ឈានដល់វ័យ២០ជាង គួររៀនអ្វីខ្លះ?
វ័យជាង ២០ គឺជាវ័យមួយដែលមនុស្សទូទៅមានភាពស្មុគស្មាញច្រើន ព្រោះត្រូវសិក្សារៀនសូត្រអ្វីថ្មីៗ ដើម្បីត្រៀមខ្លួនរៀបចំអាជីពការងារសម្រាប់ដំណើរជីវិតដ៏ជោគជ័យមួយនាពេលអនាគត។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗសម្រាប់បង្ហាញផ្លូវអ្នកដើម្បីដឹងថា អ្នកគួររៀនអ្វីខ្លះនៅក្នុងវ័យនេះ។
១.រៀនជំនាញលក់ ជំនាញលក់ គឺជាជំនាញមួយដែលសំខាន់ប្រសិនបើអ្នកចង់ជោគជ័យហិរញ្ញវត្ថុ។ មិនប្រកាន់ថា អ្នកជាកម្មករ និស្សិតច្បាប់ ពេទ្យ ឬ និស្សិតវិស្វកម្មនោះទេ អ្នកគួររៀនជំនាញមួយនេះឲ្យបានស្ទាត់ជំនាញ។ ជំនាញនេះគឺធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សមានសក្ដានុពល និងមានប្រៀបជាងអ្នកដទៃ ព្រោះវាត្រូវបានយកទៅប្រើនៅក្នុងវិស័យជាច្រើនដូចជា កិច្ចការជំនួញក្នុងទីផ្សារ កិច្ចប្រជុំការងារ ផ្តល់សេវាកម្មជូនអតិថិជន គ្រប់គ្រងផលិតផល អភិវឌ្ឍជំនួញ ។ល។
២. រៀនប្រឡូកក្នុងសង្គមឲ្យបានច្រើន ព្រោះតែវ័យនេះ បទពិសោធន៍របស់អ្នកនៅខ្ចី ស្គាល់សង្គមមិនទាន់ច្បាស់ ហេតុដូច្នេះហើយអ្នកត្រូវរៀនចូលប្រឡូកក្នុងសង្គមឲ្យបានច្រើន។ អ្នកអាចចាប់ផ្តើមបង្កើតទំនាក់ទំនង រៀនស្គាល់មនុស្សថ្មីៗល្អ អាក្រក់ រៀនធ្វើជំនួញតូចៗ រៀនអង្កេតពីរបៀបរស់នៅ វប្បធម៌ ចូលរួមកិច្ចការសង្គម រៀនផ្លាស់ប្ដូរបទពិសោធន៍គ្នា និងរៀនពីបញ្ហាប្រឈមនានាក្នុងជីវិតប្រចាំថ្ងៃដើម្បីយកបទពិសោធន៍។
៣.រៀនបង្កើតទំនាក់ទំនងឲ្យកាន់តែច្រើនជាមួយអ្នកជោគជ័យ អ្នកត្រូវចាំថា គ្មានអ្នកណាម្នាក់កាត់ផ្តាច់ចេញពីទំនាក់ទំនងបានឡើយ។ ដូចនេះបើអ្នកជាមនុស្សឆ្លាតចង់ជោគជ័យក្នុងអាជីពការងារនៅពេលអនាគត អ្នកគួររៀនពីមនុស្សជោគជ័យជាងអ្នកដើម្បីសុំបទពិសោធន៍ និងសុំគំនិតពីបុគ្គលទាំងនោះ។ អ្នកត្រូវដឹងថា មនុស្សជោគជ័យ នឹងធ្វើឲ្យអ្នកជោគជ័យដែរ។ អ្នកណាក៏អាចក្លាយជាមិត្តភក្ដិរបស់អ្នកបានដែរ ប៉ុន្តែរើសអ្នកជោគជ័យជាងអ្នក គឺជារឿងល្អបំផុត។
៤.រៀនពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ចំណេះដឹងបច្ចេកវិទ្យា មិនសម្រាប់តែអ្នកចាប់ជំនាញ IT តែមួយមុខនោះទេ។ ទោះអ្នករៀនច្បាប់ក្តី ទីផ្សារក្តី ធនាគារក្តី ឬ វិស័យផ្សេងៗទៀត អ្នកគួរមានចំណេះដឹងបច្ចេកវិទ្យានេះឲ្យបានច្រើន ព្រោះថា នៅសតវត្សទី២១នេះ បច្ចេកវិទ្យាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ជំនាញកុំព្យូទ័រ កាត់ត ឌីសាញ សរសេរកូដ គូរប្លង់ បណ្ដាញសង្គម ជាដើមគឺសុទ្ធតែមានប្រយោជន៍សម្រាប់អ្នកដើម្បីបំពេញឲ្យការងារប្រចាំថ្ងៃរបស់អ្នក។
៥.រៀនបង្កើតក្តីស្រលាញ់ និងស្វែងយល់ពីស្នេហា ចង់ឬមិនចង់ គ្មានអ្នកណាម្នាក់អាចគេចផុតពីរឿងនេះបានទេ។ អ្នកគូរបង្កើតក្តីស្រលាញ់ឲ្យបានច្រើនចំពោះមនុស្សជុំវិញខ្លួន និងរៀនស្វែងយល់ពីស្នេហាថា តើវាជាអ្វី? បើអ្នកជោគជ័យ នេះគឺជារឿងមួយគួរឲ្យត្រេកអរ ប៉ុន្តែបើអ្នកបរាជ័យ វាគឺជាបទពិសោធន៍សម្រាប់អ្នក។ ភាពផ្អែមល្ហែម ល្វីងជូរចត់នៅក្នុងជីវិតគូរស្រករ ក្តីស្រាលញ់ វានឹងជួយឲ្យអ្នកកាន់តែរឹងមាំដើម្បីឲ្យអ្នកសួរខ្លួនឯងថា តើគូរត្រៀមខ្លួនធ្វើអ្វីខ្លះ ឬជោគជ័យដោយរបៀបណានៅលើកក្រោយ?
៦.រៀនដើរកម្សាន្តឲ្យបានច្រើន ក្នុងវ័យនេះ អ្នកមិនគួរសម្ងំនៅតែក្នុងផ្ទះ ឬស្គាល់តែកន្លែងមួយដដែលៗនោះទេ។ អ្នកគូររៀបចំគម្រោងដំណើរកម្សាន្តទៅកន្លែងផ្សេងៗក្នុងប្រទេសឲ្យបានច្រើន ឬ បើមានលទ្ធភាពអាចដើរកម្សាន្តនៅតាមបណ្តាប្រទេសផ្សេងៗទៀតកាន់តែល្អ។ ដំណើរកម្សាន្តនេះនឹងធ្វើឲ្យអ្នកស្គាល់កន្លែងថ្មីៗ ស្គាល់មនុស្សថ្មីៗ វប្បធម៌រស់នៅ របៀបរកស៊ី ការអភិវឌ្ឍពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ និងត្រូវចេះចាប់យកឱកាសល្អណាមួយពីដំណើរកម្សាន្តនោះសម្រាប់យកមកសិក្សារៀនសូត្របន្ថែម។
៧.រៀនវិនិយោគដើម្បីជោគជ័យក្នុងអាជីពការងារ និងហិរញ្ញវត្ថុ នៅត្រង់ចំណុចនេះ អ្នកគួរទម្លាក់ទូរស័ព្ទចុះ កាត់បន្ថយការមើលទូរទស្សន៍ និងការងារផ្សេងៗដែលឥតប្រយោជន៍ហើយងាកមកចាប់អារម្មណ៍លើការអានសៀវភៅឲ្យបានច្រើន ចូលរួមសិក្ខាសាលា រៀនវគ្គបណ្តុះបណ្តាលខ្លីៗទាក់ទងជំនាញរបស់អ្នក ចូលរួមការប្រកួតប្រជែងផ្សេងៗជាដើមដែលជាប្រភពចំណេះដឹង។ នេះជាវិធីសាស្ត្រមួយដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់អ្នកឲ្យកាន់តែរីកចម្រើន។ ចំណេះដឹងរបស់អ្នកកាន់តែទូលំទូលាយ ឱកាសជោគជ័យរបស់អ្នកមានច្រើន ហើយនោះគឺការសម្រេចបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុនោះឯង៕
ប្រភព៖ businesinsider