ត្រឹមមានលុយ និងភាពឆ្លាតវៃ មិនទាន់គ្រប់គ្រាន់ឲ្យអ្នកជោគជ័យនោះទេ!
មានលុយមានភាពជោគជ័យ ហើយមនុស្សឆ្លាត អាចមានសមត្ថភាពរកលុយបានច្រើនជាងមនុស្សផ្សេងទៀត។ នេះជាទស្សនៈមួយដែលមនុស្សជាច្រើនលើកយកមកនិយាយ និងទទួលស្គាល់នៅពេលបច្ចុប្បន្ន។ ប៉ុន្តែយោងតាមសហគ្រិនអាមេរិកលោក Jim Cantrell ដែលជាបុគ្គលសំខាន់មួយរូបរបស់មហាសេដ្ឋី Elon Musk បានឱ្យដឹងថា លុយ និងភាពវៃឆ្លាតមានចំណែកតិចតួចប៉ុណ្ណោះដល់ភាពជោគជ័យ។
លោក Jim Cantrell បានបង្ហាញពីបុគ្គលិកលក្ខណៈពិសេសចំនួន ៣ ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យដែលមិនពាក់ព័ន្ធទាំងស្រុងពីលុយកាក់ ឬ ភាពវ័យឆ្លាតហើយត្រូវបានមហាសេដ្ឋី Bill Gates មហាសេដ្ឋី Mark Cuban និងមហាសេដ្ឋី Jeff Bezos យល់ស្រប។
១.មហិច្ឆតា ឬ ចំណង់ចំណូលចិត្ត (Passion) ក្នុងចំណុចនេះលោក Cantrell បាននិយាយថា អ្នកត្រូវធ្វើអ្វីដែលអ្នកស្រលាញ់បំផុតនៅក្នុងជីវិតរបស់អ្នក។ បើគ្មានចំណង់ចំណូលចិត្តលើការងាររបស់អ្នកទេ អ្នកមិនអាចធ្វើការងារនោះឲ្យបានល្អបំផុតនោះឡើយ ហើយអ្នកក៏មិនអាចធ្វើបានល្អប្រសើរជាងអ្នកដទៃដែលកំពុងធ្វើការងារដែលពួកគេស្រលាញ់បំផុតនោះដែរ។ ចំណុចនេះត្រូវបានលោក Bill Gates លើកយកមកនិយាយផងដែរថា លោកបានស្រលាញ់ការងាររបស់លោកតាំងពីពេលដែលលោកមានអាយុ ១៣ ឆ្នាំមកម្ល៉េះ។ លោកបានបង្កើតកម្មវិធីកុំព្យូទ័រ ហើយក្តីស្រលាញ់និងចំណង់ចំណូលចិត្តនេះបានធ្វើឲ្យលោករកលុយបានយ៉ាងច្រើនពីការងារនេះ និងជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន។
២.ទេពកោសល្យ (Talent) «បើអ្នករកឃើញថា អ្នកមានទេពកោសល្យខាងអ្វីមួយ អ្នកត្រូវធ្វើការងារតាមទេពកោសល្យនោះទៅ។ នេះជាការលើកឡើងរបស់លោក Cantrell។ លោកបានបន្តថា ប្រសិនបើអ្នកចំណាយពេលព្យាយាមធ្វើអ្វីមួយដែលលំបាកៗ ឬ ធ្វើការងារមួយដែលអ្នកមិនសូវពូកែ និងមិនចូលចិត្ត នេះមានន័យថា អ្នកកំពុងចាញ់ប្រៀបជាងអ្នកផ្សេងទៀតដែលពូកែជាងអ្នក ហើយកំពុងធ្វើការងារដែលអ្នកកំពុងធ្វើនោះ។ មហាសេដ្ឋី Mark Cubanបានយល់ស្របទៅនឹងចំណុចនេះដែរ ព្រោះលោកបានប្រើប្រាស់ទេពកោសល្យរបស់លោកលើជំនាញ បច្ចេកវិទ្យាដែលលោកស្រលាញ់បំផុតតាំងពីកុមារភាពមកម្ល៉េះ។ លោកថា បើអ្នកធ្វើការដែលអ្នកស្រលាញ់បំផុតស្របតាមទេពកោសល្យរបស់អ្នក នោះអ្នកកំពុងសាងទ្រព្យសម្បត្តិឲ្យកាន់តែច្រើនឡើងនៅពេលអនាគត។
៣.បង្កើតគុណតម្លៃឡើង ចំណុចនេះគឺជាគំនិតរបស់អ្នកក្នុងការរួមចំណែកក្នុងសង្គមតាមរយៈការបង្ហាញគំនិតដ៏មានតម្លៃមួយទៅកាន់ពិភពជុំវិញអ្នក។ លោក Cantrell បានសង្កត់ធ្ងន់ថា អ្នកត្រូវធ្វើអ្វីដែលមានតម្លៃ និងអាចជួយដោះស្រាយបញ្ហាជូនដល់សាធារណជននៅពេលបច្ចុប្បន្ន ឬ នៅពេលអនាគត ហើយនោះគឺសហគ្រិនភាព។ អ្នកអាចបង្កើតផលិតផល ឬ សេវាកម្មណាមួយសម្រាប់ផ្តល់ជូនដល់អ្នកដទៃ។ ប្រសិនបើពួកគេមិនចង់បានវាទេនោះ អ្នកមិនអាចទាញលុយពីហោប៉ៅពួកគេបានឡើយ។ ស្ថាបនិកក្រុមហ៊ុន Amazon គឺមហាសេដ្ឋី Jeff Bezos ជាបទពិសោធន៍ស្រាប់នៅក្នុងចំណុចនេះដែលក្រុមហ៊ុនរបស់លោកបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដោះស្រាយបញ្ហាដល់អតិថិជន។ តាមរយៈការលក់ និងចែកចាយទំនិញនៅតាមប្រព័ន្ធអនឡាញ ក្រុមហ៊ុននេះបានទទួលបានការគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់អតិថិជននៅជុំវិញពិភពលោកដែលជាគុណតម្លៃសម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនរាប់លានអ្នក៕
ប្រភព៖ cnbc