ជំនាញ​​ ៣​ ដែល​អ្នក​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​គួរ​តែ​ដឹងពី​លោក ​Jerry Thai ស្ថាបនិក​ @homephotography​



មនុស្ស​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ជំនួញ ​និង​ជា​ម្ចាស់​អាជីវកម្ម​ជោគ​ជ័យ​ ប៉ុន្តែ​​​ការ​ពិត​ ការ​ធ្វើ​អាជីវកម្ម​មិន​មែន​ជាង​រឿង​ងាយ​ស្រួល​ដូច​ដែល​លោក​អ្នក​គិត​នោះ​ឡើយ។

ខាង​ក្រោម​នេះ ​​ជា​ការ​ចែក​រំលែក​ពី​ លោក Jerry Thai ស្ថាបនិក​នៃក្រុមហ៊ុន​@homephotography នូវ​ជំនាញ​បី​សម្រាប់​លោក​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ដំបូង​គួរ​ស្វែង​យល់​៖

ទី​មួយ​ជំនាញ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង៖ លោក​ Jerryបាន​លើក​ឡើង​ដោយ​ឧទាហរណ៍​ជាក់​ស្ដែង ​​នៅ​ក្នុង​វិស័យ​នៃ​ការ​ថតរូប​​តែ​ម្ដង។​ បើ​សិន​ជា​យើង​ចង់​បើក​អាជីវកម្ម​ប្រភេទ​នេះ ​យើង​ចាំបាច់​ណាស់​ត្រូវ​តែ​ដឹង​ទាក់​ទង​នឹង​សិល្បះ​នៃ​ការ​ថត​ឲ្យ​បាន​ច្រើន មិន​មែន​ត្រឹម​តែ​ចេះ​ថត​ទេ ​ប៉ុន្តែ​ត្រូវ​យល់​ពី​បច្ចេកវិទ្យា​នៃ​ការ​រីក​ចម្រើន​របស់​ Camera ត្រូវ​យល់​ពី​សម័យកាល​នៃ​ការ​ប្រើប្រាស់​រូបភាព​ និង​ដឹង​ពី​បណ្ដុំ​នៃ​បច្ចេក​វិទ្យា​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ថត​ជា​ដើម​។ ដូច្នេះ​ការ​ស្វែង​យល់​ពីវិស័យ​ឱ្យ​ច្បាស់ ជា​រឿង​ដែល​ចាំ​បាច់​បំផុត។

ទី​ពីរ​ជំនាញ​នៅ​ក្នុង​ការ​ទំនាក់​ទំនង​៖ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រភេទ​ណា​ក៏​ដោយ​ក៏​តម្រូវ​ឱ្យ​​​យើង​ចេះ​ ពន្យល់ ​​ឲ្យ​យើង​ចេះ​និយាយ ​និង​​ចេះ​ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​ដ​ទៃ​ដែរ ទើប​គេ​អាច​យល់​ពី​អ្វី​ដែល​យើង​ចង់​ធ្វើ ទើប​គេ​អាច​យល់​ថា​យើង​ចង់​ឲ្យ​គេ​ធ្វើ​អ្វី។ ចំណុច​នេះ​ ​ទាក់​ទង​ទាំង​ជា​មួយ​​ អតិថិជន​ ​ ​ក្រុម​ការងារ ​និង​​តម្រូវ​ឲ្យ​យើង​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម​ និង​ចេះ​ពិភាក្សា​គ្នា។

ទី​បី​ជំនាញ​ក្នុង​ការ​គ្រប់​គ្រង​ពេល​វេលា៖ នេះ​គឺ​ជា​ចំ​ណុច​សំខាន់​ខ្លាំង​ណាស់​ព្រោះ មិន​ថា​យើង​ធ្វើ​ការ​ងារ​អ្វី​ក៏​ដោយ​ឬ​ស្ថិត​នៅ​ក្នុង​សង្គម​គ្រួសារ​ណា​ក៏​ដោយ​ ​ចាំ​បាច់​ណាស់ ត្រូវ​តៀម​ទា​ឲ្យ​យើង​ចេះ​បែង​ចែក​ពេល​វេលា​រវាង​ពេល​ដែល​យើង​ធ្វើ​ការ ពេល​ដែល​យើង​ត្រូវ​សម្រាក​ ហើយ​ពេល​ណា​ដែល​យើង​ត្រូវ​បន្ត​ប្រឹង​ប្រែង​ទៅ​មុខ​ទៀត។ ដូច្នេះ​នៅ​ពេល​ដែល​យើង​ចេះ​បែង​ចែក​ពេល​វេលា យើង​នឹង​មាន​ពេល​វេលា​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង​ផ្សេងៗ ការ​ជួយ​សង្គម​ និង​ដើម្បី​​ចំណាយ​ពេល​វេលា​​ជា​មួយ​ក្រុម​​គ្រួសារ​ជា​ដើម។ ប៉ុន្តែ​ បើ​សិន​យើង​មិន​ចេះ​បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​រវល់​ខ្លាំង​ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​បែរ​ ​ជា​មិន​សូវ​បាន​ផល​អ្វី​ទៅ​វិញ៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s