នៅ​កន្លែង​ការងារ ​អ្នក​មិន​គួរ​លើក​​ឃ្លា​ទាំង​​​នេះ​ទៅ​និយាយ​​ជា​មួយ​​អ្នក​គ្រប់គ្រង​អ្នក​ឡើយ!​



នៅ​កន្លែង​ការងារ ការ​ប្រើ​ភាសា​ទំនាក់ទំនង​​ ដ៏​ត្រឹមត្រូវ​មួយ​រវាង​ថ្នាក់​លើ​មក​ថ្នាក់​ក្រោម ពី​ថ្នាក់​ក្រោម​ទៅ​ថ្នាក់​លើ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ដើម្បី​បញ្ជាក់​ថា ​​ស្ថាប័ន​នោះ​មាន​​បរិយាកាស​ការងារ​ល្អ។ ក៏ប៉ុន្តែ​​​​គេ​មិន​អាច​ឲ្យ​ភាព​ឆ្គាំឆ្គង​មួយ​ចំនួន​​នៃ​ភាសា​ទំនាក់ទំនង​ទាំង​នោះ ​​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុក​នោះ​ទេ ​ដោយសារតែ​​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់ដឹង ឬ​អត្តចរិត​របស់​បុគ្គលិក​​ម្នាក់ៗ​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ​នៅ​មាន​​កម្រិត។

យ៉ាងណាមិញ​ ​អត្ថបទ​​ខាងក្រោម​នេះ នឹង​បង្ហាញ​ពី​ឃ្លា​ទំនាក់ទំនង​​មួយ​ចំនួន​ដែល​បុគ្គលិក​ក្រោម​បង្គាប់​គួរ​ជៀសវាង​​និយាយ​ទៅ​កាន់​អ្នក​គ្រប់គ្រង ឬ​ចៅហ្វាយ​របស់​​ខ្លួន​៖ ​​​​​​​​

១.អ្នក​ឯង​​គឺ​ជា​អ្នក​ខុស​! ទោះបី​ចៅហ្វាយ​អ្នក​ខុស​ក៏ដោយ អ្នក​មិន​ត្រូវ​​ភាសា​បែបហ្នឹង​ទៅ​គាត់​ទេ។ អ្នក​អាច​និយាយ​ថា ខ្ញុំ​ប្រហែល​ជា​បាន​ទទួល​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ...។

២.​ការងារ​ហ្នឹង​​ខ្ញុំ​ធ្វើ​មិន​បាន​ទេ! ហេតុ​អ្វី​អ្នក​មិន​គួរ​ឆ្លើយ​បែប​នេះ? ពីព្រោះ​វា​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​គ្មាន​ទំនុកចិត្ត និង​​មិន​ពេញ​ចិត្ត​​ធ្វើ​ដើម្បី​ចាប់​យក​ឱកាស​ថ្មីៗ​​ពី​ការងារ​ដែល​ចៅហ្វាយ​អ្នក​ដាក់​ឲ្យ។

៣.ការងារ​ហ្នឹង​មិនមែន​ជា​ការងារ​​​ខ្ញុំ​ទេ! នៅ​កន្លែង​​ធ្វើ​ការ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​​បង្ក​លក្ខណៈ​ងាយស្រួល​​ដល់​ការងារ​ចៅហ្វាយ​នាយ​របស់​អ្នក។ ទោះ​ការងារ​នោះ​មិនមែន​ជា​របស់​អ្នក អ្នក​ត្រូវ​​ជួយ​ចេះ​ឈឺ​ឆ្អាល។ នេះ​ជា​ការ​រួមចំណែក​របស់​អ្នក​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​។ ​

៤.អត់​ទេ! ​ឃ្លា​នេះ គឺ​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​គ្មាន​សុជីវធម៌​។ ឧទាហរណ៍​ថា ការងារ​ហ្នឹង​អ្នក​ធ្វើ​មិន​បាន​ទេ ប៉ុន្តែ​​ចៅហ្វាយ​​របស់​អ្នក​ពឹងពាក់​ហើយ អ្នក​គួរ​និយាយ​ថា ខ្ញុំ​អាច​ធ្វើ​​បាន​តែ​​​វា​នឹង​មាន​ឧបសគ្គ​បើ​ខ្ញុំ​ធ្វើ​វា។ ខ្ញុំ​ខ្លាច​ធ្វើ​វា​មិន​បាន​ល្អ។ សូមអានអត្ថបទ៖ Jack Ma៖ មិន​ថា​ចាស់​ឬ​ក្មេង​ ត្រូវ​សួរ​ខ្លួន​ឯង​ ៣​ សំណួរ​នេះ ពេល​បើក​ក្រុមហ៊ុន

៥.ខ្ញុំ​មិន​ដឹង​ទេ! ពេល​ខ្លះ​អ្នក​​ពិត​ជា​មិន​ដឹង​មែន។ ប៉ុន្តែ​ចម្លើយ​ដ៏​ល្អ គឺ​ត្រូវ​​ព្យាយាម​ធ្វើ​សិន ឬ​រក​មើល​សិន​​ទៅ ជា​ជាង​ឆ្លើយ​ថា​មិន​ដឹង​។

៦.ខ្ញុំ​នឹង​ព្យាយាម អ្នក​គ្រាន់តែ​ព្យាយាម​ ប៉ុន្តែ​លទ្ធផល​អាច​មិន​ដូច​ការ​គ្រោង​ទុក។ ចម្លើយ​ដ៏​ស័ក្តិសម​គឺ ខ្ញុំ​នឹង​ធ្វើ​វា​​លោក​​ប្រធាន/ចៅហ្វាយ។

៧.តើ​ខ្ញុំ​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការងារ​ហ្នឹង? ពេល​ខ្លះ​អ្នក​ត្រូវ​ជួយ​​ការងារ​អ្នក​រួម​ការងារ ឬ​ស្ថាប័ន​ផ្សេង​ទៀត​ក្នុង​ក្រុមហ៊ុន។ ការ​ឆ្លើយ​បែប​នេះ​នាំ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​យល់​ថា អ្នក​ជា​បុគ្គលិក​ចិត្ត​ចង្អៀតចង្អល់ ខ្វះ​​ការ​ចែក​រំលែក​ជា​មួយ​ក្រុម និង​​គ្មាន​ភាព​​គំរូ​ក្នុង​ការងារ។ ​

៨.ខ្ញុំ​សុំ​ទោស ប៉ុន្តែ... បើ​សុំ​ទោស សុំ​ត្រូវ​សុំ​ទោស​ឲ្យ​អស់​ពី​ចិត្ត​! បើ​អ្នក​សុំ​ទោស​ ហើយ​​ប្រើ​ឃ្លា​ "ប៉ុន្តែ" ​មានន័យ​ថា អ្នក​គ្មាន​ការ​​ទទួល​ខុសត្រូវ។ ឃ្លា​ដែល​គួរ​និយាយ​គឺ ខ្ញុំ​សុំ​ទោស! ខ្ញុំ​នឹង​​​ធ្វើ​ឲ្យ​វា​ល្អ​ជាង​នេះ​​នៅ​លើក​ក្រោយ។

៩.ខ្ញុំ​មាន​បញ្ហា​ផ្ទាល់​ខ្លួន ដូច្នេះ​ថ្ងៃ​នេះ​ខ្ញុំ​គ្មាន​អារម្មណ៍​ធ្វើ​ការ​ទេ! អ្នក​ណា​ក៏​​មាន​បញ្ហា​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​នៅ​កន្លែង​ការងារ អ្នក​ត្រូវ​យក​​ការងារ​ជា​អាទិភាព​ និង​បែកចែក​ឲ្យ​ដាច់​ពី​ការងារ​ផ្ទាល់​ខ្លួន។

១០.ខ្ញុំ​នឹង​​ដើរ​ចេញ​ពី​ក្រុមហ៊ុន​នេះ! កុំ​និយាយ​ពាក្យ​​នេះ​ទៅ​កាន់​ក្រុមហ៊ុន។ វា​ជា​ភាសា​គំរាម​មួយ​ដែល​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​សីលធម៌​​នោះ​ទេ​ដែល​នាំ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​យល់​ថា អ្នក​​គឺ​ជា​ឧបសគ្គ​ថ្មី​ដល់​ក្រុមហ៊ុន។ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការងារ អ្នក​គួរ​ដាក់​ពាក្យ​លាលែង​ដោយ​សន្តិវិធី។

១១.ខ្ញុំ​បាន​ព្យាយាម​ច្រើន​ហើយ​កន្លង​មក! ភាសា​ដ៏​ល្អ​នៅ​ពេល​នេះ អ្នក​គួរ​រីករាយ​នឹង​ធ្វើ​វា​បន្ត​ទៀត​​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ប្រសិន​បើ​ចៅហ្វាយ​អ្នក​ស្នើសុំ​​ឲ្យ​ធ្វើ​​បន្ថែម​ទៀត។

១២.ខ្ញុំ​គ្រាន់តែ​ចង់​សន្និដ្ឋាន​ថា... ឃ្លា​នេះ​នាំ​​ឲ្យ​ចៅហ្វាយ​របស់​អ្នក​គិត​ថា អ្នក​មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច។ បើ​អ្នក​មិន​ច្បាស់ អ្នក​គួរ​និយាយ​ដោយ​ត្រង់ ព្រោះ​ភាសា​នេះ​បង្ហាញ​ថា អ្នក​គ្មាន​ការ​ទទួល​ខុសត្រូវ គ្មាន​ភាព​ហ្មត់ចត់​​​ និង​មិន​បាន​​រៀន​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

១៣.នោះ​​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​ទេ! វា​ជា​កំហុស...! បើ​អ្នក​មិនមែន​ជា​អ្នក​ខុស អ្នក​មិន​គួរ​និយាយ​ដោយ​ត្រង់ៗ​ដូច្នេះ​ពេក​នោះ​ទេ។ អ្នក​ត្រូវ​ពន្យល់​ចៅហ្វាយ​របស់​អ្នក​ឲ្យ​ច្បាស់​​​លាស់​ជា​មុន​សិន​ថា អ្នក​​ពិត​ជា​មិន​បាន​ពាក់ព័ន្ធ​​នៅ​ក្នុង​កំហុស​នេះ​​ ជាជាង​ចោទ​ទៅ​លើ​អ្នក​ផ្សេង​ទៀត​​។

១៤.ខ្ញុំ​មិន​អាច​ធ្វើ​ការ​ជា​មួយ​គាត់/នាង​បាន​ទេ! ការ​ប្រើ​ឃ្លា​នេះ បង្ហាញ​ថា អ្នក​ជា​មនុស្ស​មិន​ចុះ​សម្រុង ឬ​គ្មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នកដទៃ។ នេះ​ជា​លទ្ធផល​មួយ​បង្ហាញ​ថា អ្នក​មិន​អាច​​ធ្វើ​ការងារ​ជា​ក្រុម​បាន​ដែល​ជា​ការ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ការងារ។

១៥.ខ្ញុំ​គ្មាន​ដំណោះស្រាយ​ទេ! ហាម​និយាយ​ដាច់​ខាត​ចំពោះ​ឃ្លា​មួយ​នេះ។ អ្នក​ត្រូវ​រក​ដំណោះស្រាយ ព្រោះ​គ្រប់​បញ្ហា​មាន​ដំណោះស្រាយ។ អ្នក​ត្រូវ​ចាំ​ថា អ្នក​ដឹកនាំ​ គឺ​ជា​អ្នក​រក​ឃើញ​ដំណោះស្រាយ រីឯ​អ្នក​ដើរតាម​ ត្រឹម​ជា​អ្នក​ដែល​និយាយ​តែ​បញ្ហា។ សូម​អាន​អត្ថបទ៖ មហាសេដ្ឋី Ray Dalio៖​«មាន​ភាព​​ឈឺចាប់ និង​កំហុស​ឆ្គង​ គឺ​ជា​រឿង​ល្អ​បំផុត​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ» ​

១៦.ម៉េច​បាន​ជា​គាត់​មាន? ខ្ញុំ​អត់? ពេល​ធ្វើ​ការ អ្នក​គួរ​ផ្ដោត​លើ​ការងារ​របស់​អ្នក មិន​គួរ​ច្រណែន​​លើ​មុខតំណែង រង្វាន់ ឬ​ការ​ដំឡើង​ប្រាក់​ខែ​របស់​អ្នក​ផ្សេង​ឡើយ។ ប្រសិន​បើ​អ្នក​ធ្វើ​បាន​ល្អ​បំផុត​​ច្រើន​ជាង​បុគ្គលិក​ផ្សេង​ហើយ ប៉ុន្តែ​នៅ​តែ​ទទួល​បាន​ការ​ស្តី​បន្ទោស​ទៀត នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​ចាកចេញ ឬ​ត្រូវ​ចរចា​​ដោយ​សន្តិវិធី​ជា​មួយ​ចៅហ្វាយ​របស់​អ្នក។ ​

១៧.ការងារ​ហ្នឹង​ទៅ​មិន​រួច​ទេ! ចម្លើយ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​មួយ​របស់​ថ្នាក់​ដឹកនាំ​ចំពោះ​កូន​ចៅ គឺ​ឃ្លា​មួយ​នេះ​ហើយ។ នេះ​បង្ហាញ​ថា អ្នក​គ្មាន​សមត្ថភាព និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត។ អ្នក​ត្រូវ​សាកល្បង​ធ្វើ​វា​មិន​សិន ហើយ​រង់ចាំ​លទ្ធផល​​ទើប​ជា​ការ​ប្រសើរ​ជាង។

១៨.តើ​ខ្ញុំ​អាច​សុំ​ចេញ​ទៅ​មុន​បាន​អត់?​ ថ្ងៃ​នេះ​អត់​មាន​អី​ត្រូវ​ធ្វើ​ទេ! ការ​ចេញ​ទៅ​មុន​វា​មិន​មែន​ជា​បញ្ហា​​នោះ​ទេ។ ប៉ុន្តែ​ហាម​ដាច់ខាត​​​កុំ​ចេញ​ទៅ​មុន​ដោយសារតែ​គ្មាន​អ្វី​ធ្វើ ឬ​ការងារ​អស់​ហើយ។ ជា​ទូទៅ ចៅហ្វាយ​របស់​អ្នក​ចង់​ឃើញ​អ្នក​​ជា​បុគ្គលិក​​មាន​គំនិត​ផ្ដួចផ្ដើម​ សំបូរ​គំនិត ឬ​បង្កើត​គម្រោង​ផ្សេងៗ។ បើ​អ្នក​មិន​ពូកែ​រឿង​នេះ អ្នក​គួរ​អង្គុយ​លេង ជាជាង​យក​ភាសា​នេះ​មក​ប្រើ៕

ដោយ៖ សូរ៉ាន់ដារ

X
5s