តើភាពខុសគ្នារវាងអង្ករពណ៌ស សម្រូប និងដំណើបមានអ្វីខ្លះ ?
អង្ករស្ថិតនៅក្នុងចំណោមអាហារ ដ៏សំខាន់បំផុតមួយដែលបានទ្រទ្រង់ជីវិតរបស់មនុស្សជាច្រើននាក់នៅលើពិភពលោក។ មុនដំបូងឡើយ អង្ករចាប់ផ្ដើមចេញពីអង្ករសម្រូបហើយនៅទាំងមូល។ បន្ទាប់មកអង្ករនេះ ក៏ត្រូវបានឆ្លងកាត់ការចម្រាញ់ដោយយកសម្បកវាចេញ ហើយទុកនៅសល់គ្រាប់អង្ករពណ៌សដែលយើងយកមកដាំបាយសម្រាប់ទទួលទានប្រចាំថ្ងៃនេះ។
ការចម្រាញ់បែបនេះធ្វើឲ្យចំណេញពេលវេលាក្នុងការចម្អិន និងបន្លាយរយៈពេលរក្សាទុកឲ្យបានយូរជាងអង្ករសម្រូប។ យ៉ាងណាមិញ បើប្រៀបនឹងអង្ករសម្រូបដែលទុកនៅទាំងមូល វាមានជាតិសរសៃ វីតាមីន និងជីវជាតិបំប៉នច្រើនជាងអង្ករស។ ម្យ៉ាងទៀតអង្ករសម្រូបល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមទទួលទាន និងមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។
អង្ករសម្រូបជួយបង្កើនដំណើរការរំលាយអាហារ និងជួយធ្វើឲ្យចលនាពោះវៀនមានភាពទៀងទាត់។ បន្ថែមពីនេះ វាសម្បូរដោយវីតាមីនបេ កូលីន អាស៊ីដហ្វូលិក វីតាមីនអា ដេ អឺ និងកា ម៉ាញេស្យូម កាល់ស្យូម ដែក ផូស្វ័រ និងសេលេញ៉ូម ពោលគឺជីវជាតិបំប៉នអ្វីដែលអង្ករសមាន អង្ករសម្រូបសុទ្ធតែមានដូចគ្នាហើយថែមទាំងមានបរិមាណច្រើនជាងទៀតផង។ ទោះជាយ៉ាងណា អង្ករសក៏មានអត្ថប្រយោជន៍សម្រាប់អ្នកដែលចង់គ្រប់គ្រងសម្ពាធឈាម ព្រោះថាវាគឺជាអាហារដែលមិនមានជាតិសូដ្យូម។
រីឯអង្ករដំណើបវិញ ក៏មានជីវជាតិបំប៉ននិងសារធាតុខនិជដូចជាស័ង្កសី ដែលជួយកសាងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជួយពន្លឿនប្រតិកម្មអង់ស៊ីមជាច្រើនប្រភេទ និងជាតិដែកដែលជួយបង្កើនសមត្ថភាពរបស់ឈាមក្នុងការដឹកនាំអុកស៊ីហ្សែន៕
ដោយ៖ ស្រីពៅ