រាក់កាក់ និងពេលវេលា។ សុខចិត្តឲ្យប្រាក់ខែថ្លៃ ប្រសិនបើបុគ្គលិកនោះជាបុគ្គលិកល្អ ជាជាងឲ្យប្រាក់ខែតិចលើបុគ្គលិកខុស។
៤) កុំបារម្ភច្រើនហួសហេតុពេក
ជាម្ចាស់អាជីវកម្មមិនមែនជារឿងមួយងាយស្រួលសម្រាប់អ្នកនោះទេ។ អ្នកនឹងមានការងារជាច្រើនត្រូវដោះស្រាយ ប៉ុន្តែការព្រួយបារម្ភជ្រុលទៅនឹងបញ្ហាទាំងនោះដែលមិនទាន់កើតឡើង គឺជាការដាក់សម្ពាធមួយឲ្យខ្លួនឯង។ សូមកុំផ្តោតលើច្រើនពេកហើយងាកមកសួរខ្លួនឯងថា តើអ្វីទៅជាបញ្ហាធំបំផុតរបស់អ្នកនៅពេលនេះ? ហេតុអ្វីបានជាវាកើតឡើង? តើត្រូវការលុយប៉ុន្មានទើបគ្រប់គ្រាន់?
៥) កុំឲ្យលុយបាត់បង់ទៅទាំងអត់ប្រយោជន៍
អ្នកត្រូវរៀនអនុវត្តជំនាញចរចាដោយផ្ដោតលើគោលដៅចុងក្រោយរបស់អ្នក។ ជំនាញនេះគឺជាជំនាញសំខាន់បំផុតក្នុងអាជីវកម្ម ព្រោះថា មានម្ចាស់អាជីវកម្មច្រើនណាស់ដែលបានបណ្តែតបណ្តោយឲ្យលុយរាប់ម៉ឺនដុល្លាររបស់ពួកគេបាត់បង់ទៅទាំងទទេរៗ។ ប្រសិនបើអ្នកចង់ជោគជ័យគោលដៅណាមួយក្នុងអាជីវកម្មរបស់អ្នកដូចជា ចង់បានបុគ្គលិកមានសមត្ថភាព ឬ ដៃគូអាជីវកម្មណាមួយមកធ្វើគម្រោងជាមួយអ្នក អ្នកគួរហ៊ានចំណាយលុយដើម្បីមើលប្រយោជន៍ធំ។
៦) ឈប់ធ្វើការតែម្នាក់ឯង
អាជីវកម្មដែលត្រឹមត្រូវ គឺត្រូវមានបរិស្ថានការងារមួយដ៏មានប្រសិទ្ធភាព ពោលគឺការធ្វើការជាក្រុមតែម្តង។ អ្នកត្រូវកសាងក្រុមការងារដ៏រឹងមាំ អ្នកត្រូវជួលបុគ្គលិកមកជួយធ្វើការជំនួសអ្នក អ្នកត្រូវការបុគ្គលិកដើម្បីធ្វើការទៅតាមជំនាញរៀងៗខ្លួន។ ដូចនេះក្នុងនាមអ្នកជាអ្នកដឹកនាំ អ្នកត្រូវសហការ និងដឹកនាំពួកគេឲ្យធ្វើការជាធ្លុងមួយឆ្ពោះទៅកាន់គោលដៅដែលអ្នកបានកំណត់។
៧ )ឈប់កុហកខ្លួនឯង
នៅក្នុងទីលានអាជីវកម្ម អ្នកមិនអាចនិយាយហើយទុកចោលបានទេ។ អ្នកត្រូវបង្កើតគម្រោង គោលដៅ និងកំណត់អ្វី ដែលអ្នកចង់បាននៅក្នុងរយៈពេលណាមួយ ព្រមទាំងបំណងប្រាថ្នាផ្សេងៗទៀតដែលអ្នកត្រូវសម្រេចឲ្យបាន។ ដូច្នេះអ្នករៀបចំយុទ្ធសាស្ត្រ និងផែនការពីមួយជំហានទៅមួយជំហានឲ្យបានច្បាស់លាស់បំផុត រួចហើយអនុវត្តធ្វើវាតែម្តង។ កុំយកលេសនេះលេសនោះមកដាក់ខ្លួនឯង ព្រោះវាគ្មានបានប្រយោជន៍អ្វីក្រៅតែពីធ្វើឲ្យអ្នកបរាជ័យនោះទេ៕
ប្រភព៖ inc