បើ​ចង់​ចាប់​ផ្ដើម​អាជីវកម្ម ​អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​ជោគជ័យ​ជា​មុន​សិនទោះត្រូវ​ហែល​ឆ្លង​បរាជ័យ​ច្រើន​ក៏ដោយ​



ប្រាកដ​ណាស់​ថា​ មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​អាច​ជោគ​ជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ជឿ​ជាក់​ថា​ នៅ​តែ​មាន​អ្នក​ដែល​អាច​ជោគជ័យ​ ​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​នេះ។ ដូច្នេះ​តើ​ធ្វើ​យ៉ាង​ណា​ ទើប​អាច​ជោគជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្មរបស់​អ្នក​បាន? លោក កែវ បណ្ឌិត ស្ថាប​និក​ក្រុមហ៊ុន​ Akworld បាន​បង្ហើប​ប្រាប់​ថា "បើ​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​ជោគជ័យ​ជា​មុន​សិន ទោះ​ត្រូវ​ហែល​ឆ្លង​បរាជ័យ​យ៉ាង​ណា​ក៏ដោយ​"។

និយាយ​ក្នុង​ន័យ​អវិជ្ជមាន​បន្តិច​ចុះ មនុស្ស​មួយ​ចំនួន​ធ្វើ​អា​ជីវកម្ម​គឺ​គ្រាន់​តែ​ចង់​បង្ហាញ និង​ចង់​បង្អូត​ប្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ​ថា​ខ្លួន​ក៏​ជា​ម្ចាស់​អាជីវកម្ម ខ្លួន​ឯង​ក៏​មាន​មុខ​ជំនួញ​នៅ​ក្នុង​ដៃ​ដែរ ប៉ុន្តែ​ជាក់​ស្ដែង​ ខ្លួន​ឯង​បែរ​​ជា​គ្មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទៅ​វិញ​។ នេះ​ជា​ការ​លើក​លើង​របស់​លោក កែវ បណ្ឌិត។

ស្ថាបនិក​ក្រុមហ៊ុន​រូប​នេះ​បាន​លើល​ឡើង​បន្ត​ថា ចង់​ចាប់​ផ្ដើម​អាជីវកម្ម​អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​ជោគជ័យ​ដែល​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ដំបូង​បំផុត ព្រោះ​នៅ​ពេល​ដែល​អ្នក​មាន​ផ្នត់​គំនិត​វិជ្ជមាន​ ឬ​ផ្នត់​គំនិត​ជោគជ័យ​​ អ្នក​នឹង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​សម្រេច​ក្ដី​សុបិន ឬ​ធ្វើ​អាជីវកម្ម​ដែល​អ្នក​ស្រលាញ់ ដូច្នេះ​អ្នក​នឹង​អាច​ជម្នះ​បាន​នូវ​រាល់​បញ្ហា​លំបាកៗ​ និង​សម្ពាធ​ការងារ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់​ពេល​ខាង​មុខ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ។

បើ​ទោះ​បី​ជា​យើង​ជឿ​ជាក់​លើ​ខ្លួន​ឯង យើង​មាន​ការ​គិត​វេជ្ជមាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​មិន​ប្រាកដ​ថា ​អាច​ឲ្យ​យើង​ទទួល​ជោគជ័យ​បាន​ទាំង​ស្រុង​នោះ​ដែរ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ពោល​គឺ​យើង​អាច​នឹង​ត្រូវ​បាត់​បង់​វា (ជួប​បរាជ័យ) ប្រសិន​បើ​យើង​គ្មាន​ការ​តស៊ូ​ និង​ការ​លះបង់​ខ្ពស់​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម​នោះ​ឲ្យ​​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​ស្ថាប​និក​ក្រុមហ៊ុន​ AKworld រូប​នេះ៕

អត្ថបទ​៖ ជួប ស្រីរ័ត្ន

X
5s