ការជ្រើសរើស​ដៃគូ​ត្រូវ​មាន​ឥទ្ធិពល​យ៉ាងណា​ដល់​ភាព​ជោគជ័យ​របស់​អ្នក?​



ជិត​មួយ​សតវត្ស​​​កន្លង​ទៅ ​អ្នកកាសែត​លោក​ណាប៉ូឡេអុងហ៊ីល (Napoleon Hill) ​បាន​បង្កើត​បេសកកម្ម​មួយ​ដើម្បីស្វែងរក និង​ចងក្រង​ឯកសារ​យុទ្ធសាស្ត្រ​​ជា​ច្រើន​ដែល​អ្នកជំនួញ​មាន​ទ្រព្យសម្បត្តិ​ល្បីៗ និង​បុគ្គល​ជោគជ័យ​បំផុត​នៅ​អាមេរិក​បាន​​អនុវត្ត​នៅ​ក្នុង​ជីវភាព​របស់​ខ្លួន​ម្នាក់ៗ។

អ្នកនិពន្ធ​ម្នាក់​នេះ​បាន​សិក្សា​ទៅ​លើ​សេដ្ឋី​ជាង៥០០រូប ​ដោយ​ប្រើ​ពេល​​ជាង ២០ ឆ្នាំ​​ទើប​រូប​លោក​ឈាន​ដល់​ទៅ​​សម្រេច​បាន​ស្នាដៃ​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​​ក្បាល​ដែល​មាន​ចំណង​ជើង​ថា "Think and Grow Rich” នៅ​ក្នុង​ឆ្នាំ ១៩៣៧ នូវ​អ្វី​ដែល​គេ​ស្គាល់​ថា ជា​​​គោលការណ៍​ទាំង ១៣ នៃ​ការ​បង្កើត​លុយ​យ៉ាង​សម្ងាត់​របស់​ក្រុម​អ្នក​មាន។ នៅ​ក្នុង​គោលការណ៍​ទី ១០ របស់​លោក​គឺ​អាថ៌កំបាំង​​មួយ​ដែល​និយាយ​អំពី​ការ​​​ទំនាក់ទំនង​ផ្លូវភេទ​។ គោលការណ៍​នេះ​បាន​​​​បង្ហាញ​ថា​ ស្នេហា​ដ៏​ផ្អែមល្ហែម​​ និង​​ការ​ទំនាក់ទំនង​ផ្លូវភេទ​​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​​រួមចំណែក​កំណត់​ភាព​ជោគជ័យ និង​ទ្រព្យសម្បត្តិ​របស់​មនុស្ស​​ម្នាក់ៗ​។

សំណេរ​របស់​លោក​បាន​សរសេរ​ដូច​ខាងក្រោម​នេះ៖ "ទំនាក់ទំនងផ្លូវភេទ​គឺ​ជា​បំណង​ប្រាថ្នា​មួយ​នៅ​ក្នុង​ចំណោម​បំណង​ប្រាថ្នា​ផ្សេង​ទៀត​​របស់​មនុស្ស​ម្នាក់...នៅ​ពេល​វា​បាន​ប្រើ និង​បម្លែង​ទៅ​តាម​​គន្លង​ទិសដៅ​ផ្សេង​ទៀត កម្លាំង​ជំរុញ​នេះ​ នឹង​រក្សា​ឲ្យ​មាន​នូវ​គុណសម្បត្តិ​​នៃ​ការ​ស្រមើស្រមៃ និង​ភាព​ក្លាហាន។ ល។ ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​កម្លាំង​​នៃ​ភាព​ច្នៃប្រឌិត​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​អក្សរសិល្ប៍ សិល្បៈ​ ឬ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​វិជ្ជាជីវៈ​ផ្សេងទៀត ឬ​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ការ​ប្រមូលផ្ដុំ​​នូវ​ទ្រព្យសម្បត្តិ​​​ដ៏​ច្រើនសំបូរ​ហូរហៀរ... ​ក្តី​ស្រលាញ់​ ​ភាព​ផ្អែមល្ហែម និង​ការ​ទំនាក់ទំនង​ផ្លូវភេទ​គឺ​ជា​អារម្មណ៍​​​ដែល​មាន​សមត្ថភាព​ជំរុញ​​ឲ្យ​បុរស​សម្រេច​បាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់​... នៅ​ពេល​វា​​ទាំង​៣ នេះ​កើត​មាន​ព្រម​គ្នា វា​នឹង​អាច​លើក​​កម្ពស់​​​ទេពកោសល្យ​របស់​មនុស្ស​​ឲ្យ​កាន់តែ​អស្ចារ្យ​ឡើង​"

លោក Hill បាន​អះអាង​​បន្ថែម​ដូច្នេះ​ទៀត​ថា៖ «បុរស​ដែល​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុតក្នុង​ជីវិត​ គឺ​បុរស​ដែល​​បាន​​កសាង​​ទំនាក់ទំនង​ផ្លូវ​ភេទ​ដ៏​ល្អ​​​​មួយ​ជា​មួយ​​ដៃគូ​របស់​ខ្លួន និង​​ជា​បុរស​ដែល​​បាន​សាង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​... ដែល​ត្រូវ​បាន​ជំរុញ​​ពី​ស្ត្រី​នៅ​ពី​ក្រោយ​ខ្នង»។ ទន្ទឹម​នឹង​នេះ ខណៈ​​ដែល​គោលការណ៍​ច្រើន​ទសវត្ស​មួយ​​នេះ​ហាក់បីដូចជា​មិន​​សូវ​ខុស​ឆ្ងាយ​​ពី​គោលការណ៍​ជោគជ័យ​​កើត​ចេញ​ពី​មាន​ដៃគូ​ប្រចាំ​ជីវិត​​ល្អ​នោះ ៨១ ឆ្នាំ​ក្រោយ​មក ទស្សនៈ​ និង​គោលគំនិត​របស់​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​រួមមាន​មហាសេដ្ឋី អ្នក​ជំនួញ និង​អ្នកនយោបាយ​នានា​បាន​លើក​ឡើង​ផង​ដែរ​ថា មាន​ទំនាក់ទំនង​​​ដៃគូ​ត្រឹមត្រូវ​ពិត​ជា​បាន​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ និង​អាជីពរបស់​ខ្លួន​។

មហាសេដ្ឋី​អាមេរិក​លោកស្រី Sheryl Sandberg ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebok លោក Jim Rohn វាគ្មិន និង​ជា​គ្រូបង្វឹក​ផ្នត់គំនិត លោកMark Zuckerberg ប្រធាន​ក្រុមហ៊ុន Facebook លោក Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft និង Obama អតីត​ប្រធានាធិបតី​អាមេរិក​សុទ្ធតែ​បាន​លើក​ឡើង​ថា ដៃគូ​ជីវិត​របស់​​បុគ្គល​ទាំង​នេះ​បាន​រួមចំណែក​សំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ជំនួញ និង​ឆាក​នយោបាយ។ លោកស្រី Sheryl Sandberg ​ធ្លាប់​និយាយ​ថា ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​​​របស់​អ្នក​គឺ​ថា តើ​អ្នកណា​ដែល​អ្នក​គួរ​រៀបការ​ជា​មួយ?

ចំណែក​លោក Jim Rohn វិញ​បាន​លើក​ឡើង​ថា ជ្រើសរើស​ដៃគូ​ជីវិត​បាន​ត្រឹមត្រូវ ជីវិត​របស់​អ្នក​នឹង​មាន​អនាគត​ត្រចះត្រចង់ ខណៈ​ដែល​​លោក Mark Zuckerberg វិញ​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា ភរិយា​របស់​លោក​មិនមែន​ជា​នារី​ស្អាត​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​នាង​បាន​​រួមចំណែក​មិន​តិច​ទេ​​ក្នុង​ការ​ជួយ​ឲ្យ​លោក​ជោគជ័យ​ដើរតួ​ជា​អ្នក​ជំនួញ និង​ឪពុក​ល្អ​ម្នាក់។ ងាក​មក​មើល​មហាសេដ្ឋី Bill Gates វិញ​ក៏​ដូច្នេះ​ដែរ ពី​ព្រោះ​លោក​ធ្លាប់​បាន​សារភាព​ថា លោក​ស្រី Melinda Gates ជា​មនុស្ស​កម្រ​ពីព្រោះ​ថា លោកស្រី​​​មាន​ទស្សនវិស័យ​ និង​ទស្សន​ដូច​លោក​ជា​ពិសេស​លើ​កិច្ចការ​មនុស្សធម៌។ រីឯ​លោក Obama វិញ​តែង​សរសើរ​ពី​សមត្ថភាព​របស់​លោក​ស្រី Michelle Obama ថា ជា​នារី​មាន​ភាព​ប៉ិនប្រសព្វ ឈ្លាសវៃ​ដែល​តែងតែ​នៅ​ពីក្រោយ​ចាំ​ជួយ​គាំទ្រ​លោក​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា គូ​ស្វាមីភរិយា​ដែល​មាន​ក្តី​ស្រលាញ់ ​និង​​មនោសញ្ចេតនា​​ផ្អែមល្ហែម​អាច​អនុញ្ញាត​​ឲ្យ​​ដៃគូ​របស់​ខ្លួន​យកចិត្តទុកដាក់ និង​ផ្តោត​​​កាន់តែ​ខ្លាំង​ឡើង​លើ​អាជីព​ការងារ។ អវត្តមាន​នៃ​ភាព​តានតឹង​នៅ​ក្នុង​ជីវភាព​អាពាហ៍ពិពាហ៍ នឹង​អនុញ្ញាត​ឲ្យ​​ដៃគូ​​ទាំង​នោះ​មាន​ថាមពល និង​កម្លាំងចិត្ត​កាន់តែ​ច្រើន​ដើម្បី​​កសាង​ជីវភាព​របស់​ខ្លួន​ប្រកបដោយ​សុភមង្គល និង​​ទទួល​បាន​ភាព​ជោគជ័យ​៕

ប្រភព៖ Businessinsider ​​​

X
5s