ចំណាយ​​លើ​របស់ ៦ យ៉ាង​នេះ​បើ​ទោះបី​ជា​អស់​​ច្រើន​ប៉ុណ្ណា​​ក៏​មិន​គួរ​ស្តាយ​លុយ​ដែរ​



លុយ​ពិបាក​រក​ណាស់ ប៉ុន្តែ​ចាយ​ទៅ​វិញ​ស្រួល​ណាស់។ បើ​គ្មាន​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រើ​លុយ​ឲ្យ​បាន​ចំ​ទិសដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​នោះ វា​ស្មើ​នឹង​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​បាត់បង់​ទៅ​ដោយ​គ្មាន​តម្លៃ​ទាល់តែសោះ។ ដូចនេះ បើ​អ្នក​ចង់​ឲ្យ​លុយ​របស់​អ្នក​ដែល​បាត់បង់​ទៅ​ដោយ​នាំ​ផលប្រយោជន៍​មក​វិញ អ្នក​គួរ​ចំណាយ​លុយ​លើ​របស់ ៦ យ៉ាង​ខាងក្រោម​នេះ៖ ​

១) ចំណាយ​លើ​ការអប់រំ​ ថ្វីត្បិត​តែ​ការ​ចំណាយ​លើ​វិស័យ​អប់រំ​ អាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​រាប់​ពាន់ ឬ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ក៏ដោយ អ្នក​ត្រូវ​ចាំ​ថា ការ​ចំណាយ​បែប​នេះ​គឺ​ជា​ការ​ចំណាយ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ។ ការ​អប់រំ នឹង​ជួយ​បង្កើន​ចំណេះ​ដឹង​របស់​អ្នក។ នៅ​ពេល​ចំណេះ​ដឹង​អ្នក​កាន់តែ​ទូលំទូលាយ មានន័យ​ថា អ្នក​កំពុង​កសាង​ធនធាន​​ដ៏​ច្រើន​សំបូរ​បែប​ឲ្យ​ខ្លួន​ឯង។ បើ​តាម​សម្ដី​របស់​លោក Benjamin Franklin បាន​​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​​លើ​ចំណេះដឹង ផ្តល់​​​​ប្រាក់ចំណេញ​​ល្អ​ជាងគេ​បំផុត។

២) ចំណាយ​លុយ​លើ​ដំណើរ​កម្សាន្ត​ ការ​ធ្វើ​ដំណើរ មាន​គុណប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព និង​ជីវិត​របស់​អ្នក។ ក្រៅ​តែ​ផ្តល់​ភាព​ស្រស់ស្រាយ​ដល់​ជីវិត វា​ផ្តល់​ឲ្យ​អ្នក​នូវ​ចំណេះដឹង​ថ្មីៗ រៀន​សិក្សា​ពី​វប្បធម៌​ផ្សេងៗ​គ្នា​ ការ​ធ្វើ​ជំនួញ របៀប​រស់នៅ និង​បទពិសោធន៍​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​​ស្តាយ​លុយ​​​លើ​ដំណើរ​កម្សាន្ត​នោះ​ឡើយ។

៣) ចំណាយ​លើ​សម្ភារៈ​​ប្រើប្រាស់​សម្រាប់​ទទួល​ទាន​ដំណេក​ វា​ជា​រឿង​មួយ​គួរឲ្យ​អស់សំណើច​ពេល​និយាយ​ដល់​ចំណុច​នេះ។ ប៉ុន្តែ​សូម​ចាំ​ថា ការ​ទទួល​​ទាន​ដំណេក​​បាន​ត្រឹមត្រូវ និង​នៅ​កន្លែង​ដែល​មាន​ផាសុកភាព​ល្អ នឹង​ជួយ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​ប្រសើរ។ យោង​តាម​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​អាមេរិក (NIH) បាន​ឲ្យ​ដឹង​ថា ការ​​ទទួល​ទាន​ដំណេក គឺ​មាន​ប្រយោជន៍​ និង​សំខាន់​ណាស់​សម្រាប់​​សុខភាព។ សុខភាព​ល្អ ​ជួយ​បង្កើន​គុណភាព​ជីវិត។ មួយ​ជីវិត​របស់​អ្នក​ត្រូវ​ការ​ពេល ​ស្ទើរតែ​ ១ភាគ៣​ទៅ​ហើយ​លើ​ការ​ទទួលទានដំណេក ដូចនេះ​ហេតុអ្វី​ត្រូវ​ស្តាយ​គ្រាន់តែ​ចំណាយ​លុយ​ទិញ​សម្ភារៈ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ខ្លួន​ឯង​ល្អ​នោះ។

៤) ចំណាយ​លើ​សំលៀកបំពាក់​ដែល​ស័ក្តិសម​នឹង​រូបរាង​របស់​អ្នក​ ការ​ទិញ​សំលៀកបំពាក់​ទៅ​តាមចិត្តចង់ ហើយ​មិន​ស័ក្តិសម​នឹង​រូបរាង​មិន​ចូល​ភ្នែក​អ្នកដទៃ​ នឹង​​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​មក​អ្នក​ថា ជា​មនុស្ស​គ្មាន​របៀបរៀបរយ និង​​គ្មាន​ភាព​ថ្លៃថ្នូរ​។ ជា​យោបល់ ជាជាង​ផ្ដោត​លើ​​​ម៉ាក​យីហោ​ល្បីៗ អ្នក​គួរ​ហ៊ាន​​​ចំណាយ​លុយ​​ប៉ុន្មាន​ក៏ដោយ​ទៅ​លើ​សំលៀកបំពាក់​​ទាំងឡាយ​ណា​​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ទាំង​​សំលៀកបំពាក់​នៅ​ផ្ទះ ដើរលេង ចូលរួម​កម្មវិធី ឬ នៅ​កន្លែង​ធ្វើ​ការ​ជា​ដើម។ សំលៀកបំពាក់​សមរម្យ​នឹង​ជួយ​លើក​សម្រស់ និង​​​ភាព​ថ្លៃថ្នូរ​របស់​អ្នក​ អាច​ចូលចុះ​ក្នុង​ចំណោម​មនុស្សម្នា​ទាំងឡាយ។

៥) ចំណាយ​លើ​សេវាកម្ម​ដែល​​ជួយ​សន្សំ​ពេលវេលា​ឲ្យ​អ្នក មាន​ការងារ​ច្រើន​ណាស់​​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​ប្រាក់​ចំណូល​ត្រឡប់​មក​វិញ​។ ភាព​រវល់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​យក​ពេល​ទៅ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​​​ដែល​ជា​មូលហេតុ​សម្រាប់​អ្នក​ត្រូវ​​ស្វែង​រក​សេវាកម្ម​​ណា​មួយ​មក​ជួយ​ធ្វើ ជំនួស​អ្នក។ អ្នក​ប្រហែល​ត្រូវ​ការ​ម្ហូបអាហារ ជួសជុល​ផ្ទះ​ រថយន្ត ឬ​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ជា​ដើម។ អ្នក​អាច​ត្រូវ​ការ​សេវា​ដឹកជញ្ជូន​​​ព្រោះ​វា​ឆាប់រហ័ស និង​សល់​ពេល​ធ្វើ​​កិច្ចការ​ផ្សេង​ទៀត​ផង។ ដូចនេះ ហេតុអ្វី​អ្នក​មិន​ហ៊ាន​ចំណាយ​លុយ​ដើម្បី​សេវាកម្ម​ទាំង​នេះ។ លុយ​អាច​រក​បាន ប៉ុន្តែ​ពេលវេលា​មិន​អាច​រក​បាន​ត្រឡប់​មក​វិញ​ឡើយ។

៦) ចំណាយ​លុយ​ដើម្បី​សុខភាព តើ​អ្នកណា​ខ្លះ​ដែល​និយាយ​ថា សុខភាព​មិន​សំខាន់​នោះ? រវាង​លុយ​ និង​សុខភាព តើ​គួរ​ជ្រើស​មួយ​ណា? មនុស្ស​គ្រប់គ្នា​នឹង​ឆ្លើយ​ថា យក​សុខភាព។ មាន​សុខភាព​ល្អ​សិន​ទើប​រក​លុយ​បាន។ ដូចនេះ ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ ការ​ព្យាបាល ឬ​​សេវាកម្ម​​ធ្វើ​ឲ្យ​សុខភាព​រឹងមាំ​ដូច​ជា ចូល​ក្លឹប​ហាត់ប្រាណ ទិញ​ឧបករណ៍​ហាត់ប្រាណ​ជាដើម បើ​ទោះបី​ជា​មាន​តម្លៃ​ថ្លៃ​យ៉ាងណាក៏ដោយ អ្នក​​មិន​គួរ​សុញសាញ​លើ​ចំណុច​នេះ​ឡើយ។ នៅ​ពេល​មាន​សុខភាព​ល្អ​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ នេះ​ហើយ​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​ស្រស់បំព្រង៕

ប្រភព៖ businessinsider

X
5s