ហេតុអ្វី​​​​អ្នក​គួរ​បង្កើត​មិត្តភាព​ជា​មួយ​​មនុស្ស​មាន​លុយ​​ជាង​អ្នក​ និង​ជោគជ័យ​ជាង​អ្នកឱ្យបានច្រើន?​



ប្រសិន​បើ​អ្នក​​កំពុង​តស៊ូ​ទៅ​នឹង​ការ​រក​ប្រាក់​ចំណូល​របស់​អ្នក ឬ ពិបាក​នៅ​ក្នុង​ការ​រក​លុយ​ឲ្យ​បាន​ច្រើន ​អ្នក​គួរ​បើក​ភ្នែក​ឲ្យ​បាន​ធំៗ​ហើយ​សំឡឹង​មើល​មនុស្ស​នៅ​ជុំវិញ​អ្នក។ នៅ​ក្នុង​ពិភព​មួយ​ដែល​ជោគជ័យ​ផ្នែក​​ហិរញ្ញវត្ថុ ​មិត្តភាព​បាន​​​រួមចំណែក​យ៉ាង​សំខាន់​មួយ​ក្នុង​កំណត់​ពី​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​របស់​អ្នក​ដែរ។ នេះ​មានន័យ​ថា បើ​អ្នក​ចូលចិត្ត​រាប់អាន​ ឬ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​បុគ្គល​​​ជោគជ័យ​ហិរញ្ញវត្ថុ អ្នក​ក៏​មាន​ឱកាស​ជោគជ័យ​ហិរញ្ញវត្ថុ​ដូច​គេ​ដែរ។

បើ​ដូច្នេះ​មែន អ្នក​គួរ​តែ​​​បំភ្លេច​ចោល​​មិត្តភក្ដិ​ចាស់ៗ​រាប់​ឆ្នាំ​​ដែល​ខ្សត់ខ្សោយ​ហិរញ្ញវត្ថុ​ដូច​អ្នក​​ ហើយ​ទៅ​រាប់​អាន​​មិត្តភក្ដិ​ថ្មីៗ​ដែល​មាន​លុយ​ច្រើន​ឬ​យ៉ាងណា? នេះ​មិនមែន​ជា​អ្វី​ដែល​អត្ថបទ​នេះ​ចង់​ឲ្យ​អ្នក​ធ្វើ​ឡើយ ហើយ​នេះ​ក៏​មិនមែន​​ចង់​ស្នើ​ឲ្យ​លោក​អ្នក​គួរ​​រាប់អាន​អ្នកណា​ម្នាក់​ដោយ​​គិតតែ​ពី​សម្លឹង​​មើល​​ទឹកលុយ​របស់​គេ​​ជា​ធំ​​​​នោះ​ដែរ។

យ៉ាងណាមិញ អត្ថបទ​នេះ​ចង់​បង្ហាញ​អ្នក​ឲ្យ​បាន​ស្វែង​យល់​​ថា តើ​ការ​​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​អ្នក​​ជា​មួយ​មនុស្ស​​ជោគជ័យ​ហិរញ្ញវត្ថុ​​មាន​ឥទ្ធិពល​យ៉ាង​ណា​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក? គោលការណ៍​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរ​ដឹង​នៅ​ពេល​នេះ​គឺ​ថា បើ​អ្នក​ចង់​​មាន​លុយ​បន្ថែម អ្នក​គួរ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន និង​រាប់អាន​មនុស្ស​​​ដែល​មាន​លុយ​ច្រើន​ ឬ ជោគជ័យ​ជាង​អ្នក។

ហេតុអ្វី​អ្នក​ត្រូវ​ធ្វើ​ដូច្នេះ? ចម្លើយ​នោះ​គឺ​ថា អ្នក​​​ជោគជ័យ​​គឺ​ជា​បុគ្គល​ដែល​មាន​សក្ដានុពល​ខ្លាំង។ មនុស្ស​មាន​សក្ដានុពល​​នឹង​ជួយ​អូសទាញ​អ្នក​ឲ្យ​​​ទទួល​បាន​គំនិត​ថ្មីៗ ហើយ​គំនិត​ថ្មីៗ​នឹង​ជួយ​ឲ្យ​អ្នក​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន។ នៅ​ពេល​​នេះ​ហើយ​ដែល​អ្នក​ចាប់​ផ្តើម​ក្លាយ​ជា​មនុស្ស​ថ្មី​​ជោគជ័យ​ដូច​បុគ្គល​​ទាំង​នោះ​ដែរ។

នេះ​​ជា​មូលហេតុ​​​ដែល​​ក្នុង​សង្គម​នីមួយៗ អ្នក​សង្កេត​ឃើញ​ថា អ្នក​មាន​ចូលចិត្ត​រាប់​អាន​អ្នក​មាន​ដូចគ្នា​ អ្នក​ជោគជ័យ​ចូលចិត្ត​រាប់​អាន​អ្នក​ជោគជ័យ​ដូចគ្នា សិស្ស​ពូកែ ចូលចិត្ត​​រាប់​អាន​សិស្ស​ពូកែ​ដូចគ្នា​ក៏​ដូច​ជា​អ្នក​ជំនួញ​ចូល​ចិត្ត​ធ្វើ​ជំនួញ​ជា​មួយ​អ្នក​ជំនួញ​ដូច​គ្នា​ដែរ។ នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង អ្នក​នឹង​​​អាច​ស្វែង​យល់​បាន​ថា អ្នក​មាន​ដូច​ជា​សេដ្ឋី​ (Millionaire) ជា​ដើម ​ទស្សនៈ​របស់​ពួកគេ​​​​អំពី​លុយកាក់​គឺ​ពិត​ជា​​​ខុសស្រឡះ​ពី​គំនិត​​​អ្នក​ក្រ និង​មនុស្ស​វណ្ណៈ​​​។ ប៉ុន្តែ​ក្រុម​សេដ្ឋី​ទាំង​នោះ​នៅ​តែ​យល់​ថា ពួកគេ​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​ម្នាក់​ដែល​​​គិត​មិន​ចេញ​ថា តើ​អាច​ក្លាយ​ជា​​មហាសេដ្ឋី (Billionaire)​ដោយ​របៀបណា? ការពិត​គឺ​នៅ​ត្រង់​ថា បើ​សេដ្ឋី​​ទាំង​នោះ​ដឹង​ពី​របៀប​ក្លាយ​ជា​មហាសេដ្ឋី​នោះ ​ពួកគេច្បាស់​ជា​ក្លាយ​ជា​មហាសេដ្ឋី​បាត់​ទៅ​ហើយ។

រឿង​អី​ដែល​ពួកគេ​មាន​ឈ្មោះ​ត្រឹមតែ​ជា​សេដ្ឋី​នោះ។ ដូច្នេះ​ហើយ​ទើប​ក្រុម​សេដ្ឋី​ចូលចិត្ត​ទៅ​កៀក​ក្រុម​មហាសេដ្ឋី​ដើម្បី​​សុំ​រៀនសូត្រ​ពី​មនុស្ស​ដែល​ជោគជ័យ​ជាង​ខ្លួន។ ភាព​ខុសគ្នា​មួយ​​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​របស់​មនុស្ស​ធម្មតា និង​អ្នក​មាន​នោះ​គឺ​ថា មនុស្ស​ធម្មតា​ចង់​​ជួប​​សេដ្ឋី​​ល្បីៗ​​ដើម្បី​យក​ទៅ​អួត​មិត្តភក្ដិ និង​មនុស្ស​ផ្សេង​ទៀត ខណៈ​ដែល​​អ្នក​មាន​​ចង់​ជួប​អ្នក​មាន​លុយ​ច្រើន​ជាង​ខ្លួន​ដើម្បី​សុំ​​ចំណេះ​​ពី​បុគ្គល​ទាំង​នោះ។ សេដ្ឋី​ចង់​ជួប​មហាសេដ្ឋី​គឺ​ដើម្បី​ចង់​ដឹង​ថា តើ​ក្រុម​មហាសេដ្ឋី​មាន​គំនិត​បែប​ណា?

ឥឡូវ​ត្រឡប់​មក​មើល​ខ្លួន​អ្នក​វិញ! តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ​ថា នៅ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​អ្នក តើ​អ្នក​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ជោគជ័យ​ ឬ ​បុគ្គល​ជោគជ័យ​ហិរញ្ញវត្ថុ​​ហើយ​ឬ​នៅ? បើ​មាន តើ​មាន​ប៉ុន្មាន​​នាក់? បើ​ចម្លើយ​ឆ្លើយ​ថា មិន​ទាន់​មាន​ទេ​នោះ សូម​ដាក់​​គោលដៅ​មួយ​ឡើង​​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​បញ្ជ្រាប​ខ្លួន​​បង្កើត​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​ជាង​អ្នក។ ​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ការ​ប្រែប្រួល​​នៅ​ពេល​ខាងមុខ៕

ដោយ៖ សារ៉ាន់ដារ

X
5s