តើមានអ្វីខ្លះដែលអ្នកត្រូវត្រៀមខ្លួន ឬកែប្រែ ដើម្បីតាមឱ្យទាន់បដិវត្តន៍ឧស្សាហកម្មទី ៤ នេះ?
បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងតែក្លាយជាប្រធានបទដែលទាក់ទាញចំនាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាមិនថាជាអ្នកប្រាជ្ញវិទូ អ្នករៀបចំគោលនយោបាយ អ្នកសេដ្ឋកិច្ច បញ្ហាជន និងនិស្សិត។ ជាទូទៅ ឱ្យតែពាក្យថា "បដិវត្តន៍" គឺតែងតែមានលាយលំជាមួយនឹងការផ្លាស់ប្តូរបរិបទមួយចំនួនពីចាស់មកថ្មី ដូច្នេះហើយប្រសិនជាអ្នកបទបែនមិនបានល្អនោះ បដិវត្តន៍មួយនឹងអាចធ្វើឱ្យអ្នកបាត់បង់ឱកាសយ៉ាងច្រើន។
គ្នាជាមួយនឹងបដិវត្តឧស្សាហកម្មនេះដែរ ដែលនឹងត្រូវមានរបកគំហើយថ្មីៗជាច្រើនបូកបញ្ចូលនឹងអ្វីដែលយើងមានស្រាប់ ពោលគឺស្ទើរតែគ្រប់វិស័យមិនថាវិស័យសេដ្ឋកិច្ច ធុរកិច្ច ធនាគារ ទេសចរណ៍ ទីផ្សារការងារ សំណង់ឬក៏ការរស់នៅប្រចាំថ្ងៃនោះទេ សុទ្ធតែមានវត្តមាននៃបច្ចេកវិទ្យាវ័យឆ្លាតដូចជា បញ្ញាសប្បនិម្មិត ឬអ៊ឺនធឺណែតបូកបញ្ចូលគ្នាមកជាមួយ។ សម្រាប់មនុស្សភាគច្រើន ទីផ្សារការងារអាចជាផលប៉ះពាល់មួយដ៏ធំ ប្រសិនជាអ្នកមិនអាចសម្របខ្លួន រឺមានចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើការជាមួយនឹងបច្ចេកវិទ្យាថ្មីៗនោះទេ។ សព្វថ្ងៃស្ទើរតែការងារគ្រប់ប្រភេទ គឺតម្រូវឱ្យមានការប្រើប្រាស់កុំព្យូទ័រ រឺអ៊ឺនធឺណែតជាដើមដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាព។
សម្រាប់អ្នកដែលមិនសូវមានជំនាញខាងនេះ ច្រើនតែត្រូវបានគេបដិសេដ ក្នុងការផ្តល់ការងារឳ្យធ្វើ ព្រោះពួកគេមិនសូវមានផលិតភាពគ្រប់គ្រាន់សម្រាប់បំពេញតួនាទីដែលគេត្រូវការនោះទេ។ ប៉ុន្តែត្រឹមតែប៉ិននេះមិនទាន់គ្រប់គ្រាន់អស់នោះទេ ពោលគឺថាជាមួយនឹងវត្តមានរបស់បដិវត្តឧស្សាហកម្មទី៤ ដែលមានល្បឿនចូលមកក្នុងកិច្ចការងារប្រចាំថ្ងៃរបស់មនុស្សកាន់តែលឿនបែបនេះ បែបផែន និងតម្រូវការការងារនឹងកាន់តែមានភាពសម្បូរបែប និងតម្រូវការកាន់តែច្រើនពីបុគ្គលិក។
តួយ៉ាងតាមការប្រមើលមើលពីអង្គការ បានបង្ហាញថា ដើម្បីអាចដើរទាន់ជាមួយនឹងតម្រូវការទីផ្សារការងារនៅក្នុងពេលឆាប់ៗខាងមុខនេះ បុគ្គលិកនីមួយៗត្រូវមានជំនាញខាងនេះ៖
១. ជំនាញដោះស្រាយបញ្ហាដែលស៊ាំញ៉ាំ
២. ជំនាញគិតគូរត្រិះរិះ ឬគិតស៊ីជម្រៅ (Critical thinking)
៣. ការច្នៃប្រឌិត
៤. គ្រប់គ្រងបុគ្គលិក
៥. ជំនាញសម្របសម្រួល
៦. បញ្ហាស្មារតី
៧. ជំនាញនិច្ឆ័យ និងជំនាញសម្រេចចិត្ត
៨. ផ្តោតសំខាន់លើការផ្តល់សេវាកម្មល្អ
៩. ជំនាញចរចារពិភាក្សា (ភាសាជាផ្នែកមួយយ៉ាងសំខាន់)
១០. ការបត់បែនបានតាមកាលៈទេសៈ ដោយសារតែអ្នកត្រូវធ្វើការជាមួយនឹងបច្ចេកវិទ្យាច្រើន ដូច្នេះបញ្ហាដែលអាចកើតមានឡើងនឹងរឹតតែមានភាពស៊ាំញ៉ាំ ពិបាកក្នុងការដោះស្រាយ ដូច្នេះហើយអ្នកត្រូវតែពង្រឹងចំនេះដឹងរបស់ខ្លួនឳ្យបានកាន់តែខ្លាំងដើម្បអោយខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហា។
ម្យ៉ាងវិញទៀត ជំនាញទាំង១០ដែលរៀបរាប់ខាងលើនេះគឺសុទ្ធតែជាជំនាញដែលបញ្ហាសប្បនិម្មិត រឺប្រព័ន្ធកុំព្យូទ័រទាំងនោះមិនអាចធ្វើបាន ដូច្នេះហើយទើបបានជាប្រសិនអ្នកមានជំនាញទាំងនេះ អ្នកនឹងអាចមានទីផ្សារការងារខ្ពស់ជាក់ជាមិនខាន៕
ដោយ៖ វត្តី សុត្ថា