តើអ្នកមានដឹងទេថាសណ្ដែកមានអត្ថប្រយោជន៍ដល់សុខភាពអ្វីខ្លះ?
សណ្ដែកមានច្រើនប្រភេទ ក្នុងនោះដែរសណ្ដែកដែលទទួលបានការពេញនិយមទទួលទានជាងគេមានដូចជា សណ្ដែកក្រហម សណ្ដែកខ្មៅ សណ្ដែកអង្គុយ សណ្ដែកខៀវ សណ្ដែកបាយ និងសណ្ដែកសៀងជាដើម។ ប៉ុន្តែតើអ្នកមានដឹងទេថាអាហារប្រភេទនេះមានបង្កប់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នក ? បើយោងតាមប្រភពពីគេហទំព័រ www.medicalnewstoday.com ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៤យ៉ាងដែលអ្នកគួរយល់ដឹងអំពីសណ្ដែក៖
១) ប្រភពប្រូតេអ៊ីន៖ សណ្ដែកគឺជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុតមួយសម្រាប់អ្នកទទួលទានអាហារបួស។ ប្រូតេអ៊ីនគឺជាជីវជាតិបំប៉នដែលដើរតួសំខាន់សម្រាប់ដំណើរការទាំងឡាយនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ សណ្ដែកក៏មានកាឡូរីទាបនិងអាស៊ីដខ្លាញ់ទាបផងដែរបើធៀបនឹងប្រភពប្រូតេអ៊ីនផ្សេងទៀត តួយ៉ាងដូចជា ផលិតទឹកដោះគោជាដើម។
២) ជាអាហារដែលសម្បូរដោយជីវជាតិបំប៉ន៖ សណ្ដែកផ្ទុកនូវអាស៊ីដហ្វូលិកដែលអាចជួយការពារភាពការមិនគ្រប់លក្ខណៈនៃសរសៃប្រសាទរបស់ទារកដែលពពោះនៅក្នុងផ្ទៃម្ដាយបាន។ កង្វះខាតហ្វូលិកក៏អាចបណ្ដាលឲ្យជួបរោគសញ្ញាជាច្រើនទៀតដូចជា ខ្សោយកម្លាំង ល្ហិតល្ហៃ និងបេះដូងលោតមិនប្រក្រតីជាដើម។ ក្រៅពីនេះ ជីវជាតិបំប៉នដទៃទៀតក៏ត្រូវបានរកឃើញនៅក្នុងសណ្ដែកផងដែរ ក្នុងនោះមានជាតិស័ង្កសី ដែក ម៉ាញេស្យូម និងជាតិសរសៃ។
៣) សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម៖ សណ្ដែកសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមួយប្រភេទឈ្មោះថា polyphenols។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មអាចទប់ទល់នឹងឥទ្ធិពលរបស់ពពួករ៉ាឌីកាល់សេរី ដែលអាចបង្កជាជំងឺមហារីកដល់អ្នកបាន។
៤) ល្អសម្រាប់សុខភាពបេះដូង៖ អ្នកដែលឧស្សាហ៍ទទួលទានសណ្ដែកប្រឈមមុខនឹងការស្លាប់ពីជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងបញ្ហាបេះដូងផ្សេងទៀតទាបជាងអ្នកដែលមិនទទួលទាន។ សណ្ដែកក៏អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលផងដែរ។ កម្រិតកូឡេស្តេរ៉ុលកើនឡើងគឺជាកត្តាដ៏មានហានិភ័យមួយដែលបណ្ដាលឲ្យមានជំងឺបេះដូងនិងជំងឺគាំងបេះដូង៕
ដោយ៖ ស្រីពៅ