ព្រះពុទ្ធសាសនា៖ មូលហេតុចម្បងនៃសេចក្ដីទុក្ខ និងផ្លូវទាំង ៨ឃ្លា ដើម្បីរំងាប់ទុក្ខ​



បើយោងតាមព្រះពុទ្ធសាសនា សេចក្ដីទុក្ខគឺកើតឡើងដោយសារតែចិត្តជាប់ជំពាក់ទៅនឹងចំណង់។ ចំណង់ជាប់ជំពាក់មានច្រើនយ៉ាង ដូចជាចំណង់ជាប់ជំពាក់នឹងរបស់របរក្រៅខ្លួន ជាប់ជំពាក់ទៅនឹងចិត្តស្រលាញ់  ឬជាប់ជំពាក់ទៅនឹងរឿងអ្វីមួយដែលមិនបានដូចចិត្តជាដើម។

ព្រះសម្មាសម្ពុទ្ធមានពុទ្ធដីការថាការពិតមួយគត់ដែលមិនអាចកែប្រែបានគឺការផ្លាស់ប្ដូរ ហើយដោយសារតែចំណង់ចិត្តជាប់ជំពាក់ អ្នកព្យាយាមបញ្ឃប់និងគ្រប់គ្រងអ្វីគ្រប់យ៉ាងមិនឲ្យផ្លាស់ប្ដូរ។ ដូចនេះ ហើយសេចក្ដីទុក្ខនឹងកើតឡើងដោយសារតែអ្នកប្រឆាំងទៅនឹងច្បាប់ធម្មជាតិ ដែលធ្វើឲ្យអ្នកមានភាពភ័យខ្លាច តប់ប្រមល់ បាក់ទឹកចិត្ត និងអារម្មណ៍អវិជ្ជមានក្នុងជីវិត។ សេចក្ដីទុក្ខបញ្ចប់នៅពេលដែលចិត្តជាប់ជំពាក់ត្រូវរំងាប់។ ព្រះពុទ្ធមានពុទ្ធដីការថាដើម្បីរំងាប់សេចក្ដីទុក្ខ អ្នកត្រូវដើរតាមមាគ៌ាឬផ្លូវមានអង្គទាំង ៨ឃ្លា៖

១) សម្មាទិដ្ឋិ គឺការយល់ត្រូវ។ ព្រះសម្មាសម្ពុទ្ធមិនដែលចង់ឲ្យអ្នកគោរពទ្រង់ជឿលើការការបង្រៀនរបស់ទ្រង់ទាំងងងឹតងងុលនោះឡើយ ប៉ុន្តែបុគ្គលទាំងនោះត្រូវចេះគិតពិចារណា វាយតម្លៃថាតើពិតឬមិនពិត ត្រូវឬមិនត្រូវ។ ព្រះអង្គចង់ឲ្យបុគ្គលម្នាក់ៗមានការគិត ការយល់ដោយខ្លួនគេមុននឹងសម្រេចធ្វើអ្វីមួយ។

២) សម្មាសង្កប្បៈ គឺការត្រិះរិះត្រូវ។ ត្រិះរិះមិនបៀតបៀន មិនព្យាបាទអ្នកដទៃ។

៣) សម្មាវាចា គឺការពោលពាក្យសម្ដីល្អត្រឹមត្រូវ។ និយាយការពិត ជៀសវាងការនិយាយអុចអាល និយាយដើមអ្នកដទៃ សម្ដីទ្រគោះបោះបោក និយាយគំរាមគំហែងអ្នកដទៃ និងការនិយាយឥតប្រយោជន៍។

៤) សម្មាកម្មន្តៈ គឺការធ្វើសកម្មភាពត្រូវ។ បញ្ចេញអាកប្បកិរិយាត្រឹមត្រូវ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនសម្លាប់សត្វ ជៀសវាងការប្រព្រឹត្តក្នុងអំពើកាមទាំងឡាយ និងអំពើអប្បាយមុខផ្សេងៗ។

៥) សម្មាអាជីវៈ គឺការចញ្ចឹមជីវិតត្រូវ។ រស់នៅប្រកបរបររកស៊ីដោយសុចរិតត្រឹមត្រូវ ជៀសវាងការរកស៊ីដែលប៉ះពាល់ដល់អ្នកដទៃនិងសង្គមជាតិដូចជា ការកែងប្រវ័ញ្ញ សម្លាប់សត្វ ជួញដូរអាវុធជាដើម។

៦) សម្មាវាយាមៈ គឺការខិតខំព្យាយាមត្រូវ។ ការព្យាយាមមិនឲ្យខ្លួនធ្លាក់ក្នុងអំពើអកុសល ហើយជៀសវាងមិនឲ្យអំពើអកុសលកើតឡើងក្នុងអនាគត។

៧) សម្មាសតិ គឺការរលឹកត្រូវ។ ការដឹងខ្លួន ពិចារណាក្នុងកាយ ការកសាងចិត្ត ពិចារណាក្នុងចិត្ត ពិចារណាផ្លូវអារម្មណ៍ និងផ្លូវចិត្តឲ្យល្អ។

៨) សម្មាសមាធិ គឺការតាំងចិត្ត។ ធ្វើចិត្តឲ្យរឹងមាំ តំកល់ចិត្តឲ្យនឹង ផ្ដោតអារម្មណ៍ទៅលើរឿងត្រឹមត្រូវ ចាំបាច់៕

ដោយ៖ លង់ វណ្ណៈ

X
5s