បើអ្នកមានលុយ ១០$ ១០០$ ឬ ១ ០០០$ អ្នកគួរវិនិយោគយ៉ាងម៉េចទើបល្អ?
ការវិនិយោគទឹកប្រាក់នៅក្នុងចំនួនណាមួយ វារមែងនឹងផ្តល់ប្រាក់ចំណេញមកវិញនៅក្នុងអត្រាណាមួយ ទោះតិចឬច្រើន។ នៅក្នុងការអនុវត្តជាក់ស្តែង ប្រសិនបើអ្នកមិនចេះប្រើលុយ ១០ ដុល្លារ ១០០ ដុល្លារ ឬ ១ ០០០ ដុល្លាររបស់អ្នកឲ្យរកលុយបានទេនោះ វាបញ្ជាក់ថា អ្នកកំពុងចាយលុយ មិនមែនវិនិយោគនោះទេ។ អ្នកប្រហែលជាគិតថា មិនដឹងជាត្រូវវិនិយោគតាមវិធីណានោះឡើយ? បើនេះជាបញ្ហា សូមអ្នកចាំថា មានជម្រើសច្រើនណាស់ក្នុងការវិយោគលុយកាក់របស់អ្នក។ អ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះបាន៖
១.ការវិនិយោគល្អបំផុតសម្រាប់លុយ ១០ ដុល្លារ លុយ ១០ ដុល្លារស្តួចស្តើងណាស់តើវិនិយោគអីបាន? ចម្លើយមិនចាំបាច់មានលុយរាប់ពាន់ដុល្លារទើបហៅការវិនិយោគនោះទេ។ អ្នកអាចលុបចោលកម្មវិធីជួបជុំ ឬ ញាំអីនៅខាងក្រៅ នោះយ៉ាងហោចណាស់អ្នកក៏សល់លុយ ១០ ដុល្លារដែរ។ បើមិនដូច្នេះទេ អ្នកអាចយកលុយ ១០ ដុល្លារនេះទៅរៀនវគ្គខ្លីៗ ចូលរួមសិក្ខាសិលា ឬចូលរួមការបណ្តុះបណ្តាលណាមួយដែលមានតម្លៃថោកដូចជា កម្មវិធីកុំព្យូទ័រជាដើម។ អ្នកត្រូវចាំថា ការវិនិយោគលើខ្លួនឯង ពោលគឺចំណេះដឹង គឺជាការវិនិយោគល្អបំផុត។
២.ការវិនិយោគល្អបំផុតសម្រាប់លុយ ១០០ ដុល្លារ ឥឡូវនេះអ្នកមានលុយ ១០០ ដុល្លារ ហើយបើគិតទៅទឹកប្រាក់នេះអាចឲ្យអ្នកញាំអាហារនៅក្រៅបាន ទៅ ៣ ទៅ៤ ពេលដែរ ឬ ច្រើនជាងនេះ។ ប៉ុន្តែការវិនិយោគល្អបំផុតសម្រាប់វា គួរតែវិនិយោគលើទីផ្សារ ឬ អនាគតរបស់អ្នក។ មិនចំពោះថាអ្នកកំពុងរៀនជំនាញអ្វីទេ អ្នកអាចវិនិយោគលុយនេះដើម្បីធ្វើឲ្យឱកាសអ្នកកាន់តែធំជាងមុន។ ឧទាហរណ៍ថា អ្នកជាអ្នករកស៊ីធម្មតា អ្នកអាចយកប្រាក់ ១០០ ដុល្លារនេះទៅបង់ថ្លៃជួលផ្សព្វផ្សាយពាណិជ្ជកម្មតាម Facebook ធ្វើ Marketing តាមអនឡាញ ឬ ចំណាយលើមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀតដើម្បីពង្រីកអតិថិជនឲ្យកាន់តែច្រើន។ ប៉ុន្តែបើអ្នកជាអ្នកធ្វើការឲ្យគេ អាចអញ្ជើញប្រធានគ្រប់គ្រងរបស់អ្នកទៅញាំអាហារពេលណាមួយដើម្បីសាកសួរពីការងារ និងឱកាសនៅក្នុងក្រុមហ៊ុនជាដើម។ អ្នកអាចប៉ាវអាហារជូនអ្នកណាម្នាក់ដែលមានចំណេះដឹងជាងអ្នកដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង ឬគំនិតដែលទាក់ទងនឹងការងាររបស់អ្នក នោះចាត់ទុកថា ជាការវិនិយោគដ៏ល្អបំផុតមួយ។
៣.ការវិនិយោគល្អបំផុតសម្រាប់លុយ ១ ០០០ ដុល្លារ លុយ ១ ០០០ ដុល្លារគិតទៅច្រើនគួរសមដែរ។ នៅស្រុកខ្មែរ សម្រាប់អ្នកខ្លះទឹកប្រាក់ប៉ុណ្ណេះអាចឲ្យអ្នកដើរលេងបានត្រឹមមួយសប្តាហ៍ ហើយអាចស្នាក់នៅសណ្ឋាគារប្រណិត ឬ ញាំអាហារនៅភោជនីយដ្ឋានថ្លៃៗបាន។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងមានបំណុល អ្នកមិនគូរយកលុយទាំងនេះទៅចាយវាយខ្ជះខ្ជាយនោះទេ។ អ្នកគួរយកវាទៅដោះបំណុលឲ្យរួច ព្រោះថា ការវិនិយោគដ៏ល្អបំផុតនៅពេលមានបំណុល គឺការដោះបំណុលនេះឯង។ ប៉ុន្តែបើអ្នកគ្មានបំណុលទេនោះ អ្នកអាចសន្សំវាទុកជាគណនេយ្យសន្សំសម្រាប់សង្គ្រោះបន្ទាន់ (Emergency Fund) នៅក្នុងករណីអ្នកត្រូវការវាចាំបាច់ពេលតម្រូវការកើតមានឡើង ឬវិនិយោគលើផ្សារភាគហ៊ុនជាដើម។ ជំរើសល្អមួយទៀត ឧទាហរណ៍ថា អ្នកចង់លក់ផ្ទះមួយល្វែង។ ដូច្នេះអ្នកអាចយកលុយនេះទៅកែលំអ ឬ ជួសជុលផ្ទះរបស់អ្នកដើម្បីកែសោភណភាពឲ្យស្អាត និងថ្មីជាងមុន។ ដោយសារតែការជួសជុលនេះពេលខ្លះផ្ទះអ្នកដែលមានតម្លៃត្រឹមតែ ៥ ម៉ឺនដុល្លារ អាចឡើងដល់ ៥,៥ ម៉ឺនដុល្លារ ឬច្រើនជាងនេះក៏ថាបាន។ តើនេះមិនចាត់ទុកថា ជាការវិនិយោគដ៏ល្អបំផុតមួយឬ?
ប្រភព៖ cnbc