លោក Tony Robbins៖ ​​ធ្វើរឿង ៥យ៉ាង​ដើម្បី​ឲ្យ​​ជីវិត​អ្នកបាន​ប្រសើរ​



លោក Tony Robbins ដែល​គេ​ស្គាល់​ទូទៅ​ថា ជា​​គ្រូបង្វឹក​ផ្នែក​​គំនិត​ដ៏​ជោគជ័យ​បំផុត​មួយ​រូប​ និង​ជា​មហាសេដ្ឋី​អាមេរិក​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យជីវិត​បាន​ប្រសើរអ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​ចង់​បាន​​អ្វី​ឲ្យ​ប្រាកដ​?

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ ៥៤ កន្លែង​ដែល​​​មានតម្លៃ​លក់​ ៦ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​មហាសេដ្ឋី​រូប​នេះ​បាន​លើក​ឡើង​ដូច្នេះ​ថា៖« បើ​អ្នក​ចង់​​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ក្លាយ​ជា​ឆ្នាំ​ល្អ​បំផុត​មិន​ធ្លាប់​មាន​​នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​ត្រូវ​​បង្កើត​​ទស្សនវិស័យ​មួយ​ឲ្យ​ជីវិត​ខ្លួន​​ឯង។ សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ចង់​បាន​អ្វី? តើ​​មាន​អ្វី​ប្លែក​ខ្លះ​ក្នុង​ឆ្នាំ​ថ្មី​នេះ? តើ​អ្នក​ចង់​ផ្លាស់ប្ដូរ​អ្វី​ខ្លះ? តើ​អ្នក​ចង់​ក្លាយ​ជា​អ្វី​ឲ្យ​ពិតប្រាកដ?»

សំនួរ​ទាំង​នេះ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ នេះ​បើ​យោង​តាម​ដំបូន្មាន​របស់​លោក Robbins។ លោក​បន្ត​ដូច្នេះ​ថា៖« នៅ​ពេល​អ្នក​បាន​បង្កើត​ទស្សនវិស័យ​ឲ្យ​ជីវិត​​ខ្លួន​ឯង​ហើយ អ្នក​ត្រូវ​​ប្រាកដ​ថា ទស្សនវិស័យ​​របស់​អ្នក​មាន​​ភាព​ច្បាស់លាស់​បំផុត។ មនុស្ស​ភាគច្រើន​គិត​ថា ពួកគេ​ប្រើ​ពេល​តែ​មួយ​ឆ្នាំ​អាច​សម្រេច​បាន​គោលដៅ​ទាំង​នោះ តែ​ទីបំផុត​ ពួកគេ​ចំណាយ​ពេល​រហូត​ដល់​មួយ​ទសវត្ស​ឯណោះ ឬ​ក៏​លើស​ពី​នេះ​ក៏​​មាន​ដែរ»។ លោក Robbins បាន​បញ្ជាក់​បន្ត​ទៀត​ថា ​នៅពេល​អ្នក​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក អ្នក​នឹង​ត្រូវ​​ប្រឈមមុខ​ដោះស្រាយ​ជាមួយ​នឹង​ស្ថានភាព​​មិន​ប្រាកដប្រជា​​មួយ​​ចំនួន​ដែល​ជាប់​ទាក់ទង​នឹង​​ស្ថានភាព​ប្រែប្រួល​ថ្មីៗ​ដែល​វា​ជា​រឿង​លំបាក​មួយ​សម្រាប់​អ្នក​។ លោក​បន្ថែម​ថា ដល់​ពេល​នោះ​ខួរក្បាល​របស់​អ្នក​ចាប់​ផ្តើម​មាន​ការ​ភ័យខ្លាច​​នៅ​ពេល​​ជួប​បញ្ហា​ទាំង​នោះ។ ​

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​បន្ត​ដំណើរ​ទៅ​មុខ អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​ហ៊ាន​ប្រឈមមុខ​នឹង​វា។ ក្នុង​បទសម្ភាសន៍​មួយ​ទៅ​កាន់​ទស្សនាវដ្ដី Success មហាសេដ្ឋី​វ័យ ៥៨ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ពី​​ជំហាន​ចំនួន ៥ ដែល​ជួយ​ឲ្យ​អ្នក​ប្រែក្លាយ​ឆ្នាំ ២០១៩ ខាងមុខ​ឲ្យ​ក្លាយ​​ជា​ឆ្នាំ​មួយ​មាន​ការ​ផ្លាស់ប្ដូរ និង​ជោគជ័យ​បំផុត​សម្រាប់​អ្នក​ដូច​ខាងក្រោម៖

១) រៀន​រហូត​កុំ​បោះបង់ លោក Robbins បាន​​ស្វែងយល់​រួច​មក​ហើយ​ពី​តម្លៃ​​ការ​សិក្សា​រៀនសូត្រ​​នៃ​​វិធី​​​ការ​គិត​បែប​ថ្មី​ដែល​លោក​ហៅ​ថា​ជា​ "ការ​បំប៉ន​​ខួរក្បាល​”។ លោក​ថ្លែង​ថា៖« អ្នក​​ត្រូវ​​​​ដាក់​គំនិត​ថ្មីៗ​​ចូល​ក្នុង​ខួរក្បាល​របស់​អ្នក បើ​អ្នក​ចង់​អភិវឌ្ឍ​ទៅ​កាន់​​ទីតាំង​មួយ​​ខ្ពស់​ជាង​ពេល​នេះ។ បើ​មិន​ដូច្នេះ​ទេ ខួរក្បាល​របស់​អ្នក​នៅ​ដុះស្នឹម​តែ​គំនិត​ ​និង​ជំនឿ​ចាស់ៗ​ ជាមួយ​នឹង​អារម្មណ៍​រវើរវាយ​ឥតប្រយោជន៍»។ ​

២) រក្សា​សុខភាព​ឲ្យ​បាន​ល្អ សុខភាព​សំខាន់​ជាង​អ្វីៗ​ទាំងអស់។ សុខភាព​ល្អ នឹង​ធ្វើ​ឲ្យ​​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​​ល្អ​តាម​នោះ​ដែរ ហើយ​វា​អាច​ឲ្យ​អ្នក​ផ្ដោត​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ នេះ​ជា​សម្ដី​របស់​លោក Robbins។ លោក​ថា លោក​ក្រោក​​ពី​ព្រឹក​ហាត់ប្រាណ ហែលទឹក ដើរ​ហាត់ប្រាណ ពី​ព្រោះ​លោក​ចង់​ឲ្យ​សុខភាព​របស់​លោក​ល្អ។ នៅ​ពេល​លោក​មាន​សុខភាព​ល្អ លោក​នឹង​អាច​សម្រេច​ជោគជ័យ​​លើ​កិច្ចការ​ផ្សេងៗ​ទៀត​។

៣) មើល​គំរូ​អ្នក​ដើរ​មុនៗ​ ក្នុង​ចំណុច​នេះ​លោក Robbins បាន​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« ប្រសិន​បើ​អ្នក​ចង់​ឲ្យ​​ឆ្នាំ ២០១៩ ក្លាយ​ជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់អ្នក អ្នក​ត្រូវ​សម្រេចចិត្ត​ស្វែង​យល់​ និងយកអ្នកណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​អ្នក។ តើ​អ្នកណា​ខ្លះ​បាន​ជោគជ័យ​រួច​មក​ហើយ​លើ​ផ្លូវ​ដែល​អ្នក​កំពុង​ចង់​ដើរ? តើ​បុគ្គល​នោះ​បាន​ធ្វើ​អ្វី​ខ្លះ?។ លោក​បន្ត​ទៀត​ថា អ្នក​ត្រូវ​រៀន​គំរូ​នេះ​។ ប្រសិន​បើ​បុគ្គល​នោះ​ជោគជ័យ រៀន​ពី​ភាព​ជោគជ័យ​របស់​គេ ហើយ​បើ​បុគ្គល​នោះ​ធ្លាប់​បរាជ័យ ត្រូវ​រៀន​ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​របស់​បុគ្គល​នោះ​ដើម្បី​យក​មក​បំពេញ​បន្ថែម​ឲ្យ​ខ្លួន​ឯង»​។

៤) ធ្វើ​សកម្មភាព ​ប៉ុន្តែ​​ក៏​ត្រូវ​រីករាយ​ក្នុង​ការ​​ផ្លាស់ប្ដូរ​គោលដៅ​ដែរ លោក Robbins បាន​ពន្យល់​នៅ​ចំណុច​នេះ ដូច្នេះ​ថា៖« ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ផ្លាស់ប្ដូរ​គោលដៅ​ដែរ។ បើ​អ្នក​ចង់​ឃើញ​ថ្ងៃ​រៀប​លិច តែ​អ្នក​បែរមុខ​ទៅ​ទិសខាងកើត អ្នក​ច្បាស់​ជា​​គ្មាន​​សំណាង​បាន​មើល​ថ្ងៃ​លិច​ឡើយ។ វា​មិន​សំខាន់​ថា អ្នក​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម​បែប​ណា ព្យាយាម​បែប​ណា ឬ​ឆ្លាត​បែប​ណា​នោះ​ទេ បើ​យុទ្ធសាស្ត្រ​ និង​​គោលដៅ​របស់​អ្នក​ដើរ​ខុស អ្វីៗ​វា​មិន​អាច​កើត​ឡើង​ដូច​ការ​ចង់​បាន​របស់​អ្នក​ឡើយ»។ ​​​​​

៥) ចេះ​ចែករំលែក​ទៅ​អ្នកដទៃ​​ «មូលដ្ឋានគ្រឹះ​​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​​ គឺ​ការ​ចេះ​ចែករំលែក​ឲ្យ​អ្នកដទៃ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​​រស់នៅ​ទាំង​មាន​តម្លៃ។ ជីវិត​មនុស្ស មិនមែន​ខ្ញុំ មិនមែន​អ្នក ហើយ​ក៏​​មិនមែន​យើង​ទាំងអស់​គ្នា​​នោះ​​ដែរ​។ ការ​ជួយអ្នកដទៃ ធ្វើ​ឲ្យ​អ្នក​កាន់តែ​ងាយស្រួល​ដើម្បី​​រក្សា​បាន​នូវ​ទស្សនវិស័យ​​រឹងមាំ​​ពី​​ការ​ប្រឈម​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ ជួយ​អ្នកដទៃ នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​តម្លៃ និង​រស់នៅ​​ជា​មួយ​នឹង​ក្តី​សុបិន្ត​របស់​អ្នក»។ នេះ​ជា​ដំបូន្មាន​របស់​លោក Robbins៕

ប្រភព៖ cnbc

X
5s