បើគេសួរថា "ហេតុអ្វីអ្នកដាក់ពាក្យលាឈប់ការងារនៅកន្លែងចាស់” តើអ្នកគួរឆ្លើយយ៉ាងម៉េច?
ប្រសិនបើអ្នកបានដាក់ពាក្យលាឈប់ពីការងារ ហើយចង់ស្វែងរកការងារនៅកន្លែងថ្មីមួយទៀត តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីឆ្លើយសំណួរមួយចំនួននៅពេលធ្វើសម្ភាសន៍ការងារ។ សំណួរមួយដែលអ្នកដាក់ពាក្យរកការងារធ្វើតែងជួបប្រទះនៅពេលត្រូវបានសម្ភាសន៍នោះ គឺថា តើហេតុ អ្វីបានជាអ្នកលាឈប់ការងារពីកន្លែងចាស់? ដើម្បីផ្តល់ចម្លើយណាមួយដែលស័ក្តិសមទៅនឹងសំនួរខាងលើនេះ និងដើម្បីឲ្យអ្នកសម្ភាសន៍វាយតម្លៃថា អ្នកពិតជាបេក្ខជនអាចត្រូវបានជ្រើសរើសមុខតំណែងណាមួយនោះ អ្នកគួរអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖
១.កុំព្យាយាមនិយាយកុហក អ្នកត្រូវចាំថា អ្នកដែលសម្ភាសន៍អ្នកគឺជាមនុស្សដែលមានសមត្ថភាពក្នុងការវាយតម្លៃ ជាពិសេសអាចមើលដឹងពីអកប្បកិរិយា សម្ដីសំដៅរបស់អ្នកនៅពេលអ្នកទៅសម្ភាសន៍ថា អ្វីដែលអ្នកកំពុងផ្តល់ចម្លើយនោះ គឺជាការពិតឬអត់។ នេះជាហេតុផលមួយដែលអ្នកត្រូវនិយាយដោយត្រង់ៗ ហើយកុំឆ្លើយដូចអ្នកនិទានរឿង ឬកុំឆ្លើយបង្វែងដានសំនួរដែលនាំឲ្យកាន់តែស្មុគស្មាញទៅៗ។
២.កុំនិយាយមិនល្អពីកន្លែងចាស់ មានហេតុផលមួយចំនួនដែលអ្នកចង់លាឈប់ពីការងារចាស់មករកកន្លែងថ្មីនេះ ដូចជា អ្នកប្រហែលជាអ្នកមិនចូលចិត្តចៅហ្វាយអ្នក ឬ ដោយសារតែចៅហ្វាយអ្នកមិនដំឡើងប្រាក់ខែឲ្យអ្នកជាដើម។ ប៉ុន្តែអ្នកត្រូវយល់ថា បើអ្នកចង់ឲ្យអាជីពការងារអ្នករីកចម្រើនទៅ មុខ អ្នកក៏ត្រូវធ្វើអ្វីមួយដើម្បីផ្លាស់ប្ដូរខ្លួនអ្នកដែរ។ ការពិត អ្នកសម្ភាសន៍សួរអ្នកសំនួរនេះដើម្បីចង់ដឹងថា អ្នកអាចជាបុគ្គលិកម្នាក់បង្កបញ្ហាក្នុងក្រុមហ៊ុន បុគ្គលិកមិនល្អ ចូលចិត្តនិយាយដើមមេ ឬជាបុគ្គលិកម្នាក់គ្មានការទទួលខុសត្រូវជាដើម។ អ្វីដែលល្អបំផុតនៅទីនេះ អ្នកគួរបង្ហាញដល់អ្នកសម្ភាសន៍ថា អ្នកជាបុគ្គលិកម្នាក់មានសុទិដ្ឋិនិយម មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការឈោងចាប់យកឱកាសការងារនៅកន្លែងថ្មី។ ក្នុងតម្លៃបែបណាក៏ដោយ អ្នកមិនត្រូវនិយាយបែបទម្លាក់កំហុសដល់ក្រុមហ៊ុនចាស់នោះទេ ព្រោះនាំឲ្យអ្នកសម្ភាសន៍យល់ថា ថ្ងៃណាមួយអ្នកនឹងធ្វើបែបនេះទៀត នៅពេលអ្នកបានការងារនៅកន្លែងថ្មី។
៣.បង្ហាញអ្នកសម្ភាសន៍ថា អ្នកជាបុគ្គលិកដែលចូលចិត្តលើកពីអនាគតជារឿងសំខាន់ ជំនួសឲ្យការនិយាយកុហក ឬ និយាយមិនល្អពីការងារកន្លែងចាស់ អ្នកត្រូវផ្តល់ចម្លើយមួយដែលបង្ហាញថា អ្នកជាបុគ្គលិកល្អមានសុទិដ្ឋិនិយមខ្ពស់ពីអនាគតខាងមុខ។ អ្នកអាចបង្វែរការសន្ទនានេះទៅជាការផ្តល់ចម្លើយមួយដែលឆ្លើយតបទៅនឹងសំនួរមួយថា តើហេតុអ្វីបានជាអ្នកចង់ធ្វើការនៅកន្លែងនេះ? អ្នកអាចពន្យល់ពីសារសំខាន់នៃការងារថ្មីនេះដូចជាថា វាពិតជាស័ក្តិសមនឹងជំនាញ ឬ តម្លៃរបស់អ្នកខ្លាំងណាស់ ។ អ្នកអាចនិយាយម្យ៉ាងទៀតថា អ្នកចង់អភិវឌ្ឍសមត្ថភាពរបស់អ្នក ព្រោះការងារថ្មីនេះជាឱកាសល្អបំផុតមួយដោយសារតែវាស្របនឹងគោលដៅអាជីពការងារដែលអ្នកចង់បានបំផុត។ បន្ទាប់មកអ្នកអាចលើកឡើងពីគុណតម្លៃ បេសកកម្ម ឬ បរិស្ថានការងារនៅកន្លែងថ្មីល្អ។ សូមបង្ហាញអ្នកសម្ភាសន៍ថា អ្នកគឺជាបុគ្គលិកមួយរូបដែលពិតជាបានផ្ដោតលើគោលដៅរួម និងប្រយោជន៍រួម ជាពិសេសអ្នកមានការប្ដេជ្ញាចិត្តខ្ពស់ជាមួយក្រុមហ៊ុនថ្មីនេះពិតប្រាកដមែន៕
ដោយ៖ សូរ៉ាន់ដារ