​ប្រយោជន៍ ​៥យ៉ាង​ដែល​អ្នក​អាច​ទទួលបាន​ពី​ត្រសក់ស្រូវ​



ដោយសារ​រសជាតិ​ផ្អែម​ពី​ធម្មជាតិ ផ្លែ​ត្រសក់ស្រូវ​ត្រូវ​បាន​គេ​ពេញ​និយម​យក​ទៅ​ធ្វើ​ជា​បង្អែម​សម្រាប់​ទទួលទាន។ ផ្លែ​នេះ​ផ្សំ​ឡើង​ពី​ជាតិ​ទឹក​ ៩៥​ភាគរយ​ឯណោះ ខណៈ​ពេល​ដែល​វា​ក៏​សម្បូរ​ដោយ​ជីវជាតិ​បំប៉ន​ជាច្រើន​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព។ ខាងក្រោម​នេះ​ គឺជា​ប្រយោជន៍​៥យ៉ាង​ដែល​អ្នក​អាច​ទទួលបាន​ពី​ត្រសក់ស្រូវ៖

១) ជួយ​ដល់​សុខភាព​បេះដូង៖ ផ្លែ​ត្រសក់ស្រូវ​អាច​បញ្ឈប់​កំណក​ឈាម​ដែល​អាច​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​បេះដូង​ដទៃ​ទៀត​បាន។ វា​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដោយ​ជួយ​សម្រួល​ដល់​ឈាម​នៅ​ក្នុង​រាងកាយ។

២) ជួយ​ដល់​សុខភាព​តម្រងនោម៖ លក្ខណៈ​សម្បូរ​ជាតិ​ទឹក​របស់​ត្រសក់ស្រូវ​ធ្វើឲ្យ​វា​មាន​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ​តម្រងនោម។ ហេតុនេះ​ការ​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ថែទាំ​សុខភាព​តម្រងនោម​របស់​អ្នក​បាន។

៣) ជួយ​ដល់​ការ​រំលាយ​អាហារ៖ បើ​អ្នក​មាន​បញ្ហា​រំលាយ​អាហារ អ្នក​អាច​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន​របស់​អ្នក​ឲ្យ​ងាយស្រួល​ជាង​មុន​បាន។ លក្ខណៈ​សម្បូរ​ជាតិ​ទឹក​របស់​ផ្លែ​ត្រសក់ស្រូវ​ធ្វើឲ្យ​វា​មាន​ផល​ល្អ​ចំពោះ​ការ​រំលាយ​អាហារ រីឯ​សារធាតុ​ខនិជ​ដែល​មាន​ក្នុង​ត្រសក់ស្រូវ​អាច​កាត់បន្ថយ​ជាតិ​អាស៊ីដ​ដែល​តែង​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​នេះ​បាន។

៤) បង្កើន​ថាមពល៖ ផ្លែ​ត្រសក់ស្រូវ​សម្បូរ​ដោយ​វីតាមីន​បេ​ដែល​ជា​វីតាមីន​ដ៏​សំខាន់​សម្រាប់​រាងកាយ​របស់​អ្នក​ក្នុង​ការ​ផលិត​ថាមពល។ វីតាមីន​បេ​ត្រូវ​ការ​ដើម្បី​ដំណើរការ​ស្ករ​និង​កាបូអ៊ីដ្រាត។ ដូច្នេះ​ការ​ទទួលទាន​ត្រសក់ស្រូវ​នឹង​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​បាន។

៥) ជួយ​បញ្ចុះ​ទម្ងន់៖ ត្រសក់ស្រូវ​មាន​កម្រិត​ជាតិ​សូដ្យូម​និង​កាឡូរី​ទាប។ ដោយសារ​ត្រសក់ស្រូវ​សម្បូរ​ជាតិ​ទឹក វា​អាច​ធ្វើឲ្យ​អ្នក​ឆ្អែត​បាន​យូរ ខណៈ​ពេល​ដែល​ជាតិ​ផ្អែម​ធម្មជាតិ​នៅ​ក្នុង​ត្រសក់ស្រូវ​អាច​កាត់បន្ថយ​ចំណង់​របស់​អ្នក​ក្នុង​ការ​ទទួលទាន​អាហារ​ផ្អែម​បាន៕

ដោយ៖ ស្រីពៅ

X
5s