ឯកឧត្តម​បណ្ឌិត សេង សុភាព បង្ហាញ​ ៤​ចំណុច​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ឈាន​ជើង​ចូល​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​



ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថ្វី​ត្បិត​តែ​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​កិច្ចការ​ផ្សេងៗ​ក៏​ពិត​មែន ប៉ុន្តែ​ដោយ​ឡែក​​ ទីផ្សារ​ការងារ​សម្រាប់​ប្រជាជន​អាច​នឹង​ត្រូវ​ប្រឈម​ដោយ​សារ​តែ​ការ​ជំនួស​នូវ​កម្លាំង​ពលកម្ម​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបទាំង​នេះ​ ទន្ទឹម​គ្នា​នោះ ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ NIPTICT នៅ​ក្នុង​កម្មវិធី ​​Barcamp 2018 បាន​បង្ហាញ​ពី​វិធីសាស្រ្ត​ ៤​ ចំណុច​ដើម្បីធ្វើ​ឲ្យ​កម្ពុជា​អាច​ឈាន​ជើង​ចូល​ក្នុង​សេដ្ឋកិច្ច​ឌីជីថល។ នៅ​ក្នុង​ការ​ធ្វើ​បទបង្ហាញ​ខ្លី​ ឯកឧត្តម​បណ្ឌិត សេង សុភាព បាន​លើក​ឡើង​  និង​​បង្ហាញ​​ពី​ឧទាហរណ៍​នៃ​ម៉ាស៊ីន​​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​ ​​ធ្វើ​ការ​បាន​ល្អ​ជាង​មនុស្ស​ទៅ​ទៀត ដូច្នេះ​បុគ្គលិក​នៅ​ស្ថាប័ន​ និង​ពិសេស​យុវជន​អាច​នឹង​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ។ ឯកឧត្តម មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​​ដូច្នេះ​ថា​៖ "យើង​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ឈាន​ជើង​ចូល​ទៅ​ក្នុង​យុគ្គសម័យ​ឌីជីថល​នេះ ព្រោះ​អ្វីៗ​ផ្លាស់​ប្តូរ​លឿន​ណាស់"។ ខាង​ក្រោម​នេះ​​ ​ជា​វិធីសាស្រ្ត​ទាំង​ ៤​​ ​​​ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​របស់​ ​ឯកឧត្តមបណ្ឌិត សេង សុភាព ដែល​បាន​លើក​ឡើង៖ ទី១​ ការ​ពង្រឹង​និង​តភ្ជាប់​ប្រព័ន្ធ​ឌី​ជីថល​បន្ត​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ប្រជាពលរដ្ឋ​មិន​ថា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជនបទ​ក៏ដោយ​ អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ប្រព័ន្ធ​អ៊ីនធឺណេត​ល្បឿន​លឿន​ទាំង​នេះ​បាន​ ពោល​គឺ​មាន​ន័យ​ថា​ប្រជាជន​ទាំង​អស់​គ្នា​អាច​ចូលរួម​ប្រើប្រាស់​បាន។ ទី២ រដ្ឋាភិបាល​ត្រូវ​បម្លែង​ខ្លួន​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​អេឡិចត្រូនិច ដែល​អាច​ការពារ​បាន​នូវ​សុវត្ថិភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺ​ណេត។ ទី៣ ការ​ពង្រឹង​នូវ​បរិស្ថាន​សម្រាប់​អាជីវកម្ម​តូចៗ និង​ Start-up ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​និង​ផលិត​ផល​ដែល​ល្អ​ និង​បើក​ទីផ្សារ​ធ្វើ​យ៉ាង​ណា​ឲ្យ​  Startup មាន​ទីផ្សារ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ទី៤ ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ជម្រុញ​ឲ្យ​យុវជន​កម្ពុជា​ឈាន​ជើង​ចូល​ទៅ​ក្នុង​សម័យ​ឌីជីថល។ ឯកឧត្តម​បាន​បង្ហាញ​ថា​ មាន​យុវជន​កម្ពុជា​មិន​ដល់​១០%​ទេ​ដែល​កំពុង​សិក្សា​ជំនាញ​ផ្នែក​ ICT (Information and Communiction Technology) ដោយ​ឡែក ​មាន​ប្រហែល​ជា​ជាង ​៥០%​ឯណោះ​ដែល​កំពុង​តែ​សិក្សា​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម ដែល​នេះ​គឺ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​ទីផ្សារ​ការងារ។  លោក​បន្ថែម​ថា​យុវជន​ត្រូវ​ត្រៀម​ខ្លួន​ហើយ​គួរ​ឈប់​គិត​ពី​អ្វី​ដែល​ជា​មុខ​របរ​បែប​ប្រពៃណី​ ហើយ​ត្រូវ​សិក្សា​ជំនាញ​ឲ្យ​បាន​ច្រើន​ជាង​មុន៕ អត្ថបទ​​​៖ ជួប ស្រីរ័ត្ន  
X
5s